COVID-19
ជាតិ
COVID-19៖ ទារកបារាំង៤ខែសះស្បើយ និងឆ្លង៤ករណីទៀត មានបារាំង៣នាក់ និងម៉ាឡេស៊ីម្នាក់
× ក្រសួងសុខាភិបាល នាថ្ងៃនេះ បានប្រកាសពីករណីសះស្បើយពី COVID-19 ១ករណីដែលជាទារកបារាំងអាយុ៤ខែ និងករណីឆ្លង៤ទៀត មានបារាំង៣នាក់ និងម៉ាឡេស៊ី១នាក់។ មកដល់ពេលនេះ អ្នកសះស្បើយសរុបឡើងដល់៣៥នាក់ និងអ្នកជំងឺឡើងដល់១១៤នាក់។
ករណីសះស្បើយ គឺជាទារកបារាំងអាយុ៤ខែ ដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ហើយជាកូនប្រុសរបស់បុរសបារាំង ដែលទើបសះស្បើយផងដែរ។ បច្ចុប្បន្ន នៅតែម្តាយទារកប៉ុណ្ណោះ ដែលនៅលទ្ធផលវិជ្ជមាន។ គាត់បានឆ្លងដោយសារតែសម្រេចចិត្តនៅមើលថែរក្សាកូនរបស់ខ្លួន។
រីឯករណី៤ថ្មីនោះ គឺមានបុរសបារាំងអាយុ៦៧ឆ្នាំ និងស្ត្រីបារាំងអាយុ៦៧ឆ្នាំ ដែលជាអ្នកទេសចរបារាំង ក្នុងចំណោម៣០នាក់ ដែលភាគច្រើនមាន COVID-19។ ពួកគាត់ត្រូវបានដាក់ឲ្យនៅព្យាបាលនៅ សណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ ដោយឡែកស្ត្រីបារាំង៥៩ឆ្នាំ ស្ថិតក្នុងចំណោមក្រុមទេសចរ៤នាក់ ផ្សេងពីក្រុមខាងលើ ហើយសម្រាកព្យាបាលនៅសណ្ឋាគារក្នុងខេត្តព្រះសីហនុផងដែរ។
ករណីទី៤នោះ គឺបុរសម៉ាឡេស៊ីអាយុ៤០ឆ្នាំ ដែលជាអ្នកដំណើរស្នាក់នៅបណ្តោះអាសន្ននៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ បុរសនោះស្ថិតក្នុងចំណោមក្រុមដែលមកធ្វើការងារសាសនា៨នាក់ ដោយ៧នាក់ឡើងមុន ក៏មានវិជ្ជមាន COVID-19 រួចទៅហើយ។
គិតត្រឹមថ្ងៃទី៣ ខែមេសា នេះ កម្ពុជាមានអ្នកជំងឺ COVID-19 ឡើងដល់១១៤ករណី ក្នុងនោះ៣៥នាក់ ដែលស្មើនឹង៣០,៧ភាគរយ បានសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com