COVID-19
អន្តរជាតិ
កងទ័ពជើងទឹក​អាមេរិក ជម្លៀស​នាវិក​ចេញពី​នាវាចម្បាំង​ដែលមាន​យោធា​ផ្ទុក COVID-19
02, Apr 2020 , 9:59 pm        
រូបភាព
ដោយ:
​កងទ័ពជើងទឹក​អាមេរិក កំពុង​រៀបចំ​ជម្លៀស​នាវិក​រាប់ពាន់នាក់ នៅលើ​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ USS Theodore Roosevelt នៅ​កោះ​ហ្គា​ម​( Guam ) បន្ទាប់ពី​ទទួលបាន​បាន​ព្រមាន​ពី​ការ​គម្រាមកំហែង​ដល់​ជិវិត​របស់​នាវិក​ឯទៀត​។ នៅលើ​នាវា​នេះ មាន​យោធា​ផ្ទុក COVID-19 ។

 
​បន្ទាប់ពី​មាន​អ្នក​ឆ្លង​ជំងឺ COVID-19​រាប់សិប​នាក់មក មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពជើងទឹក​អាមេរិក​កំពុង​ប្រញាប់ប្រញាល់​រៀបចំ​សណ្ឋាគារ​នៅលើ​កោះ​ហ្គា​ម​ដើម្បី​ជម្លៀស​នាវិក​ជាង ៤​ពាន់​នាក់​ចេញពី​នាវា USS Theodore Roosevelt និង​រៀបចំ​ក្រុម​តូច​មួយ​ដើម្បី​ឲ្យ​នាវា​បន្ត​ដំណើរការ​។ 
 
​ចំពោះ​បញ្ហា​នេះ មន្ត្រី​នៅ​មន្ទីរ​បញ្ជ​កោណ​ទទួលស្គាល់ថា ស្ថានការណ៍​នៅលើ​នាវា Theodore Roosevelt ជា​បញ្ហា​ប្រឈម​ក្នុងការ​ប្រុងប្រៀប​របស់​កងទ័ព ដោយ​កត់សម្គាល់ថា កងការពារ​ជាតិ​នៅ​ទូទាំង​ពិភពលោក​ប្រឈម​ទៅនឹង​ជំងឺ​រាម​ត្បា​ត​នេះ​ដូចគ្នា​។​
 
«​ផែនការ​នៅពេលនេះ គឺ​ត្រូវ​ជម្លៀស​មនុស្ស​ចេញពី​នាវា​ឲ្យ​កាន់តែច្រើន តាមតែ​អាចធ្វើ​ទៅបាន និង​ទុក​មនុស្ស​មួយក្រុម​តូច​ឲ្យ​ប្រចាំការ​នៅលើ​នាវា​ដើម្បី​រក្សា​ប្រតិបត្តិការ​»​។ នេះ​ជាការ​លើកឡើង​របស់ ឧ​ត្ត​មនា​វី​ទោ John Menoni  និង​មេបញ្ជាការ​តំបន់ Marianas ប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​កោះ​ហ្គា​ម​កាលពី​ថ្ងៃទី​១ ខែមេសា​។​
 
​កាលពីដើម​សប្តាហ៍​នេះ មន្ត្រី​លើ​នាវា​នេះ បាន​ប្រាប់​មន្ទីរ​បញ្ច​កោណ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​មិនអាច​គ្រប់គ្រង​បាន នឹង​បាន​ស្នើសុំ​ជំនួយ​បន្ទាន់​ដើម្បី​ដាក់​នាវិក​របស់ខ្លួន​ឲ្យ​នៅ​ដាច់​ពី​គេ​។​
​ក្នុង​សំបុត្រ​ទៅកាន់​ថ្នាក់លើ លោក  Brett Crozier បាន​លើកឡើងថា​៖ « ការឆ្លង​ជំងឺ​កំពុង​បន្ត និង​បន្ថែម​ល្បឿន​»​។ លោក​ន្ថែ​ម​ទៀតថា ការជម្លៀស​មួយ​ភាគ​ធំ​ចេញពី​នាវា និង​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​២​សប្តាហ៍​មិនមែនជា​បេសកកម្ម​ធម្មតា​ទេ​។ តែ​ជា​គ្រោះថ្នាក់​ដែល​ចាំបាច់​នឹង​ប្រឈម​។​
 
​ខណៈ​ពេលនេះ​នាវិក​ទាំងអស់ កំពុង​រងចាំ​ការមកដល់​របស​កង​ម៉ា​រី​ន​ពិសេស​ចំនួន​៤០​នាក់ ដែលមាន​ជំនួញ​ខាង​សុខាភិបាល ដើម្បី​ធ្វើតេស្ត ហើយ​នាវិក​ដែលមាន​សុខភាព​ល្អ​ទើប​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​បន្ទាយ​នៅលើ​កោះ​ហ្គា​ម​។ 
 
​លោក Crozier មិនបាន​ប្រាប់​ពី​ចំនួន​នាវិក​ដែល​ឆ្លង​COVID-19​ទេ ខណៈ​កងទ័ពជើងទឹក​ក៏​មិនអាច​ផ្តល់​ទិន្ន័យ​បានដែរ​ក្រោម​ហេតុផល​សន្តិសុខ​។​ប៉ុន្តែ​ប្រភព​ក្រៅផ្លូវការ ពី​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​មាន​ចំនួន​ក្រោម​១០០​នាក់​។ 
 
​យោងតាម​មន្ទីរ​បញ្ជ​កោណ មកទល់ពេលនេះ មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ចំនួន ១៤០០ នាក់​បាន​ឆ្លង​ជំងឺ COVID-19 ក្នុងនោះ​មាន ៧៧១ នាក់​ជា​កងទ័ព​។​
 
​គូរ​បញ្ជាក់​ផងដែរ​ថា នាវា​ផ្ទុក​យន្តហោះ​USS Theodore Roosevelt បាន​ចូល​ចត​ក្នុង​កំពង់ផែ​កោះ​ហ្គា​ម​តាំងតែ​ពីថ្ងៃ​ទី​២៨ ខែមីនា មកម្ល៉េះ​។ នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ដែល​កំពុង​ស្ថិតក្នុង​កំពង់ផែ​ប្រទេស​ជប៉ុន ក៏មាន​ការឆ្លង​ជំងឺ COVID-19 លើ​នាវា​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com