ជាតិ
សង្គមជាតិ
រីករាយ​ពេល​បាន​សះស្បើយ តែ​បុរស​អាយុ​៤០​ឆ្នាំ​នៅ​បារម្ភ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​ពី​ខ្លួន​
02, Apr 2020 , 8:40 pm        
រូបភាព
បុរសជនជាតិខ្មែរអាយុ៤០ឆ្នាំ ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យនៅរសៀលថ្ងៃទី២ មេសា
បុរសជនជាតិខ្មែរអាយុ៤០ឆ្នាំ ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យនៅរសៀលថ្ងៃទី២ មេសា
សៀមរាប​៖ ក្រោយ​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​១៩​ថ្ងៃ​រួចមក បុរស​ជនជាតិខ្មែរ​អា​យុ​៤០​ឆ្នាំ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពី​ប្រទេស​ម៉ាឡេស៊ី បានជា​សះស្បើយ និង​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ យ៉ាងណា គ្រូពេទ្យ​បន្ត​ឱ្យ​បុរស​រូបនេះ ធ្វើ​ច​ត្ដា​ឡី​ស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​ទៀត ដើម្បី​ត្រួតពិនិត្យ​សុខភាព​បន្ត​។​

 
​អារម្មណ៍​រីករាយ និង​ទុក្ខសោក បន្ត​ស្ថិតនៅក្នុង​ខ្លួន​បុរស​ជនជាតិខ្មែរ​អាយុ​៤០​ឆ្នាំ ក្រោយពេល​ជាសះស្បើយ​ជំងឺ​កូ​វីដ​១៩​។ បុរស​រូបនេះ​រីករាយ​ពេល​ខ្លួន​ជា​ពី​ជំងឺ តែ​កើតទុក្ខ ពេល​ដឹងថា ប្រពន្ធ​និង​កូនប្រុស​ម្នាក់ ឆ្លង​ជំងឺ​ពី​ខ្លួន​។ ពួកគេ​ទាំង​២ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​តាំងពី​ថ្ងៃទី​៣០ មីនា​មក មុន​គ្រូពេទ្យ​ធ្វើតេស្ដ​វិជ្ជមាន​មួយថ្ងៃ​។​
 
​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ពេល​រៀបចំ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​រសៀល​ថ្ងៃទី​២ មេសា បុរស​ដែលមាន​ប្រវត្តិ​ទៅ​ចូលរួម​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ដែល​ខិតខំ​ព្យាបាល និង​យកអាសារ​ខ្លួន​ទាំងយប់​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​។ ជាមួយគ្នា​នោះ លោក​ក៏​អរគុណ​ដល់​ថ្នាក់ដឹកនាំ​សាសនា​ឥស្លាម​ក្នុង​ខេត្តសៀមរាប ដែល​មើល​ទុក្ខ​ធុរៈ​គ្រួសារ​លោក​ពេល​ជួប​ទុក្ខលំបាក​នេះ​ផងដែរ​។ សម្រាប់​បុរស​រូបនេះ អ្វីដែល​សោកស្ដាយ​ខ្លាំង​នោះ គឺ​លោក​ចម្លង​មេរោគ​កូ​រ៉​ណា​ទៅដល់​ក្រុមគ្រួសារ​ខ្លួន​ដោយ​មិនដឹង​ខ្លួន​។ លោក​បញ្ជាក់ថា សុខចិត្ត​ឈឺ​តែម្នាក់ឯង មិន​ចង់ឱ្យ​ប្រពន្ធ​កូន​ឈឺ​ទេ​។​

 
​គ្មាន​ក្រុមគ្រួសារ​មក​ទទួល​នឹង​គេ​ឡើយ មានតែថ្នាក់ដឹកនាំ​សហគមន៍ និង​មិត្តភក្ដិ​ប៉ុន្មាន​នាក់​។ គ្រួសារ​របស់លោក ក្រៅពី​ប្រពន្ធ​និង​កូន គឺមាន​ឪពុកក្មេក និង​កូនតូចៗ​ចំនួន​២​នាក់​ទៀត កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ដោយ​ក្រុមគ្រូពេទ្យ​បន្ត​តាមដាន​សុខភាពពួកគេ​។ ពួកគេ​ទាំង​៣​នាក់ អាច​នឹង​វិលត្រឡប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃទី​៣ មេសា ប្រសិន​លទ្ធផល​តេស្ដ​អវិជ្ជមាន​លើក​ទី​២​។ នេះ​ជាការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់​។ លោក​បន្ថែមថា អ្នក​ទាំង​៥​នាក់ (​ប្រពន្ធ​និង​កូន​ដែល​កំពុង​ឆ្លង​, ឪពុកក្មេក​បុរស​ដែល​ទើប​ជាសះស្បើយ និង​កូន​២​នាក់​ទៀត​) មាន​សុខ​ភាពល្អ​ធម្មតា ហើយ​អាច​សះស្បើយ​ឆាប់ៗ​ខាងមុខនេះ​។​
 
​គួរ​បញ្ជាក់ថា បុរស​ខាងលើ​ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩​នៅ​យប់​ថ្ងៃទី​១៥ មីនា​។ ភ្លាមៗ គ្រួសារ​លោក​ចំនួន​៥​នាក់ បូក​ទាំង​ឪពុកក្មេក​ក៏ត្រូវ​បានធ្វើ​តេស្ដ តែ​រក​មិនឃើញ​ជំងឺ​នេះ​។ រំលង​បាន​១៧​ថ្ងៃ ប្រពន្ធ និង​កូនប្រុស​ម្នាក់ ធ្វើតេស្ដ​វិជ្ជមាន​។ ខេត្តសៀមរាប​មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​៧​នាក់ តែ​សះស្បើយ​២​នាក់​។ បុរស​ជនជាតិខ្មែរ​អា​យុ​៣៨​ឆ្នាំ ដែល​ឆ្លង​ជំងឺ​នេះ​ពី​ជនជាតិ​ជប៉ុន​នៅ​ថ្ងៃទី​៧ មីនា បានជា​សះស្បើយ​នៅ​ថ្ងៃទី ៣០ មីនា គឺ​ប្រើពេល​២៥​ថ្ងៃ ដើម្បី​ព្យាបាល​ជំងឺ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com