COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA ផ្អាក Champions League និងពន្យារពេលប្រកួតអន្តរជាតិទាំងអស់
× សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១ ខែមេសា បញ្ជាឲ្យផ្អាករាល់ការប្រកួតក្នុងក្របខណ្ឌ Champions League និង Europa League រហូតដល់មានការជូនដំណឹងបន្ថែមទៀត ដោយសារការរីករាលដាលនៃជំងឺ COVID-19។ ដោយឡែករាល់ការប្រកួតរបស់ក្រុមជម្រើសជាតិដែលគ្រោងធ្វើនៅខែមិថុនា និងជម្រុះ Euro 2020 ត្រូវពន្យារពេល។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីការប្រជុំគ្នាតាមរយៈវីដេអូអនឡាញរវាងលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ទាំង ៥៥ របស់អឺរ៉ុប ដែលជាសមាជិករបស់ UEFA នាថ្ងៃទី១ ខែមេសា។
«រាល់ការប្រកួតទាំងអស់របស់ UEFA រួមទាំងការប្រកួតមិត្តភាពអន្តរជាតិត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងជាថ្មីទៀត»។ នេះជាសេចក្តីថ្លែងការណ៍ដែលចេញដោយ UEFA។
ស្របពេលគ្នានេះ ការប្រកួតជម្រុះ Euro ឆ្នាំ ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ និងទី៣១ ខែមីនា ហើយត្រូវបានប្រកាសឲ្យពន្យារទៅធ្វើនៅថ្ងៃទី៤ និងទី៩ ខែមិថុនានោះ នៅតែត្រូវបានពន្យារបន្តទៀត ដោយមិនទាន់បានកំណត់ថ្ងៃឡើយ។
ដោយសារតែវិបត្តិ COVID-19 ព្រឹត្តិការណ៍កីឡាធំៗស្ទើទាំងអស់ទៅហើយនៅជុំវិញពិភពលោកត្រូវផ្អាក និងពន្យារពេលប្រកួត។ កីឡាអូឡាពិកក្រុងតូក្យូឆ្នាំ២០២០ ក៏ត្រូវលើកទៅឆ្នាំក្រោយផងដែរ។
មកទល់ពេលនេះ ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី បានសម្លាប់មនុស្សទូទាំងសកលលោកប្រមាណជាង៤៧០០០នាក់ ឆ្លងជាង៩ម៉ឺនករណី និងសះស្បើយជិត២សែនករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com