COVID-19
អន្តរជាតិ
ការឆ្លង COVID-19 សរុប កើនលើស១លានករណីនៅជុំវិញពិភពលោក រូបភាព Xinhua
× គិតត្រឹមថ្ងៃទី២ ខែមេសា ករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានកើនឡើងរហូតដល់ជាង ១លានករណីនៅទូទាំងពិភពលោក។ ប្រទេស ដែលមានករណីឆ្លងច្រើនជាងគេ គឺអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ខណៈចិនហាក់ធូរស្បើយបានបន្តិច។
បើតាមវេបសាយ Worldometer ករណី COVID-19 សរុបនៅជុំវិញពិភពលោក បានកើនដល់ ១០១៤៤៩៩ករណី។ ក្នុងអត្រាដ៏ច្រើនបែបនេះ អ្នកស្លាប់មាន ៥៣១៥៩ករណី និងអ្នកសះស្បើយ២១២០១៨ករណី។ ប្រទេសដែលមានអ្នកឆ្លងកូរ៉ូណាវីរុសច្រើនជាងគេ គឺអាមេរិក ដែលមានករណីសរុបរហូតដល់ជាង ២៤ម៉ឺនករណី និងអ្នកស្លាប់ជាង ៦ពាន់ករណី។ គ្រាន់តែថ្ងៃទី២ ខែមេសា អាមេរិករកឃើញអ្នកឆ្លងរហូតដល់ជិត ៣ម៉ឺនករណី និងអ្នកស្លាប់ជិត ១ពាន់ករណីឯណោះ។
ចំណែកអ៊ីតាលី និងអេស្ប៉ាញឈរនៅលំដាប់បន្ទាប់ ដែលមានតួលេខCOVID-19 សរុបជាង១០ម៉ឺនករណី និងមានអ្នកស្លាប់ជាង ១ម៉ឺនដូចគ្នា។ ឈរនៅលំដាប់ទី៤ អាល្លឺម៉ង់ ក៏កំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 ដែរ ដោយមានករណី COVID-19 សរុបរហូតដល់ ៨៤០០០ករណី និងអ្នកស្លាប់ជាង ១ពាន់ករណី។ សម្រាប់បារាំងវិញអ្នកឆ្លងមានជិត ៦ម៉ឺនករណីប៉ុណ្ណោះ ប៉ុន្តែអ្នកស្លាប់មានច្រើនករណីរហូតដល់ជាង ៥ពាន់នាក់។
ដោយឡែកនៅប្រទេសចិនវិញ ហាក់ដូចជាធូរស្បើយបន្តិចព្រោះមានករណីសរុប ជាង៨ម៉ឺនករណីពិតមែន ប៉ុន្តែអ្នកស្លាប់មានតែជាង ៣ពាន់ករណីប៉ុណ្ណោះ អ្នកជាសះស្បើយវិញមានរហូតដល់ ៧៦០០០ករណី។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) COVID-19 បានរីកសាយភាយទៅប្រទេស និងដែនដីចំនួន ២០៥ គិតមកត្រឹមថ្ងៃទី២ ខែមេសានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com