COVID-19
អន្តរជាតិ
ករណី​ស្លាប់​ដោយសារ COVID-19 នៅ​ថៃ​ឡើងដល់​១៥​នាក់ ក្នុងនោះ​ម្នាក់​ស្លាប់​លើ​រថភ្លើង​
02, Apr 2020 , 5:29 pm        
រូបភាព
ប្រភពរូប៖ បាងកកប៉ុស្តិ៍
ប្រភពរូប៖ បាងកកប៉ុស្តិ៍
ដោយ:
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​២ ខែមេសា បាន​រាយការណ៍​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 ចំនួន ៣​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ក្នុងប្រទេស​នេះ​ឡើងដល់ ១៥​នាក់​ហើយ​។ ទន្ទឹមនេះ ករណី​ឆ្លង​ថ្មី​១០៤​នាក់​ទៀត ក៏ត្រូវ​បាន​រកឃើញ​ផងដែរ ដែល​បង្កើន​ករណី​ឆ្លង​សរុប​ដល់ ១៨១៥​នាក់​។

 
​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​ទទួល​បន្ទុក COVID-19 របស់​រដ្ឋាភិបាល​ថៃ លោក​វេជ្ជបណ្ឌិត Taweesin Visanuyothin គូសបញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​ទាំងបី​នាក់​ថ្មី ជនរងគ្រោះ​ម្នាក់​គឺជា​ជនជាតិ​ថៃ អាយុ ៥៧​ឆ្នាំ ដែល​បាន​ត្រលប់​មកពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ស្លាប់​លើ​រថភ្លើង​កាលពី​ថ្ងៃទី​៣០ ខែមីនា​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​បាងកក​ប៉ុស្តិ៍ បុរស​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​២២ ខែកុម្ភៈ ហើយ​ត្រលប់​ម​វិញ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ កាលពី​ថ្ងៃទី​២៩ ខែមីនា​។ ក្រោយមក លោក​បាន​ជិះ​រថភ្លើង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ 
 
​បើតាម​លោក  Taweesin បុរស​ដែល​ដួល​ស្លាប់​លើ​រថភ្លើង​រូបនេះ ក៏មាន​ជំងឺ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ការស្លាប់​របស់លោក​បាន​ធ្វើ​ឲ្យ​មន្ត្រី​បម្រើការ​លើ​រថភ្លើង​១៥​នាក់​ដែល​ប៉ះពាល់​ជាមួយ​លោក​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​។ 
 
​ករណី​ស្លាប់​មួយទៀត គឺជា​បុរស​ថៃ​អាយុ​៧៧​ឆ្នាំ​ម្នាក់​ដែលមាន​ជំងឺ​ទឺ​ក​នោម​ផ្អែម និង​ផ្លូវដង្ហើម​។ បុរសរងគ្រោះ​រូបនេះ ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នកជំងឺ COVID-19 ពីមុនមក​។  ចំណែក​ករណី​ស្លាប់​ទី​៣​វិញ​គឺ​បុរស​ថៃ​អាយុ​៥៥​ឆ្នាំ​ម្នាក់ ដែលជា​អ្នកបើកបរ​រថយន្ត​សាធារណៈ​នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ ក្នុង​ខេត្ត Samut Prakan ៕ 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com