COVID-19
ជាតិ
សេដ្ឋកិច្ច
សមាគម​រោងចក្រ​កម្ពុជា សុំ​ឲ្យ​អ្នកបញ្ជា​ទិញ បន្ត​ទិញ ដើម្បី​អាច​ផ្តល់​ការងារ​ដល់ក​ម្មករ​៧៥​ម៉ឺន​នាក់
02, Apr 2020 , 4:53 pm        
រូបភាព
កម្មការិនី ចេញមកទិញអាហារ នៅមុខរោងចក្រខ្លួន នៅរាជធានីភ្នំពេញ (រូបពី AFP)
កម្មការិនី ចេញមកទិញអាហារ នៅមុខរោងចក្រខ្លួន នៅរាជធានីភ្នំពេញ (រូបពី AFP)
ដោយ: ថ្មីៗ
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ទិញ ហើយ​បំពេញ​កាតព្វកិច្ច​ខ្លួន ដោយ​ទទួលយក​ការដឹក​ទំនិញ និង​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​កម្ពុជា ដែល​បាន​ផលិត​រួចហើយ និង​ទំនិញ ដែល​កំពុង​ផលិត​។​


 
​តាមរយៈ​លិខិត​ចំហ ជូន​ចំពោះ​គ្រប់​អ្នកបញ្ជា​ទិញ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ សមាគម​រោងច​ក្រ អះអាងថា ការបន្ត​ទិញ​នេះ គឺ​ធ្វើ​ឲ្យ​កម្ពុជា អាច​បន្ត​ផ្តល់​ការងារ​ដល់ក​ម្មករ​-​កម្មការិនី​៧៥​ម៉ឺន​នាក់ និង​មានលទ្ធភាព បើកប្រាក់​ឈ្នួល​ជូន​កម្មករ​-​កម្ម​រិ​នី និង​ធានា​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​។ 
 
​សមាគម​រោងចក្រ ទទូច​ដូច្នេះ​ថា​៖«​សូម​អំពាវនាវ​ដល់​អ្ន​ក​បញ្ជា​ទិញ​ទាំងអស់ មេត្តា​រក្សា​ការទទួលខុសត្រូវ ចំពោះ​អ្នកផ្គត់ផ្គង់​និង​កម្មករ ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​របស់​យើង​។ តាមរយៈ​ការរួម​គ្នា ប្រាកដ​ណាស់ យើង អាច​ពុះពារ​ឈ្នះ​ជំងឺឆ្លង​រាលដាល​ជា​សាកល​នេះ ហើយ​អាច​ការពារ​ជីវិត​របស់​កម្មករ​យើង និង​គ្រួសារ​របស់​ពួកគេ ហើយ​ធានា​ដល់​ការរស់រាន​នៃ​អាជីវកម្ម​របស់​យើង​»​។ 
 
​សមាគម​រោងចក្រ បន្តថា​៖«​ការ​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​មាន​ចលាចល​ដល់​ជីវិត​រស់នៅ​និង​អាជីវកម្ម​របស់​យើងទាំងអស់គ្នា​។​...​សូម​អំពាវនាវ​ដល់​អ្ន​ក​បញ្ជា​ទិញ​ទាំងអស់ ដែល​ទិញ​ពី​កម្ពុជា មេត្តា​ធ្វើ​ការងារ​ជាមួយ​យើង​ទាំ​អស់​គ្នា ដើម្បី​អាច​ដោះស្រាយ​បញ្ហាលំបាក​ទាំងនេះ​បាន​»​។ 
 
​សមាគម​រោងចក្រ បន្ថែមថា ភាគី​ទាំងអស់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​សម្លៀកបំពាក់​សាកល កំពុង​រងបន្ទុក​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើយ​ដោយ​ជំងឺ​កូ​វីដ​-១៩ តែ​ទោះយ៉ាងណា រោងចក្រ​ផលិត កំពុង​ប្រតិបត្តិការ​លើ​ប្រាក់ចំណូល​តិចតួច ហើយ​មាន​សមត្ថភាព​តិចតួច​ណាស់ ក្នុងការ​រែក​បន្ទុក​បែបនេះ បើ​ធៀប​នឹង​អតិថិជន ដែលជា​អ្នកបញ្ជា​ទិញ​។ 
 
​សមាគម​រោងចក្រ សង្កត់ធ្ងន់ថា​៖«​បន្ទុក​ផ្ទាល់ ដែល​ប្រឈមមុខ​ដោយ​កម្មករ​របស់​យើង ដែល​នៅតែ​ត្រូវការ​ទទួលទាន​អាហារ​និង​ដោះស្រាយ​តម្រូវការ​គ្រួសារ គឺជា​បន្ទុក​ដ៏​ក្រៃលែង​»​។​
 
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​ថា មកដល់ពេលនេះ កម្ពុ​ជាមាន​រោងចក្រ​៩១​ហើយ ដែល​បាន​ព្យួរការងារ ហើយ​កម្មករ​-​កម្មការិនី​ប្រមាណ​៦១៥០០​នាក់ ដែល​រង​ការប៉ះពាល់​។ លោក អះអាងថា មូលហេតុ ដែល​នាំ​ឲ្យ​រោងចក្រ​ទាំងនោះ ព្យួរការងារ គឺ​ដោយសារ​តម្រូវការ នៅ​ទីផ្សារ​នាំចេញ ត្រូវបាន​កាត់បន្ថយ​។​
 
​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា​ថា រោងចក្រ​ភាគច្រើន​នៅ​កម្ពុជា ត្រូវបាន​លុបចោល​និង​ផ្អាក​ការផ្គត់ផ្គង់ ដោយសារ​អ្នកបញ្ជា​ទិញ​នៅ​អឺរ៉ុប អាមេរិក និង កាណាដា ផ្អាក​ការ​ការទិញ ហើយ​ការផ្អាក​ការទិញ​នេះ គឺ​ដោយសារតែ​ពួកគេ កំពុង​ជួប​ការលំបាក​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩៕ 

Tag:
 COVID-19
  GMAC
  អ្នកបញ្ជា​ទិញ
© រក្សាសិទ្ធិដោយ thmeythmey.com