COVID-19
អន្តរជាតិ
COVID-19៖ ឌូទើតេ ព្រមានបាញ់សម្លាប់ជនណាបង្កបញ្ហាក្នុងរឹតត្បិតការធ្វើដំណើរ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Al Jazeera
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាថ្ងៃទី១ ខែមេសា បានព្រមានប្រជាពលរដ្ឋហ្វីលីពីនថា កងកម្លាំងប្រដាប់អាវុធ នឹងមានសិទ្ធិបាញ់សម្លាប់នរណា ដែលបង្កបញ្ហាក្នុងអំឡុងពេលរឹតត្បិតការធ្វើដំណើរនៅលើកោះ Luzon ដែលស្ថិតនៅភាគខាងជើងហ្វីលីពីន។ ការព្រមានរបស់លោកប្រធានាធិបតីបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរហ្វីលីពីនទើបតែចាប់មនុស្សចំនួន ២១នាក់រួច។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ នាយប់ថ្ងៃទី១ ខែមេសា លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «បទបញ្ជារបស់ខ្ញុំ គឺឲ្យប៉ូលីស និងយោធា... ប្រសិនបើមានបញ្ហា ឬស្ថានភាពតានតឹងណាមួយបង្កដោយប្រជាពលរដ្ឋ ហើយជីវិតអ្នក (ប៉ូលីស និងយោធា) ស្ថិតលើខ្សែបន្ទាត់គ្រោះថ្នាក់ អ្នកមានសិទ្ធិបាញ់ពួកគេសម្លាប់»។
ការព្រមានបែបនេះធ្វើឡើង ក្នុងកាលៈទេសៈហ្វីលីពីនកំពុងបិទកោះ Luzon ដើម្បីទប់ស្កាត់ COVID-19 នៅក្នុងប្រទេស។ កោះ Luzonនេះ គឺជាកោះធំមួយរបស់ហ្វីលីពីន ដែលស្ថិតនៅភាគខាងជើងហ្វីលីពីន ហើយត្រូវបានបិទតាំងពីថ្ងៃទី១៧ ខែមីនាមកម្លេះ ពោលគឺបិទក្រោយទីក្រុងម៉ានីលរយៈពេលពីរថ្ងៃ។
ទន្ទឹមគ្នានេះ លោកប្រធានាធិបតីហ្វីលីពីនបានបន្តទៀតថា ការព្រមាននេះ គឺសម្រាប់ពលរដ្ឋហ្វីលីពីនទាំងអស់ ដែលមិនគោរពបទបញ្ជារបស់រដ្ឋាភិបាល ក្នុងការបិទប្រទេស។ បើតាមលោក ឌូទើតេ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពតាមការអនុវត្តរបស់រដ្ឋាភិបាល ក្នុងពេលអាសន្នបែបនេះ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃ COVID-19 ។
«កុំបង្កបញ្ហាដល់រដ្ឋាភិបាល។ កុំប្រឆាំងជាមួយរដ្ឋាភិបាល។ អ្នក(ប្រជាជន) នឹងចាញ់»។ លោកប្រធានាធិបតីបាននិយាយបែបនេះ ដោយនិយាយលាយរវាងភាសាអង់គ្លេស និងហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ការព្រមានរបស់លោកប្រធានាធិបតីហ្វីលីពីននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរហ្វីលីពីន បានចាប់ខ្លួនបាតុករចំនួន ២១នាក់ ដែលបានទាមទារឲ្យរដ្ឋាភិបាលផ្តល់ជំនួយជាអាហារដល់ពួកគេ។ ប៉ុន្តែអាជ្ញាធរបានអះអាង ការធ្វើបាតុកម្មនាក្រុង Qeuzon នេះ គឹខុសច្បាប់ ខណៈពេលបាតុករអះអាងថា ខ្លួនមិនបានទទួលជំនួយស្បៀង និងជំនួយផ្សេងៗ ជាច្រើនថ្ងៃមក ពោលគឺចាប់តាំងពីថ្ងៃទី១៧ ខែមីនា ។
សូមបញ្ជាក់ថា គិតមកត្រឹមពីនេះ ហ្វីលីពីនមានករណី COVID-19 សរុបចំនួន ២៣១១ករណី អ្នកស្លាប់ចំនួន ៩៦ករណី និងជាសះស្បើយ ៥០ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com