ពីនេះ ពីនោះ
រូបត្លុក
COVID-19៖ ឥឡូវជំនួញដាំក្បាលចុះ តើវាងើបឡើងវិញនៅពេលណា?
× ក្នុងមួយថ្ងៃៗ សំណាង និងសុធីរ ជជែកគ្នាច្រើនពីរឿងសុខភាពសេដ្ឋកិច្ច និងសុខភាពមនុស្សដែលបង្កឡើងដោយមេរោគកូវីដ១៩។ បច្ចុប្បន្ននេះ ជំនួញនៅកម្ពុជាកំពុងដាំក្បាលចុះ តែសំណួរជាច្រើនចោទសួរឡើងថា តើវាត្រឡប់មករកស្ថានភាពធម្មតាឡើងវិញនៅពេលណា?
សំណាង៖ អា សុធីរ អ្ហែងដូចជាយល់ដឹងរឿងសេដ្ឋកិច្ចគ្រាន់បើដែរ។ តើអ្ហែងដឹងទេថា ពេលណាទើបសេដ្ឋកិច្ចវាងើបឡើងវិញ?
សុធីរ៖ ឥឡូវនេះ វាគឺជាចំណុចចាប់ផ្តើមនៃការដួលរលំរបស់ក្រុមហ៊ុន និងជំនួញមួយចំនួនធំមិនថា នៅលើពិភពលោក ឬនៅកម្ពុជាទេ។ អញចង់ប្រាប់អ្ហែងពីស្ថានភាពនៅកម្ពុជាបន្តិច។ បើឥឡូវនេះ ជាចំណុចចាប់ផ្តើម ដូច្នេះ ផលប៉ះពាល់ផ្ទាល់អាចមានរយៈពេលពី២ទៅបី៣ខែ។ ប៉ុន្តែ ដើម្បីឲ្យអ្វីៗអាចដំណើរការឡើងវិញជាធម្មតាវិញនោះ គេត្រូវការមិនតិចជាង៦ខែទេ អា សំណាង!
សំណាង៖ ហេតុអ្វីត្រូវការដល់ទៅ៦ខែទើបជំនួញដំណើរការធម្មតាឡើងវិញបាន?
សុធីរ៖ ដូចអ្ហែងឃើញស្រាប់ហើយ ឥឡូវនេះ ក្រុមហ៊ុន សហគ្រាស តូចឬមធ្យម ទើបចាប់ផ្តើមបិទទ្វារ និងរំសាយបុគ្គលិកចោល។ ជំនួញខ្លះសម្រេចបិទឥឡូវតែម្តង ជំនួញខ្លះទៀតសម្រេចបិទខែក្រោយ និងជំនួញខ្លះទៀតទុកបណ្តែតបន្តិចទៀតដោយរង់ចាំមើលស្ថានការណ៍សិន។ អញបញ្ជាក់ម្តងទៀត ផលប៉ះពាល់ខ្លាំង និងផ្ទាល់ គឺអាចពី២ ទៅ៣ខែ តែដំណើរការរៀបចំក្រុមហ៊ុន សហគ្រាស ឬជំនួញឲ្យដំណើរការធម្មតាឡើងវិញពិតជាត្រូវការពេលមិនតិចជាង៦ខែទេ។ ឧទាហរណ៍ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ពិតជាត្រូវការពេលយូរហើយ ព្រោះ ភ្ញៀវបរទេសត្រូវការចូលធ្វើការវិញសិនទើបមានលុយដើរកម្សាន្ត…។ អ៊ីចឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ពិតជាត្រូវការពេលយូរជាងគេ។
សំណាង៖ ចុះម៉េចយូរម្លេះ?
សុធីរ៖ អញគិតថា៦ខែ ព្រោះ ក្រុមហ៊ុនក្រោយពីជម្រុះបុគ្គលិកចោល ត្រូវជ្រើសរើសបុគ្គលិកឡើងវិញ ត្រូវសម្របសម្រួលអារម្មណ៍បុគ្គលិកឡើងវិញ ចរចាប្រាក់ខែឡើងវិញ រៀបចំក្រុមហ៊ុនឡើងវិញ ធ្វើកិច្ចសន្យាថ្មីឡើងវិញ។ល។ ទាំងអស់នេះ សុទ្ធតែត្រូវការពេលវេលាទាំងអស់។ សរុបសេចក្តីមក អញគិតថា ផលប៉ះពាល់ផ្ទាល់ពីកូរ៉ូណាតែ២ ឬ៣ខែទេ តែផលប៉ះពាល់ដោយប្រយោលអាចមានរយៈពេលដល់៦ខែឯណោះ។ ទាំងអស់នេះ គឺគ្រាន់តែជាគំនិតរបស់អញប៉ុណ្ណោះទេវើយ ហើយអញមិនមែនជាអ្នកសេដ្ឋកិច្ចទេ។ ខ្លួនអញផ្ទាល់ក៏ចង់ឲ្យអ្វីៗវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញលឿនជាងនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com