COVID-19
ជាតិ
កងទ័ព​មួក​ខៀវ​ជាង​៧០០​នាក់​នៅក្រៅ​ប្រទេស មិនមាន​អ្នក​ឆ្លង COVID-19 ទេ​
02, Apr 2020 , 9:39 pm        
រូបភាព
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពាតិ ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាព និងទិសដៅបន្តរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២ មេសា នាទីស្តីការគណៈរដ្ឋមន្រ្តី (រូបពីក្រុមអ្នកនាំពាក្យរដ្ឋាភិបាល)
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពាតិ ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាព និងទិសដៅបន្តរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២ មេសា នាទីស្តីការគណៈរដ្ឋមន្រ្តី (រូបពីក្រុមអ្នកនាំពាក្យរដ្ឋាភិបាល)
​ភ្នំពេញ​៖ កងកម្លាំង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅក្រៅ​ប្រទេស មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅក្នុង​សន្និសីទកាសែត ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ដ​របស់​ក្រសួង នៅ​ថ្ងៃទី​២ ខែមេសា ។​


 
​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ស្ថានភាព​បំពេញការងារ​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា ជាង​៧០០​នាក់​នោះ នៅ​ប្រក្រតី​ធម្មតា ដោយ​មិនទាន់មាន​ដំណឹង​អវិជ្ជមាន​អ្វី​លើ​ពួកគេ ទាក់ទង​នឹង​ការឆ្លង​COVID-19 នៅឡើយ​ទេ​។ «​ចំពោះ​បញ្ហា​កូ​វីដ ទាក់ទង​នឹង​កម្លាំង​នៅក្រៅ​ប្រទេស គឺ​អត់​ទាន់​មាន​ដំណឹង​អ្វី​ទេ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈុំ សុជាតិ ដែល​បាន​បន្ថែមថា វា​ជា​ព័ត៌មាន​ល្អ​សម្រាប់​កងទ័ព​កម្ពុជា​។​



 
​បើតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូបនេះ កងកម្លាំង​កម្ពុជា កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ចំនួន​៨ ក្នុងនោះ​រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ 
 
​ចំពោះ​គម្រោង​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ក្រៅប្រទេស នាពេលខាងមុខ​នេះ​វិញ មិនទាន់មាន​ការលុបចោល​នោះទេ ពោលគឺ​រង់ចាំ​មើល​សភា​ព​ការណ៍​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​COVID-19 នេះ​សិន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈុំ សុជាតិ​។​
 
​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ទៅ​ក្រៅប្រទេស​ជាង​៦​ពាន់​នាក់​ហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ បេសកកម្ម​កងទ័ព​មួក​ខៀវ​កម្ពុជា ភាគច្រើន​គឺ​បម្រើ​ការងារ​ជា​កងវិស្វកម្ម​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ការ​សាង​ផ្លូវ ,​ជួយ​បោះបង្គោល​ព្រំដែន និង​ផ្នែក​សុខាភិបាល​ជាដើម ៕

Tag:
 ឈុំ សុជាតិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com