ភ្នំពេញ៖ ការរីករាលដាលនៃមេរោគកូវីដ-១៩(COVID-19) នៅកម្ពុជា បានធ្វើឲ្យអ្នកប្រកបមុខនិងអាជីវកម្មខ្នាតតូចៗឬរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈគ្រួសារ ជាលក្ខណៈរកស៊ីខ្លួនឯង កំពុងបាត់ចំណូលស្ទើទាំងស្រុង។ ស្របពេលដែលក្រុមអ្នកមានរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបាត់ប្រភពចំណូលនោះ ក្រុមទាំងនោះក៏ប្រឈមខ្លាំងនូវការដាច់ស្បៀងអាហារប្រចាំថ្ងៃ ហើយថែមទាំងគ្មានលទ្ធភាពពេញលេញក្នុងការការពារខ្លួន និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ-១៩ ផងដែរ។ មិនតែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងការធ្លាក់ចុះមកត្រឹមជាង៣ភាគរយ។
ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចប្រទេសនានាជុំវិញពិភពលោក កំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ-១៩ ក្រុមទាំងនោះ មានអ្នករត់ឡានឈ្នួល អ្នករត់ម៉ូតូកង់បី រត់ម៉ូតូឌុប និងអ្នកកាត់សក់ជាដើម បានបង្ខំចិត្តផ្អាកមុខរបរប្រចាំថ្ងៃរបស់ខ្លួន ព្រោះតែឥទ្ធិពលនៃការឆ្លងមេរោគនេះ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ បាត់ចំណូលដោយសារតែអាជីវកម្មគ្មានអតិថិជនគាំទ្រ។
កញ្ញា ម៉ានី ជាអ្នករត់ម៉ូតូកង់បី កំពុងប្រឈមខ្លាំងនៃកត្តាជីវភាពប្រចាំថ្ងៃដោយសារមេរោគកូវីដ-១៩។ បច្ចុប្បន្ន ម៉ានី បានក្លាយជាមនុស្សគ្មានចំណូលដោយសារតែកញ្ញាផ្អាកមុខរបររបស់ខ្លួនបណ្តោះអាសន្ន ព្រោះកញ្ញាខ្លាចឆ្លងមេរោគនេះ ពីអ្នកដំណើរណាម្នាក់ដោយមិនដឹងខ្លួន។
មុនកញ្ញា ម៉ានី មិនទាន់ផ្អាកដំណើរមុខរបរនេះ នាងអាចមានលទ្ធភាពរកចំណូលជាមធ្យមបានត្រឹម១ទៅ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះតាមរយៈមុខរបរមួយនេះ ម៉ានី គ្មានសេសសល់ប្រាក់បម្រុងទុក សម្រាប់ចាយពេលផ្អាកការរកស៊ីឡើយ។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ពីរបររត់ម៉ូតូកង់បី មុនពេលដែលកញ្ញាសម្រេចចិត្តផ្អាកដូច្នេះថា៖«ក្នុងមួយសប្តាហ៍ រកប្រាក់បានតែ២ឬ៣ថ្ងៃប៉ុណ្ណោះ ដោយថ្ងៃខ្លះបាន១ម៉ឺនរៀល ថ្ងៃខ្លះរកបាន៤ម៉ឺនរៀល ព្រោះតែកញ្ញាផ្តោតលើការជួយសង្គម។ ចំពោះអ្នកជំងឺ ព្រះសង្ឃ លោកតាលោកយាយដែលទៅវត្ត និងមនុស្សចាស់ជរា... គឺខ្ញុំដឹកមិនយកប្រាក់ពីគាត់ឡើយ»។
ជាអ្នកប្រកបមុខរបររកចំណូលបានមួយថ្ងៃសម្រាប់តែរស់មួយថ្ងៃ កញ្ញា ម៉ានី គ្មានសេសសល់ប្រាក់អ្វីសម្រាប់ចំណាយប្រចាំលើអាហារបីពេល បង់ថ្លៃទឹក និងបន្ទប់ជួលប្រចាំនោះទេ ។ ម៉ានី មានតែសម្រេចចិត្តខ្ចីប្រាក់ពីម្តាយ មិត្តភក្តិ និងសុំម្ចាស់ផ្ទះពន្យារបង់ថ្លៃបន្ទប់ស្នាក់នៅ ដើម្បីដោះទាល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងគ្រាប្រទេសជាតិ ក៏ដូចប្រទេសនានាក្នុងពិភពលោកកំពុងជួបវិបត្តិនៃមេរោគកូវីដ១៩នេះ។
រីឯ អ្នកស្រី រស់ សុផា នៅតែបន្តមុខរបររបស់ខ្លួន បើទោះបីមិនចំណេញឬចំណេញតិចតួចក៏ដោយ អ្នកស្រីនៅតែបន្តលក់ដូរ ដើម្បីយកប្រាក់ទិញអង្ករ និងសម្ភារចំបាច់មួយចំនួនដូចជាអាល់កុល និងសាប៊ូជាដើមដើម្បីសម្លាប់មេរោកូវីដ-១៩។ អ្នកស្រី សុផា ប្រកបមុខរបរ ប្រហិត និងពងទាកូន ដោយដើរលក់ចល័ត នៅម្តុំផ្សារទួលទំពូង។ អ្នកស្រីបាននិយាយថា៖«រាល់ថ្ងៃខ្ញុំដើរលក់ ទាំងភ័យខ្លាចឆ្លងអាកូរ៉ូណា(កូវីដ-១៩)។ តែបើខ្ញុំមិនលក់! តើបានលុយឯណាទិញអង្ករ ទិញមី ហូបពីរនាក់តាយាយ? បើខ្ញុំមិនខំរក មានតែនៅចាំដេកសា្លប់»។
ក្រៅពីអ្នកប្រកបមុខរបរខាងលើនេះ នៅមានអ្នកប្រកបរបរនានាជាច្រើនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងជួបវិបត្តិអត់ស្បៀងអាហារប្រចាំថ្ងៃ ដោយសារតែឥទ្ធិពលមេរោគកូវីដ-១៩។
ភាពអូសបន្លាយមិនច្បាស់លាស់នៃការឆ្លងរាលដាលមេរោគកូវីដ-១៩ បានធ្វើឲ្យអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បាត់បង់ចំណូលស្ទើទាំងស្រុង ហើយប្រឈមនឹងការដាច់ស្បៀងអាហារប្រចាំថ្ងៃ។ នេះជាការលើកឡើងរបស់លោក វន់ ពៅ ប្រធានសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលោកបានបន្តថា ប្រសិនការឆ្លងមេរោគកូវីដ-១៩ នៅតែបន្តអូសបន្លាយដល់ត្រីមាសទី២នៃឆ្នាំ២០២០ ឬលើសពីនេះ ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចប្រព័ន្ធ នឹងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេ គ្មានសម្ភារ ឬឧបករណ៍ការពារខ្លួនពេញលេញ ពីការឆ្លងមេរោគកូវីដ-១៩។
លោក វន់ ពៅ បាននិយាយប្រាក់សារព័ត៌មានថ្មីៗ(ThmeyThmey)ដូច្នេះ៖«ប្រសិនបើមេរោគកូវីដ-១៩នៅតែបន្តរាលដាលនៅកម្ពុជាយើង ក្នុងរយៈពេលណាមួយទៀត វានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំង។ ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាវិស័យមួយដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិកើន តាមរយៈការរួមចំណែកពីកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ»។
បើតាមលោក វន់ ពៅ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា មានពី៧៥ទៅ៨០ភាគរយ ដែលមានអ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ក តាក់ស៊ី ជាងកាត់សក់ អាជីវករលក់ដូរតាមដងផ្លូវ-តាមផ្សារ រួមទាំងកម្មករនានាជាដើម ។ ពួកគេអាចរកចំណូលបានជាមធ្យម១៥ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែក្រោយមានការឈានចូលកម្ពុជានៃមេរោគកូវីដ-១៩ ក្រុមទាំងនោះមានអ្នកខ្លះផ្អាកមុខរបររបស់ខ្លួនដោយសារតែគ្មានអតិថិជនគាំទ្រ អ្នកខ្លះនៅតែបន្តមុខរបររបស់ទាំងការភ័យខ្លាចនៃមេរោគនេះ ហើយថែមទាំងទទួលបានចំណូលត្រឹម១ម៉ឺនរៀល(២,៥ដុល្លារ) ខណៈដែលក្រុមទាំងនោះ មានជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុនានា។
កន្លងមកធនាគារជាតិ បានណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ «រៀបចំឥណទានឡើងវិញ» ដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋ ។ សេចក្តីណែនាំរបស់ធនាគារជាតិនេះ ធ្វើឡើងក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់គ្រឹះសា្ថនហិរញវត្ថុឲ្យបញ្ចុះការប្រាក់ ឬពន្យារពេលសង់ដល់កូនបំណុល។ តែការជួយសម្រួលនេះ មិនទាន់គ្រប់គ្រាន់ទេ។ នេះជាការលើកឡើងរបស់លោក វន់ ពៅ។
ប្រធានសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានបញ្ជាក់ដូច្នេះថា៖« បន្ថែមលើការជួយសម្រួលផ្នែកបំណុលរបស់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់នូវស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃ និងផ្តល់នូវសម្ភារនានា ការពារ ការឆ្លងមេរោគកូវីដ-១៩»។
បើតាមលោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចជាតិ វិបត្តិនៃមេរោគកូវីដ-១៩ បានធ្វើឲ្យកម្ពុជា បាត់បង់សកម្មភាពសេដ្ឋកិច្ចជាង៦០ភាគរយនៅក្នុងត្រីមាសទីមួយ ហើយនឹងបន្តបន្លាយដល់ត្រីមាសទីពីរ នៃឆ្នាំ២០២០។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បន្តប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា ភាពអូសបន្លាយនៃឥទ្ធិពលមេរោគកូវីដ-១៩ ដល់ត្រីមាសទីពីរឬបន្តលើសពីនេះ នឹងធ្វើឲ្យកម្ពុជា ធ្លាក់កំណើនសេដ្ឋកិច្ចពី៧ភាគរយ(ឆ្នាំ២០១៩) មកនៅត្រឹមជាង៣ភាគរយប៉ុណ្ណោះ។
«ដោយសារតែវិបត្តិមេរោគកូវីដ-១៩ កម្ពុជាអាចមានកំណើនសេដ្ឋកិច្ចនៅត្រឹម៣,៤ភាគរយ ក្នុងឆ្នាំ២០២០»។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ ។
តែយ៉ាងអ្នកជំនាញសេដ្ឋកិច្ចរូបនេះ មិនទាន់អាចវាយតម្លៃពីតួលេខនៃទំហំទឹកប្រាក់មួយណាច្បាស់លាស់អំពីការខាងបង់ ឬបាត់បង់ឱកាសសេដ្ឋកិច្ចជាតិក្នុងវិបត្តិនេះឡើយ។
កាលពីដើមខែមីនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍអាស៊ី(ADB) បានព្យាករណ៍ថាកម្ពុជាអាចនឹងខាតបង់សេដ្ឋកិច្ច ដោយគិតជាទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ-១៩នៅប្រទេសចិន ហើយបន្តឆ្លងរាលដាលជុំវិញពិភពលោកនេះ។ បើតាមទិន្នន័យរបស់ADB ការខាតបង់នៃសេដ្ឋកិច្ចកម្ពុជានេះ គឺមានទំហំតូចជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។
ADB បានបញ្ជាក់ថា ការខាតបង់សេដ្ឋកិច្ចនៅឆ្នាំ២០២០នេះ មិនមែនកើតឡើងតែកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាននោះទេ ពោលគឺបណ្តាប្រទេសស្ទើទាំងអស់លើពិភពលោកសុទ្ធតែជួបនឹងវិបត្តិសេដ្ឋកិច្ចដូចគ្នា ដោយសារតែមេរោគកូវីដ-១៩៕