ដោយ៖ ជា សីលា / USAID Wonders of the Mekong
ត្រីទឹកសាបចំនួន ៤០៣ប្រភេទ ត្រូវបានប្រមូល និងកត់ត្រាពីអាងទន្លេមេគង្គ ព្រមទាំងជួរភ្នំក្រវាញនៃប្រទេសកម្ពុជា។ នៅក្នុងអត្ថបទនេះលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប សូមណែនាំនូវលក្ខណៈទូទៅ របស់ត្រី ដោយផ្តោតសំខាន់លើសំណួរមួយ ចំនួនដូចជា៖ តើត្រីដកដង្ហើមដោយសារអ្វី? តើត្រីចេះដេកដែរឬទេ? តើខ្លួនត្រីចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ? ព្រុយត្រីមានមុខងារជាអ្វីខ្លះ?
ដងខ្លួនត្រី មិនថាជាត្រីស្រកា ឬត្រីអត់ស្រកាទេ គឺចែកចេញជា៣ផ្នែក សំខាន់ៗ គឺក្បាល ដងខ្លួន និងកន្ទុយ (សូមមើលបន្ថែមលើដ្យាក្រាមរូបត្រី)។
• ផ្នែកក្បាលត្រី គឺគិតចាប់ពីចុងច្រមុះ ដល់ជាយខាងក្រោយនៃគម្របស្រកី។ ឯច្រមុះត្រី គិតពីចុងក្បាលដល់ជាយខាងមុខនៃភ្នែក។
• ផ្នែកដងខ្លួនត្រី គឺគិតពីជាយខាងក្រោយនៃគម្របស្រកី ទៅដល់រន្ធគូទ។
• ផ្នែកកន្ទុយ គឺគិតចាប់ពីរន្ធគូទ ទៅជាយខាងក្រោយឆ្អឹងសំប៉ែត ដែលទ្រព្រុយកន្ទុយ។ ចំណែកឯផ្នែកពីចុងនៃគល់ព្រុយគូទ ទៅជាយខាងក្រោយឆ្អឹងសំប៉ែត ដែលទ្រព្រុយកន្ទុយ ហៅថាគល់កន្ទុយ។
នៅលើដងខ្លួនត្រី មានព្រុយចំនួន៥ ប្រភេទគឺ៖ ព្រុយខ្នង ព្រុយទ្រូង ព្រុយពោះ ព្រុយគូទ និងព្រុយកន្ទុយ។ ព្រុយត្រីនីមួយៗ មានមុខងារផ្សេងៗ គ្នាដូចជា៖ ទី១ ព្រុយកន្ទុយ មានតួនាទីជួយរុញច្រាញដងខ្លួនត្រី ទៅមុខ។ ទី២ ព្រុយគូទ សម្រាប់រក្សាលំនឹងដងខ្លួន។ ទី៣ ព្រុយពោះ មានមុខងារប្រៀបបានទៅនឹងហ្វ្រាំងជួយទប់ ឬបន្ថយល្បឿន។ ទី៤ ព្រុយទ្រូង មានមុខងារដូចច្រវា សម្រាប់រុញច្រានដងខ្លួនត្រី ឲ្យទៅមុខ ឬថយក្រោយ។ ទី៥ ព្រុយខ្នង ប្រៀបដូចជាក្តោង សម្រាប់តម្រង់ទិស និងជួយទប់លំនឹងដងខ្លួនត្រី។
ទោះបីមានច្រមុះ តែត្រីមិនដកដង្ហើមតាមច្រមុះទេ។ ត្រីមិនមានសួត ដូចជាពពួកសត្វរស់នៅលើគោកឡើយ។ ជាទូទៅ ត្រីដកដង្ហើមតាមស្រកី។ ដំណើរការនៃការដកដង្ហើមរបស់ត្រី គឺកើតឡើងនៅពេលវាលេបទឹកចូលក្នុងមាត់។ ទឹកហូរចូលទៅក្នុងមាត់របស់ត្រី ដោយឆ្លងកាត់ស្រកីដែលមានសរសៃឆ្មារៗ ដូចជារោមសត្វ។ ស្រកីត្រី បឺតស្រូបយកអុកស៊ីសែនពីទឹក ហើយបញ្ជូនទៅក្នុងសរសៃឈាម។ បេះដូងត្រីលោត បញ្ជូនអុកស៊ីសែន ទៅគ្រប់ទីកន្លែងនៃដងខ្លួនរបស់វា។ នៅពេលជាមួយគ្នានោះ ឧស្ម័នកាបូនិកនៅក្នុងឈាម បានបំភាយចេញមកក្រៅ ចូលទៅក្នុងទឹក តាមរយៈស្រកី។
តើត្រីចេះដេកដែរឬទេ? តាមពិត ត្រីក៏ចេះដេកដែរ។ នេះបើតាមការអង្កេតរបស់ លោក ផាណារ៉ា ។ ត្រីដេកមិនបិទភ្នែកទេ គឺវាដេកនៅពេលដែលវាមិនធ្វើចលនាចុះឡើង ដោយបក់តែព្រុយទ្រូង និងព្រុយខ្នងប៉ុណ្ណោះ ដើម្បីរក្សាលំនឹងដងខ្លួន។ ពពួកត្រីរ៉ស់ ត្រីឆ្តោ ជាទូទៅពេលយប់វាសម្ងំដេកដោយបណ្តែតខ្លួននៅលើផ្ទៃទឹក។ រីឯត្រីផ្សេងៗទៀត ក៏ស្វែងរកកន្លែងណាដែលជួយទប់លំនឹងខ្លួនវា ដោយមិនធ្វើចលនាអ្វីទាំងអស់ ហើយក៏សម្ងំដេក។ អ្នកស្រាវជ្រាវ នៅមិនទាន់អាចបញ្ជាក់បានទេថា តើត្រីដេកប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ហើយនេះជា ប្រធានបទគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងការស្រាវជ្រាវបន្តទៀត។
អត្ថបទដកស្រង់ពី៖ សៀវភៅមគ្គុទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា (២០១៨)
So, N., K. Utsugi, K. Shibukawa, P. Thach, S. Chhuoy, S. Kim, D. Chin, P. Nen. And P. Chheng. 2018. Fisheries of Cambodian Freshwater Bodies. Inland Fisheries Research and Development Institute, Fisheries Administration, Phnom Penh, Cambodia. 197pp.