COVID-19
ជាតិ
ចិន ប្រាប់កាសែតបរទេសថា ព្រះមហាក្សត្រខ្មែរ យាងទៅពិនិត្យព្រះរាជសុខភាពធម្មតា មិនមែនដោយសារCOVID-19ទេ រូបពីហ្វេសប៊ុក Royal Du Cambodge
× ភ្នំពេញ៖ ព្រះកុរណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន តាមការណាត់ជួបរបស់ពេទ្យ ហើយមិនមែនដោយសារជំងឺCOVID-19ទេ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន។
ឆ្លើយតបនឹងសំនួរអ្នកកាសែតបរទេស ជុំវិញព្រះរាជវត្តមានព្រះមហាក្សត្រខ្មែរ ដែលកំពុងគង់ព្យាបាលព្រះរាជសុខភាពនៅចិន អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Hua Chunying បានបញ្ជាក់ថា៖«ដូចអ្នកទាំងអស់គ្នាដឹងហើយថា សែរាជវង្សានុវង្សកម្ពុជា គឺមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាប្រពៃណីជាមួយចិន។ ហើយព្រះអង្គតែងតែយាងមកពិនិត្យព្រះរាជសុខភាពនៅចិនជាទៀងទាត់។ ហើយខ្ញុំមិនបានដឹងអ្វីច្រើនទាក់ទងនឹងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ និងជំងឺCOVID-19នេះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា ព្រះអង្គយាងមកពិនិត្យព្រះរាជសុខភាពជាធម្មតាប៉ុណ្ណោះ»។
ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅចិន កាលពីថ្ងៃទី១ មេសា។ ព្រះរាជដំណើរពិនិត្យសុខភាពនេះ ស្របពេលដែលកម្ពុជា កំពុងរៀបចំច្បាប់ស្តីគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ខណៈដែលជំងឺCOVID-19 រាតត្បាតនៅកម្ពុជា។
តែយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលថា ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិននោះ មិនមែនដោយសារគេចវេសពីការឡាយព្រះហស្ថលេខាលើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នឡើយ។លោក ផៃ ស៊ីផាន ក៏ស្នើពលរដ្ឋកុំឱ្យទាញយកព្រះមហាក្សត្រ មករិះគន់ និងវាយតម្លៃលើព្រះអង្គ ក្នុងរឿងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ ដែលនាំឱ្យមានទោស និងខុសច្បាប់ ទាក់ទងនឹងការប្រមាថព្រះរាជជេស្ដារព្រះមហាក្សត្រ។
កន្លងមកសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មាត្រា២២នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែមិនបានចែងពីការគ្រប់គ្រងស្ថានភាពឡើយ ទើបតម្រូវឱ្យរដ្ឋាភិបាលសម្រេចបង្កើតច្បាប់ ដើម្បីងាយស្រួលគ្រប់គ្រង។បើតាមសម្ដេច ហ៊ុន សែន ការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះឡើង ដើម្បីទុកឱ្យមាននៅក្នុងដៃប៉ុណ្ណោះ ហើយក៏មិនច្បាស់ថា នឹងត្រូវអនុវត្តភ្លាមៗដែរ បើសិនជាស្ថានការណ៍ជំងឺCOVID-19 នៅក្នុងប្រទេសមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ។
គិតត្រឹមថ្ងៃទី២ មេសានេះ កម្ពុជា មានអ្នកឆ្លងជំងឺCOVID-19 ចំនួន១១០នាក់ហើយ ខណៈអ្នកជាសះស្បើយ៣៤នាក់៕
Tag:
COVID-19
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com