ONE Championship
កីឡាជាតិ
ជាតិ
​កីឡាករ កីឡាការិនី​ល្បីៗ​បង្ហាញ​ពី​ការធ្វើ​អនាម័យ ដើម្បី​ទប់ស្កាត់ COVID-19
03, Apr 2020 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​មេរោគ​រាតត្បាត COVID-19 កំពុង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាជន​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ននេះ​មាន​ករណី​ឆ្លង​រហូតដល់​ជិត​មួយ​លាន​នាក់​ហើយ​ទូទាំង​ពិភពលោក​ត្រឹម​ថ្ងៃទី ២ ខែ មេសា​។ មេរោគ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាត​ការងារ បាត់បង់​សេដ្ឋកិច្ច និង​អាច​ឈានដល់​សេចក្ដីស្លាប់​ទៀត​ក៏មាន​បើ​មិន​ធ្វើ​អនាម័យ​ឲ្យ​បាន​គ្រប់គ្រាន់​។ កីឡាករ កីឡាការិនី​ជួរមុខ​ប្រចាំ​សង្វៀន ONE Championship បាន​ផ្ញើ​សារ​អំពី​វិធី​បង្ការ​មួយចំនួន​ដើម្បី​រស់នៅ​ឲ្យ​មាន​សុវត្ថិភាព និង​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​បន្ត​។


 
​សូម​តាមដាន​ចំពោះ​មតិ ឬ ការ​ក្រើនរំលឹក​ដល់​អ្នកគាំទ្ររ​បស់​ជើង​ខ្លាំង​នៅ​សង្វៀន ONE ដូចខាងក្រោម​៖
 
Aung La N Sang

«​សូម​សម្អាត​អនាម័យ​គ្រប់ពេល​។ លាងដៃ​ឲ្យ​ស្អាត និង ថែរក្សា​អនាម័យ​គ្រប់​អវយវៈ របស់​អ្នក និង​ញុំ​ា​អាហារ​ដែលមាន​សុខភាព​នៅពេល​អ្នក​នៅ​ដាច់ដោយឡែក ឬ នៅផ្ទះ​ដើម្បី​ឲ្យ​រាងកាយ​មាំមួន និង​សុខ​ភាពល្អ​។ ក្នុងនោះ​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ផងដែរ និង មាន​អនាម័យ​ជាប្រចាំ​»​។ 

Christian Lee
 
«​ខ្ញុំ​សូម​ឲ្យ​មនុស្ស​រាល់គ្នា​ឈ្វេងយល់​អំពី​ជំងឺ​នេះ​ទោះជា​យុវជន​ក្មេងៗ​មិន​ឈានដល់​ការបាត់​បង់ជីវិត​ច្រើន​ក៏ដោយ​។ ប៉ុន្តែ​វា​ជា​ឧបសគ្គ​ពេល​ផ្ទុកមេរោគ​។ ពេល​អ្នក​ឆ្លង អ្នក​អាច​ឆ្លងទៅ​ឳ​ពុក​ម្ដាយ​ចាស់ៗ ទៅ​ជីដូន ជីតា ឬ អ្នកជិតខាង​ចាស់​ទៀតផង​។ សូម​ថែរក្សា​ខ្លួន និង​ស្នាក់នៅ​ក្នុងផ្ទះ​តាមតែ​អាចធ្វើ​ទៅបាន​។ បើ​មិនចាំបាច់ សូម​កុំទៅ​ឆ្ងាយ​អី​។  សូម​ស្នាក់​នៅផ្ទះ​ឲ្យ​ច្រើន​រហូតដល់​ជំងឺ​នេះ​រលត់​ទៅ​»​។ 
 
Petchmorakot Petchyindee Academy
 
«​ខ្ញុំ​បារម្ភ​អំពី​អ្នក​ទាំងអស់គ្នា​។ សូម​ថែរក្សា​អនាម័យ​ឲ្យ​បានល្អ សូម​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ និង​ប្រើ​ជែ​ល​សម្អាត​ដៃ​រៀងរាល់​ពេល​។ សម្រាប់​អ្នក​ឆ្លង COVID-19 សូម​ឲ្យ​ឆាប់​ជា​។ នៅ​ក្លិប Petchyindee របស់​យើង​។ យើង​មាន​វាស់​កម្ដៅ​រៀងរាល់​ពេលមុន​ហ្វឹកហាត់​»​។ 
 
Sangmanee Sathian MuayThai
«​រាល់​ឆ្នាំ​នៅ​ថ្ងៃទី ២០ មីនា ចំ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​។ ខ្ញុំ​អញ្ជើញ​ពួកម៉ាក និង​សាច់ញាតិ​មក​ជប់លៀង​។ តែ​ឆ្នាំនេះ គឺ​នៅផ្ទះ​ជាមួយ​គ្រួសារ និង​អបអរ​តិចតួច​។ កន្លែង​ហាត់​របស់ខ្ញុំ​ត្រូវ​បិទទ្វារ សូមអ្នក​ទាំងអស់គ្នា​ស្នាក់នៅ​ឲ្យ​មាន​សុវត្ថិភាព​។ ខ្ញុំ​មិន​ចេញ​ក្រៅ​ដូច​ធម្មតា​ទេ​។ វា​លំបាក​បន្តិច​។ ខ្ញុំ​សង្ឃឹមថា​ស្ថានភាព​អាក្រក់​នេះ​នឹង​ឆាប់​ចប់​នាពេល​ឆាប់​»​។ 
 
Stamp Fairtex
 
«​នៅ​ក្លិប Fairtex យើង​មាន​វាស់​កម្ដៅ​មុន​ហាត់ ហើយ​គ្រប់គ្នា​ពាក់​ម៉ាស់​។ យើង​រត់ និង​ហាត់​នៅក្នុង​ក្លិប​មិន​ចេញ​ក្រៅ​ដូច​មុន​ទេ​។ អ្នកផ្សេង​ដែល​ធ្លាប់​ទៅ​កន្លែង​អាច​កើត​ជំងឺ​នេះ ឬ មាន​រោគសញ្ញា មិនត្រូវ​អនុញ្ញាត​ឲ្យ​ហាត់​ទេ​។ ក្លិប​យើង​ក៏​បិទ​ដែរ​។ ចំពោះ​ខ្ញុំ ខ្ញុំ​តែងតែ​លាងដៃ​នឹង​ជែ​ល​សម្លាប់​មេរោគ និង​ពាក់​ម៉ាស​។ ខ្ញុំ​ក៏​ហាត់​នៅផ្ទះ​ដែរ​។ ខ្ញុំ​បាន​ប្រាប់​ម៉ាក់​ប៉ា និង​គ្រួសារ​ឲ្យ​ស្នាក់​នៅមាន​សុវត្ថិភាព និង​ថែខ្លួន​។ សង្ឃឹមថា​យើង​ជួបគ្នា​ឆាប់ៗ​។ សូមអ្នក​ទាំង​គ្នា​សំណាងល្អ​»​។​
 
Roshnee Khaira
 
«​យើង​ត្រូវ​រក​វិធី​ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ​។ មេរោគ​នេះ​អាច​នៅក្នុង​លំហរ​ច្រើន​ម៉ោង​។ សូម​ការពារ​ខ្លួន​របស់​អ្នក និង​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា ពាក់​ម៉ាស់ និង លាងដៃ​ដោយ​សាប៊ូ​ញឹកញាប់​យ៉ាងហោច ២០ វិនាទី ឬ ប្រើ​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​។ មួយទៀត​ត្រូវ​អនាម័យ​សម្អាត​ជារឿយៗ ទូរ​សព្ទ និង ក្តារ​ចុច​( keyboards) ជាដើម​ត្រូវ​សម្អាត​ដែរ​។  មេរោគ​នេះ​អាច​នៅក្នុង​លំហ​ពី​ពីរ​ទៅ ៣​ម៉ោង​។ សូម​រំលឹក​ដល់​សមាជិក​ក្នុងផ្ទះ​ជាពិសេស​អ្នកមាន​ជំងឺ និង​ប្រព័ន្ធ​សុំា​របស់​រាងកាយ​ខ្សោយ​»​។ 
 
Shannon Wiratchai

«​បច្ចុប្បន្ននេះ​លំបាក​បន្តិច​។ ប៉ុន្តែ​អ្នក​ត្រូវមាន​ការទទួលខុសត្រូវ​សម្រាប់​សង្គម​។ បើសិនជា​អ្នក​នៅផ្ទះ គឺ​អ្នកមាន​ឱកាស​តិច​បំផុត​ដែល​ឆ្លង​មេរោគ​។ បើ​ទៅ​ក្រៅ  ត្រូវតែមាន​សុវត្ថិភាព​និង​ឆាប់​មក​ផ្ទះ​វិញ​។ នោះ​គឺជា​រឿង​សំខាន់​ដើម្បី​ទប់ស្កាត់​ការឆ្លង​។ ខ្ញុំ​ជា​កីឡាករ ខ្ញុំ​មាន​កម្លាំង​ខ្លាំង បើ​ឆ្លង​ក៏​មិន​ធ្ងន់ ប៉ុន្តែ​ខ្លាច​ឆ្លង​ដល់​ម៉ាក់​ប៉ា​របស់ខ្ញុំ​។ រឿង​ល្អ​ត្រូវ​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​ការឆ្លង​ព្រោះ​ក្លិប​ហាត់​ត្រូវបាន​បិទ​ហើយ​។ មេរោគ​នេះ​អាច​នៅ​វាលលំហ ឬ កន្លែង​ផ្សេងៗ​នៅពេល​ហ្វឹកហាត់​»​។ 
 
Puja Tomar
 
«​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា COVID-19 រាលដាល​ជុំវិញ​ពិភពលោក​ក្នុងនោះ​ប្រទេស​ឥណ្ឌា​ក៏មានដែរ​។ រឿង​សំខាន់​ត្រូវគោរព​តាម​ការណែនាំ​ពី​អ្នកជំនាញ​ផ្នែក និង លាងដៃ​ជាប្រចាំ​។ សូម​គោរព​តាម​ការណែនាំ​របស់​ពេទ្យ ហើយ​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​។ ត្រូវ​លាងដៃ​ដោយ​ទឹកស្អាត លាង​នឹង​សាប៊ូ និង​សម្អាត​គ្រប់កន្លែង​ពេល​លាង​ហ្នឹង​។ លាង​ក្រចក ម្រាមដៃ​ឲ្យ​បាន​ត្រឹមត្រូវ​យ៉ាងហោច ២០ វិនាទី​ដែរ​។ បន្ទាប់មក​ត្រូវ​លាង​ទឹកស្អាត​ម្ដងទៀត មុនពេល​ជូត​ដៃ​នឹង​ក្រដាស​ស្អាត និង កន្សែងពោះគោ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com