ជាតិ
តើ​អ្នកដឹង​ទេ​ថា​ត្រី​ដេក​យ៉ាងម៉េច ហើយ​វា​ដកដង្ហើម​ដោយ​របៀប​ណា​?
03, Apr 2020 , 7:39 pm        
រូបភាព
​ក្រាហ្វិក​បង្ហាញ​ពី​ផ្នែក​នៃ​ដងខ្លួន និង​ព្រុយ​របស់​ត្រី​។ ដោយ​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទ​ន្លែ​មេគង្គ​។​
​ក្រាហ្វិក​បង្ហាញ​ពី​ផ្នែក​នៃ​ដងខ្លួន និង​ព្រុយ​របស់​ត្រី​។ ដោយ​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទ​ន្លែ​មេគង្គ​។​
​ដោយ​៖ ជា សីលា / USAID Wonders of the Mekong
 
​ត្រី​ទឹកសាប​ចំនួន ៤០៣​ប្រភេទ ត្រូវបាន​ប្រមូល និង​កត់ត្រា​ពី​អាង​ទន្លេមេគង្គ ព្រមទាំង​ជួរ​ភ្នំក្រវាញ​នៃ​ប្រទេស​កម្ពុជា​។ នៅក្នុង​អត្ថបទ​នេះ​លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប សូម​ណែ​នាំនូវ​លក្ខណៈ​ទូទៅ របស់​ត្រី ដោយ​ផ្តោត​សំខាន់​លើ​សំណួរ​មួយ ចំនួន​ដូចជា​៖ តើ​ត្រី​ដកដង្ហើម​ដោយសារ​អ្វី​? តើ​ត្រី​ចេះ​ដេក​ដែរឬទេ​? តើ​ខ្លួន​ត្រី​ចែកចេញជា​ប៉ុន្មាន​ផ្នែក​? អ្វីខ្លះ​? ព្រុយ​ត្រី​មានមុខ​ងារ​ជា​អ្វីខ្លះ​?

 
​ដងខ្លួន​ត្រី មិន​ថា​ជា​ត្រី​ស្រកា ឬ​ត្រី​អត់​ស្រកា​ទេ គឺ​ចែកចេញជា​៣​ផ្នែក សំខាន់ៗ គឺ​ក្បាល ដងខ្លួន និង​កន្ទុយ (​សូម​មើល​បន្ថែម​លើ​ដ្យា​ក្រាម​រូប​ត្រី​)​។​
 
• ផ្នែក​ក្បាល​ត្រី គឺ​គិត​ចាប់ពី​ចុង​ច្រមុះ ដល់​ជាយ​ខាងក្រោយ​នៃ​គម្រប​ស្រកី​។ ឯ​ច្រមុះ​ត្រី គិតពី​ចុង​ក្បាល​ដល់​ជាយ​ខាងមុខ​នៃ​ភ្នែក​។​
 
• ផ្នែក​ដងខ្លួន​ត្រី គឺ​គិតពី​ជាយ​ខាងក្រោយ​នៃ​គម្រប​ស្រកី ទៅដល់​រន្ធ​គូទ​។​
 
• ផ្នែក​កន្ទុយ គឺ​គិត​ចាប់ពី​រន្ធ​គូទ ទៅ​ជាយ​ខាងក្រោយ​ឆ្អឹង​សំប៉ែត ដែល​ទ្រ​ព្រុយ​កន្ទុយ​។ ចំណែកឯ​ផ្នែក​ពី​ចុង​នៃ​គល់​ព្រុយ​គូទ ទៅ​ជាយ​ខាងក្រោយ​ឆ្អឹង​សំប៉ែត ដែល​ទ្រ​ព្រុយ​កន្ទុយ ហៅថា​គល់​កន្ទុយ​។​
 
​នៅលើ​ដងខ្លួន​ត្រី មាន​ព្រុយ​ចំនួន​៥ ប្រភេទ​គឺ​៖ ព្រុយ​ខ្នង ព្រុយ​ទ្រូង ព្រុយ​ពោះ ព្រុយ​គូទ និង​ព្រុយ​កន្ទុយ​។ ព្រុយ​ត្រី​នីមួយៗ មាន​មុខងារ​ផ្សេងៗ គ្នា​ដូចជា​៖ ទី​១ ព្រុយ​កន្ទុយ មាន​តួនាទី​ជួយ​រុញ​ច្រាញ​ដងខ្លួន​ត្រី ទៅមុខ​។ ទី​២ ព្រុយ​គូទ សម្រាប់​រក្សា​លំនឹង​ដងខ្លួន​។ ទី​៣ ព្រុយ​ពោះ មាន​មុខងារ​ប្រៀបបាន​ទៅនឹង​ហ្វ្រាំង​ជួយ​ទប់ ឬ​បន្ថយល្បឿន​។ ទី​៤ ព្រុយ​ទ្រូង មានមុខ​ងារ​ដូច​ច្រវា សម្រាប់​រុញច្រាន​ដងខ្លួន​ត្រី ឲ្យ​ទៅមុខ ឬ​ថយក្រោយ​។ ទី​៥ ព្រុយ​ខ្នង ប្រៀបដូចជា​ក្តោង សម្រាប់​តម្រង់ទិស និង​ជួយ​ទប់​លំនឹង​ដងខ្លួន​ត្រី​។​
 
​ទោះបី​មាន​ច្រមុះ តែ​ត្រី​មិន​ដកដង្ហើម​តាម​ច្រមុះ​ទេ​។ ត្រី​មិនមាន​សួត ដូចជា​ពពួកសត្វ​រស់​នៅលើ​គោក​ឡើយ​។ ជាទូទៅ ត្រី​ដកដង្ហើម​តាម​ស្រកី​។ ដំណើរការ​នៃ​ការដកដង្ហើម​របស់​ត្រី គឺ​កើតឡើង​នៅពេល​វា​លេបទឹក​ចូលក្នុង​មាត់​។ ទឹក​ហូរ​ចូលទៅក្នុង​មាត់​របស់​ត្រី ដោយ​ឆ្លងកាត់​ស្រកី​ដែលមាន​សរសៃ​ឆ្មារៗ ដូចជា​រោមសត្វ​។ ស្រកី​ត្រី បឺត​ស្រូបយក​អុកស៊ីសែន​ពី​ទឹក ហើយ​បញ្ជូន​ទៅក្នុង​សរសៃឈាម​។ បេះដូង​ត្រី​លោត បញ្ជូន​អុកស៊ីសែន ទៅគ្រប់​ទីកន្លែង​នៃ​ដងខ្លួន​របស់​វា​។ នៅពេល​ជាមួយគ្នា​នោះ ឧស្ម័ន​កាបូ​និក​នៅក្នុង​ឈាម បាន​បំ​ភាយ​ចេញមកក្រៅ ចូលទៅក្នុង​ទឹក តាមរយៈ​ស្រកី​។ 
 
​តើ​ត្រី​ចេះ​ដេក​ដែរឬទេ​? តាមពិត ត្រី​ក៏​ចេះ​ដេក​ដែរ​។ នេះ​បើតាម​ការអង្កេត​របស់ លោក ផា​ណា​រ៉ា ។ ត្រី​ដេក​មិន​បិទ​ភ្នែក​ទេ គឺ​វា​ដេក​នៅពេលដែល​វា​មិន​ធ្វើ​ចលនា​ចុះឡើង ដោយ​បក់​តែ​ព្រុយ​ទ្រូង និង​ព្រុយ​ខ្នង​ប៉ុណ្ណោះ ដើម្បី​រក្សា​លំនឹង​ដងខ្លួន​។ ពពួក​ត្រី​រ៉ស់ ត្រី​ឆ្តោ ជាទូទៅ​ពេលយប់​វា​សម្ងំ​ដេក​ដោយ​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​ទឹក​។ រីឯ​ត្រី​ផ្សេងៗ​ទៀត ក៏​ស្វែងរក​កន្លែង​ណា​ដែល​ជួយ​ទប់​លំនឹង​ខ្លួន​វា ដោយ​មិន​ធ្វើ​ចលនា​អ្វី​ទាំងអស់ ហើយក៏​សម្ងំ​ដេក​។ អ្នកស្រាវជ្រាវ នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា តើ​ត្រី​ដេក​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​នេះ​ជា ប្រធានបទ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ក្នុងការ​ស្រាវជ្រាវ​បន្តទៀត​។​
 
​អត្ថបទ​ដកស្រង់​ពី​៖ សៀវភៅ​មគ្គុទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា (២០១៨)
So, N., K. Utsugi, K. Shibukawa, P. Thach, S. Chhuoy, S. Kim, D. Chin, P. Nen. And P. Chheng. 2018. Fisheries of Cambodian Freshwater Bodies. Inland Fisheries Research and Development Institute, Fisheries Administration, Phnom Penh, Cambodia. 197pp.

© រក្សាសិទ្ធិដោយ thmeythmey.com