អន្តរជាតិ
បក្សសម្ព័ន្ធ​យោធា NATO ស្វាគមន៍​ម៉ា​សេ​ដ្វា​ន​ខាងជើង​ជា​សមាជិក​ទី​៣០
03, Apr 2020 , 9:19 pm        
រូបភាព
រូបភាព៖ NATO
រូបភាព៖ NATO
​រដ្ឋមន្ត្រីការបរទេស​បក្សសម្ព័ន្ធ​យោធា​NATO នា​ថ្ងៃទី​២ ខែមេសា បាន​ស្វាគមន៍​ម៉ា​សេដ្ឋា​ន​ខាងជើង​ក្លាយជា​សមាជិក​ទី​៣០​ថ្មី​។ ការ​ក្លាយជា​សមាជិក​របស់​ប​ក្ស​សម្ព័ន្ធ​យោធា​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេសមួយ​នេះ បាន​ចរចា​ជា​យូរ​រហូតមក​។


 
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយនា​កិច្ចប្រជុំ Video Conference រដ្ឋមន្ត្រីការបរទេស​របស់​អង្គការ NATO​បាន​អបអរសាទរ​ម៉ា​សេ​ដ្វា​ន​ខាងជើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ស្វាគមន៍​រដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង ជា​សម្ព័ន្ធមិត្ត​ទី​៣០​របស់​បក្សសម្ព័ន្ធ​យោធា NATO»​។ 
 
​កាលពី​ឆ្នាំ​២០១៩ ប្រទេស​សមាជិក​NATO ទាំង​២៩​ប្រទេស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​អនុញ្ញាត​ឲ្យ ម៉ា​សេ​ដ្វា​ន​ខាងជើង​ក្លាយជា​សមាជិក​ថ្មី​។ រហូតមកដល់​ថ្ងៃទី​២៧ ខែមីនា ទើប​ម៉ា​សេ​ដ្វា​ន​ខាងជើង បាន​ក្លាយជា​សមាជិក​ផ្លូវការ​របស់​អង្គការ NATO​។ 
 
​ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រិ​ក និង​ម៉ា​សេ​ដ្វា​ន​ខាងជើង បញ្ចប់​វិវាទ​ជាមួយគ្នា ជុំវិញ​ឈ្មោះ​ប្រទេស ពោលគឺ​ដូរ​ពី​ម៉ា​សេ​ដ្វា​ន ទៅ​ម៉ា​សេ​ដ្វា​ន​ខាងជើង​។  នា​ដើម​សប្តាហ៍​នេះ ម៉ា​សេ​ដ្វា​ន​ខាងជើង បាន​ដំឡើង​ទង់ជាតិ​របស់ខ្លួន​នាទី​ស្នាក់ការ​កណ្តាល​រប​ស់​បក្សសម្ព័ន្ធ NATO នា​ប្រទេស​បែលហ្ស៊ិក​។​
 
​សូមបញ្ជាក់ថា  បក្សសម្ព័ន្ធ​យោធា NATO ដែល​ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ ១៩៤៩ ក្នុងអំឡុងពេល​សង្គ្រាម​ត្រជាក់ ដើម្បី​ទប់ទល់​ជាមួយ​ឥទ្ធិពល​របស់​សហភាព​សូ​វៀត​។ បន្ថែម​ពីលើ​នេះ NATO ត្រូវបាន​បង្កើតឡើង ដើម្បី​ការពារ​សន្តិសុខ​រួម (Collective Security)​របស់​សមាជិក​ទាំងអស់​។ គិត​មក​ត្រឹម​ពេលនេះ NATO មាន​សមាជិក​សរុប​ចំនួន ៣០​ប្រទេស​ហើយ​៕ 

Tag:
 NATO
© រក្សាសិទ្ធិដោយ thmeythmey.com