COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករគ្រីឃីតឥណ្ឌា រងការរិះគន់ព្រោះគាំទ្រមូលនិធិប្រឆាំង COVID-19 នៅប៉ាគីស្ថាន
× កំពូលកីឡាករគ្រីឃីត (Cricket) ឥណ្ឌាពីររូប Yuvraj Singh និង Harbhajan Singh បានបង្ហាញការគាំទ្រយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការប្រមូលមូលនិធិរបស់អតីតប្រធានក្រុមគ្រីឃីតប៉ាគីស្ថាន Shahid Afridi ដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃ COVID-19។ ការគាំទ្រនេះ បានធ្វើឲ្យពលរដ្ឋឥណ្ឌាមួម៉ៅយ៉ាងខ្លាំង ដ្បិតប៉ាគីស្ថានជាប្រទេសសត្រូវរបស់ពួកគេ។
តាមអ្វីដែលយើងធ្លាប់ដឹង ប្រទេសទាំងពីរគឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នាជាយូរមកហើយ។ ហើយការផ្លាស់ប្តូរឥរិយាបទរបស់កីឡាករឥណ្ឌាទាំងពីរបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌាផ្សេងទៀត។
ការអំពាវនាវរបស់ Afridi សម្រាប់ការបរិច្ចាគដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយ COVID-19 និងសម្លាប់មនុស្សជាច្រើនក្នុងប្រទេសប៉ាគីស្ថាន បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់កីឡាករគ្រីឃីតល្បីដទៃទៀត។
កីឡាករ Harbhajan របស់ឥណ្ឌា បានជំរុញឲ្យប្រជាជនចូលរួមតាមរយៈសារជាវីដេអូរបស់ខ្លួន ដោយអំពាវនាវដល់អ្នកលេងគ្រីឃីតផ្សេងទៀតនៃប្រទេសទាំងពីរ (ឥណ្ឌា-ប៉ាគីស្ថាន) បរិច្ចាគ និងចែកចាយសារនេះឲ្យបានច្រើន។
ដោយឡែកលោក Yuvraj អតីតកីឡការគ្រីឃីតឥណ្ឌា វ័យ៣៨ឆ្នាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ដើម្បីអំពាវនាវរកថវិកាជួយដល់ការប្រឆាំង COVID-19 នៅទឹកដីប៉ាគីស្ថាន។ «នេះជាពេលវេលាសាកល្បងមួយ វាដល់ពេលដែលត្រូវមើលថែគ្នាទៅវិញទៅមកហើយ»។ នេះជាសំណេររបស់ Yuvraj លើបណ្តាញសង្គមរបស់ខ្លួន។
ស្របពេល Afridi កំពូលកីឡាករគ្រីឃីតប៉ាគីស្ថាន ថ្លែងអំណរគុណដល់កីឡាករឥណ្ឌាទាំងពីរ មានអ្នកប្រើបណ្តាញសង្គម Twitter របស់ឥណ្ឌាជាច្រើនប្រតិកម្មដោយកំហឹងចំពោះការគាំទ្រកីឡាករជាសត្រូវ និងជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយរបស់ឥណ្ឌាចំពោះជម្លោះនៅកាស្មៀរ។
ឥណ្ឌា និងប៉ាគីស្ថានមិនបានប្រកួតគ្នាក្នុងពានកីឡាគ្រីឃីតតាំងពីឆ្នាំ ២០១២-២០១៣ ដោយសារភាពតានតឹងនៅលើតំបន់កាស្មៀរ ដែលជាបញ្ហាចម្បងនៃសង្គ្រាមពីររវាងប្រទេសជិតខាងទាំងពីរចាប់ពីឆ្នាំ ១៩៤៧ មក។
ប៉ាគីស្ថាន មានចំនួនអ្នកឆ្លង COVID-19 ជាង២ពាន់នាក់ហើយគិតត្រឹមថ្ងៃទី២ ខែមេសានេះ ហើយអ្នកស្លាប់ជិត៣០នាក់។ ដោយឡែកឥណ្ឌា មានអ្នកស្លាប់រហូតដល់ជិត៦០នាក់ ខណៈអ្នកឆ្លងមានជិត២ពាន់ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com