COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ COVID-19 Wimbledon ត្រូវ​លុបចោល​លើកដំបូង ក្រោយ​សង្គ្រាមលោក​ទី​ពីរ​
02, Apr 2020 , 10:39 pm        
រូបភាព
​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​កម្រិត​ពិភពលោក Wimbledon ត្រូវ​លុបចោល​ដោយសារ​ការ​រាតត្បាត​យ៉ាងខ្លាំង​ក្លា​របស់ COVID-19​។ នេះ​ជាការ​លុបចោល​លើកដំបូង​ហើយ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។​


 
Wimbledon ឆ្នាំ​២០២០ គ្រោង​នឹងធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​១២ ខែកក្កដា​។ ដោយសារ​វិបត្តិ​ជំងឺ​នេះ កីឡា​វាយ​កូន​បាល់​កម្រិត​អាជីព​លើ​វាលស្មៅ​នៅ​ជុំវិញ​ពិភពលោក​នឹងត្រូវ​ផ្អាក​រហូតដល់​ថ្ងៃទី​១៣ ខែកក្កដា​។​
 
​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​កម្រិត Grand Slam នៅ​ទឹកដី​អង់គ្លេស​នេះ ជា​កម្មវិធី​កីឡា​រដូវក្តៅ​ដ៏​ធំ​ចុងក្រោយបង្អស់​ដែល​ត្រូវ​លុបចោល បន្ទាប់ពី​ការប្រកួត​ពានរង្វាន់ Euro 2020 និង​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​ពន្យារពេល​រហូតដល់​១២​ខែក្រោយ​។​
 
«​នេះ​ជាការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើក​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​សុខភាព​សាធារណៈ និង​សុខុមាលភាព​របស់​កីឡាករ រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​»​។ លោក Ian Hewitt ប្រធាន​កីឡា​វាយ​កូន​បាល់​អង់គ្លេស​លើកឡើង​ដូច្នេះ​។ 
 
Wimbledon បង្កើត​ធ្វើឡើង​ដំបូង​ក្នុង​ឆ្នាំ ១៨៧៧ ហើយ​បាន​បន្ត​ការប្រកួត​ជា​រៀងរាល់ឆ្នាំ ដោយ​លើកលែងតែ​ពីរ​ដំណាក់កាល​ប៉ុណ្ណោះ​។ Wimbledon បាន​ផ្អាក​ចាប់ពី​ឆ្នាំ ១៩១៥-១៨ ដោយសារ​សង្គ្រាមលោកលើកទី​១ និង​ពី​ឆ្នាំ ១៩៤០-៤៥ សង្គ្រាមលោកលើកទី​២​។ ៧៥​ឆ្នាំ​ក្រោយមក ពោលគឺ​ឆ្នាំ​២០២០ ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​មួយ​នេះ​ត្រូវ​សម្រេច​លុបចោល​តែម្តង ប៉ុន្តែ​ដោយសារ​សង្គ្រាម​ជំងឺ​សកល COVID-19​។​
 
​ដោយឡែក French Open ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា ត្រូវ​លើក​ទៅធ្វើ​នៅ​ថ្ងៃទី ២០ ខែកញ្ញា រហូតដល់​ថ្ងៃទី​៤ ខែតុលា​វិញ​។ យ៉ាងណា ប្រសិនបើ COVID-19 នៅតែ​មិន​ថមថយ​ទេនោះ ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​នៅ​ទឹកដី​បារាំង​នេះ អាច​នឹងត្រូវ​ពន្យារ​ជា​បន្តទៀត​៕

Tag:
 Wimbledon
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com