ជាតិ
ក្រសួង​៤​សហការគ្នា ស្វែងរក​ម្ចាស់​ចម្រៀង​៥បទ ដែល​ធ្វើឱ្យប៉ះពាល់​សីលធម៌​សង្គម​
02, Apr 2020 , 10:19 pm        
រូបភាព
លោក ឡុង ប៉ុណ្ណា សិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ (រូប​ពី​ហ្វេស​ប៊ុករបស់​លោក​)
លោក ឡុង ប៉ុណ្ណា សិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ (រូប​ពី​ហ្វេស​ប៊ុករបស់​លោក​)
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ មាន​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​អ្នកនិពន្ធ និង​ផលិត​បទ​ចម្រៀង​៥បទ ដែលមាន​ខ្លឹមសារ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​មិនមាន​ច្បាប់​អនុញ្ញាត​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ ថា​ដំណាក់កាល​ដំបូង ក្រសួង​បានចេញ​លិខិត​ឱ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការផ្សព្វផ្សាយ​បទ​ចម្រៀង​ទាំងនោះ​។ ហើយ​នៅ​ជំហាន​បន្ទាប់ ក្រសួង​នឹង​អនុវត្ត​ទៅតាម​ដំណាក់កាល​។​


 
​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​វប្បធម៌ បាន​ប្រជុំ​អន្តរក្រសួង​រួចហើយ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​រាំងខ្ទប់ ការផ្សព្វផ្សាយ​បទ​ចម្រៀង​ទាំង​៥បទ ដែលមាន​ខ្លឹមសារ​ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​សង្គម​ខ្មែរ​នោះ​។ 
 
«​ខ្ញុំ​បាន​ប្រជុំ​ជា​អន្តរក្រសួង​ជាមួយ​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ ដែល​លោក​បាន​ពិនិត្យ​នូវ​យន្តការ​ទី​១ គឺ​បទ​ទាំងនោះ​មិនអាច​ចាក់ផ្សាយ​ជា​សាធារណៈ​។ ស្នាដៃ​នោះ​គាត់​ផលិត​ខ្លួន​គាត់ ដោយ​មិនមាន​ច្បាប់​អនុញ្ញាត ហើយ​គាត់​យកទៅ​បង្ហោះ​នៅក្នុង​យូ​ធូប ដល់​អ៊ីចឹង​ជា​វិធានការ​សម្រាប់​អនុវត្ត​វា​ពិបាក​។ ប៉ុន្តែ​យើង​បាន​ចាត់វិធានការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ខ្ទប់​គ្រប់​បញ្ហា​»​។ នេះ​ជា​អ្វីដែល​លោក ប៉ុណ្ណា​សិរី​វត្ថ បានលើកឡើង​។​
 
​សូម​ស្ដាប់​សំឡេង​៖



 
​បើទោះបីជា​ក្រសួង​ពាក់ព័ន្ធ​នានា អាច​ហាម​មិនឱ្យ​ចាក់ផ្សាយ​ជា​សាធារណៈ​ក្ដី ប៉ុន្តែ​ការផ្សាយ​នៅតាម​បណ្ដាញ​សង្គម​យូ​ធូប ក្រសួងសាមី នៅតែមាន​ការលំបាក​ខ្លាំង ហើយ​លោក ប៉ុណ្ណា​សិរី​វត្ថ បញ្ជាក់​ដូច្នេះ​៖«IT រីកចម្រើន គាត់​ដាក់​ទៅក្នុង​យូ​ធូប ពេលខ្លះ​យើង​ឃើញ​ខុសឆ្គង យើង​ស្នើ​ទៅ​គាត់​(​យូ​ធូប​) គាត់​អត់​ធ្វើតាម​យើង​ទេ​ណា​។ លើកលែងតែ​រឿង​ហ្នឹង ដាក់​ជា​ព័ត៌មាន ឬអ្វី​ដែល​ចូល​យូ​ធូប​ហ្នឹង វា​ធ្វើឱ្យប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​ជាតិ ឬ​សន្តិសុខ​ជាតិ ហ្នឹង​បាន​គាត់​(​យូ​ធូប​)​បិទ​ឱ្យ​យើង​។ បើ​មិន​អ៊ីចឹង​ទេ គាត់​មិន​បិទ​ឱ្យ​ទេ គាត់​ថា​មិន​ប៉ះពាល់​អ្វី​។ ដូច្នេះ​យើង​ពិបាក​ក្នុងការ​ចាត់វិធានការ​ណាស់​។ បើ​យើង​បិទ​បាន គេ​ឈប់​មើល​អាហ្នឹង​កើត វា​មិន​អី​ទេ​»​។
 
​សូម​ស្ដាប់​សំឡេង​៖



 
​យ៉ាងណាក៏ដោយ ជា​ជំហាន​ដំបូង​ក្រសួង​វប្បធម៌ បានចេញ​លិខិត​ឱ្យ​បញ្ឈប់​រាល់​ការផ្សាយ​បទ​ចម្រៀង​ទាំង​៥​បទ​នោះ​រួចរាល់​ហើយ ព្រមទាំង​បន្ត​អនុវត្តន៍​តាម​វិធានការ​បន្តបន្ទាប់​ទៀត​។ នេះ​ជាការ​ពន្យល់​របស់លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ​៖«​ទី​១ គឺ​យើង​ធ្វើលិខិត​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​គាត់​មិនមាន​សុំច្បាប់​។ ទី​២ ផលិក​ម្ម​របស់គាត់​មិនបាន​ចុះបញ្ជី​។ ទី​៣ គាត់​ដូចជា​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម ដល់​សតិអារម្មណ៍​មហាជន​។ និយាយ​ជារួម​វិធានការ​យើង វា​មិនទាន់​ដល់​ការដាក់ទោសទណ្ឌ​ទេ​សព្វថ្ងៃនេះ​។ បើ​រក​បុគ្គល​នោះ​ឃើញ យើង​អញ្ជើញ​គាត់​មក​ណែនាំ​ជា​រដ្ឋបាល​មួយទៀត​។ ហ្នឹង​ជា​អ្វីដែល​ក្រសួង​ធ្វើ​កន្លងមក​»​។​
 
​សូម​ស្ដាប់​សំឡេង​៖



 
​កន្លងមក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​នានា មាន​ផល​លំបាក​ក្នុងការ​ស្វែងរក​ប្រភព​ដែល​បង្កបញ្ហា ដោយសារតែ​ក្រុម​ទាំងនោះ មិនបាន​ចុះបញ្ជី​ផលិតកម្ម​របស់​ខ្លូន​។ «​យើង​មាន​បទដ្ឋាន​គតិយុត្ត យើង​មាន​ច្រក​ជា​យន្ត​ការឱ្យ​គាត់​មកសុំ សូម្បី​ផលិតកម្ម​របស់គាត់ យើង​ឱ្យ​គាត់​មក​ចុះបញ្ជី កាលណា​ផ្លូវការ​យើង​ណែនាំ​គាត់​ហើយ​។ មុន​ចាក់ផ្សាយ​ជា​សាធារណៈ គេ​មានច្បាប់​ទៀត​។ បើ​ភាពយន្ត​គេ​មានការ​ត្រួតពិនិត្យ អ៊ីចឹង​ស្នាដៃ​ណា​ឆ្គាំឆ្គង​យើង​ប្រាប់​គាត់ ដើម្បី​កុំឱ្យ​មានន័យ​គ្រោតគ្រាត​ពេក​។ កាលណា​ផលិត​កម្មណា គេ​មកសុំ​ច្បាប់ ក្រសួង​តែងតែមាន​ការណែនាំ​ហើយ​»​។​
 
​សូម​ស្ដាប់​សំឡេង​៖



 
​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​រូបនេះ គាំទ្រ​ឱ្យមាន​ស្នាដៃ​ច្នៃប្រឌិត ដើម្បី​បង្កើត​ភាព​ទាក់ទាញ ដោយ​មិន​ប្រើ​ភាសា​គ្រោតគ្រាត​៖«​គេ​ធ្វើ​អ្វីមួយ​ឱ្យមាន​ការទាក់ទាញ ឱ្យមាន​ការចាប់អារម្មណ៍ ប៉ុន្តែ​ន័យ​ហ្នឹង​កុំឱ្យ​វា​ត្រង់​ពេក ឱ្យ​វា​មានន័យ​ជា​បញ្ឆិតបញ្ឆៀង ស្ដាប់ទៅ​យើង​យល់​ន័យ​២ ទៅ​៣​ជ្រុង អ៊ីចឹងទៅ​»៕
 
​សូម​ស្ដាប់​សំឡេង​៖


 

Tag:
 ក្រសួង​វប្បធម៌​
  សិល្បៈ​
  ចម្រៀង​
  សង្គម​
  សីលធម៌​
 ​អ្នកនិពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com