COVID-19
អន្តរជាតិ
មហាសន្និបាត UN អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាស​កល​លើ COVID-19
03, Apr 2020 , 7:19 pm        
រូបភាព
អង្គមហាសន្និបាត អង្គការសហប្រជាជាតិ-AFP
អង្គមហាសន្និបាត អង្គការសហប្រជាជាតិ-AFP
ដោយ:
​អង្គ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​២ ខែមេសា​បានអនុម័ត​សេចក្តីសម្រេច អំពាវនាវ​រក​«​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» និង​«​ពហុ​និយម​» ដើម្បី​ប្រឆាំងនឹង​ជំងឺ COVID-19​។ តាំងតែ​ពី​មានការ​រាតត្បាត​ជំងឺ COVID-19​ជាស​កល​មក សេចក្តីសម្រេច​ខាងលើ​លិខិតផ្លូវការ​ដំបូង​របស់​អង្គការសហប្រជាជាតិ​។

 
​សេចក្តីសម្រេច​របស់​អង្គ​មហាសន្និបាត បានបញ្ជាក់​ពី​ការចាំបាច់​ក្នុង​ការគោរព​សិទ្ធមនុស្ស​ឲ្យ​បាន​ពេញលេញ និង មិន​ឲ្យ​មាន​គ្រប់​ទ្រង់​នៃ​ការរើសអើង ការរើសអើង​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​ជនបរទេស ក្នុងការ​ឆ្លើយតប​ទៅកាន់​ជំងឺ​រាតត្បាត​ជាស​កល​។ 
 
​ប្រទេស​ស្វី​ស ឥណ្ឌូណេស៊ី សិង្ហ​បុរី ន័​រវេ​ស លិច​តិ​ន​ស្តា​ញ និង ហ្កាណា បានដាក់​ស្នើ​សេចក្តីសម្រេច​ខាងលើ និង​ទទួលបាន​ការអនុម័ត​គាំទ្រ​ពីរ​ដ្ឋ​សមាជិក​ចំនួន ១៨៨ ក្នុងចំណោម​១៩៣​។​
 
​ចំណែកឯ​រុ​ស្ស៉ី​វិញ​បាន​ព្យាយាម​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​ខាងលើ ដោយ​ស្នើ​ដាក់​អត្ថបទ​របស់ខ្លួន​វិញ តែ​បរាជ័យ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ចំនួន​៤ ប៉ុណ្ណោះ​។ ក្នុង​អត្ថបទ​របស់ខ្លួន រុស្ស៊ី​បាន​បាន​លើក​ផងដែរ​ពី​កិច្ចសហប្រតិបត្តិការ តែ​បាន​បង្កប់ន័យ​ទាមទារ​ឲ្យ​មានការ​លើកលែង​ទណ្ឌកម្ម​អន្តរជាតិ​ដែល​ទទួលបាន​ការគាំទ្រ​ពី សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល គុយបា នី​កា​រ៉ា​ហ្គា និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​សេចក្តីសម្រេចចិត្ត​នេះ សង្កត់ធ្ងន់​ទៅលើ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​បញ្ហា​សុខាភិបាល​សកល និង​វិ​ប​ត្ត​សេដ្ឋកិច្ច​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សេចក្តីសម្រេច​អនុម័ត​ដោយ​អង្គ​មហាសន្និបាត​មានតម្លៃ​ត្រឹមតែ​ជាការ​គាំទ្រ​នយោបាយ​ប៉ុណ្ណោះ និង​អាស្រ័យទៅលើ​ប្រទេស​ដែល​គាំទ្រ ខុសពី​សេចក្តី​ស​ម្រ​ច​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​។​
 
​ទូទាំង​ពិភពលោក ករណី​ឆ្លង COVID-19 មាន​ចំនួន​លើស​មួយ​លាន​ករណី និង​ស្លាប់​ជា​៥៣០០០​នាក់​។ ប្រទេស និង​តំបន់​ស្ទើរ​ទាំងអស់​ដែលជា​សមាជិក UN បាន​រាយការណ៍​ពី​ករណី​ឆ្លង​៕

© រក្សាសិទ្ធិដោយ thmeythmey.com