ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តចំនួន១៣នាក់ទៀតរបស់ចិន នឹងមកកម្ពុជា ដើម្បីជួយប្រយុទ្ធនឹងជំងឺកូវីដ-១៩(COVID-19)ក្នុងរយៈពេល១៥ថ្ងៃ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបញ្ជាក់ថាក្រុមគ្រូពេទ្យស័គ្ម្រចិត្តទាំងនោះ នឹងមកដល់កម្ពុជាឆាប់ៗ(ខែមេសា ឆ្នាំ២០២០) ដោយធ្វើដំណើរតាមរថយន្តចេញពីខេត្តយូណាន ប្រទេសចិន ចូលកម្ពុជាតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។
បើតាមលោក ប្រាក់ សុខុន គ្រូពេទ្យនោះមកកម្ពុជាតាមរយៈអង្គការសង្គ្រោះមេឃពណ៌ខៀវ(Blue Sky Rescue Organization)។ ក្រៅពីបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តដែលមានបទពិសោធន៍ប្រយុទ្ធនឹងកូវីដ-១៩ អង្គការរបស់ចិនមួយនោះ ក៏ផ្តល់នូវបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលមានតម្លៃសរុបជាង១៤ម៉ឺនដុល្លារ ផងដែរ។
ក្នុងពិធីទទួលជំនួយរបស់ចិនដែលជាបរិក្ខាពេទ្យសម្រាប់ការពារពីមេរោគកូវីដ-១៩ មានតម្លៃជិត១៦ម៉ឺនដុល្លារ ផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣មីនា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយកម្ពុជា ក្នុងការប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
លោក កឹមរ័ត្ន វិសិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា បរិក្ខាពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ ដែលចិនផ្តល់ឲ្យកម្ពុជានោះមាន ម៉ាស់ពេទ្យចំនួន១,៥លានសន្លឹក ម៉ាស់3D ៥ម៉ឺនសន្លឹក, អាវពេទ្យសម្រាប់ការពារមេរោគជិត៨ពាន់ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន(ប្រមាណ ១៥,៩ម៉ឺនដុល្លារ)។
ម៉ាស់ និងសម្លៀកបំពាក់ការពារមេរោគកូវីដ-១៩ តម្លៃជិត១៦ម៉ឺនដុល្លារដែលចិនផ្តល់ឲ្យកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣មីនា ឆ្នាំ២០២០។
លោកបានអះអាងថា សម្ភារនៃបរិក្ខាពេទ្យសម្រាប់ការពារមេរោគកូវីដ-១៩ នេះ នឹងផ្តល់ជូនបន្តទៅបណ្តាខេត្តឬមូលដ្ឋានណាដែលខ្វះខាត និងមានតម្រូការចាំបាច់។ ជាមួយនឹងគ្នានេះ លោក កឹមរ័ត្ន វិសិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា គ្រូពេទ្យស្ម័គ្រចិនទាំង១៣នាក់ខាងលើ មកនឹងកម្ពុជានៅក្នុងចន្លោះខែមេសា ឆ្នាំ២០២០ ដោយលោកបាននិយាយដូច្នេះ៖«យើងមិនទាន់ដឹងច្បាស់លាស់ថា គ្រូពេទ្យចិនទាំងនោះចាកចេញពីប្រទេសខ្លួនមកកម្ពុជានៅថ្ងៃណាទេ! ហើយក៏មិនទាន់ដឹងថាពួកគាត់ចូលមកដល់កម្ពុជាថ្ងៃណាដែរ។ ប៉ុន្តែ យើងច្បាស់ណាស់ថាពេទ្យទាំងនោះនឹងមកកម្ពុជាក្នុងរយៈពេល១៥ថ្ងៃ ហើយពួកគាត់នឹងដល់កម្ពុជាឆាប់ៗ ក្នុងខែមេសា នេះ»។
សូមរម្លឹកថា កន្លងមកចិនបានបញ្ជូនគ្រូពេទ្យ១១នាក់ ដែលមានជំនាញនិងបទពិសោធន៍នឹងប្រយុទ្ធនឹងមេរោគកូវីដ-១៩ មកកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងជួយព្យាបាលអ្នកជំងឺដោយសារមេរោគនេះ។ ក្នុងចំណោមគ្រូពេទ្យទាំង១១នាក់នោះ មាន៧នាក់មកដល់កម្ពុជា កាលពីថ្ងៃទី២៣មីនា និងគ្រូពេទ្យឯកទេសយោធាចិន៤នាក់(ស្ត្រីម្នាក់) មកដល់កម្ពុជា កាលពីថ្ងៃទី២៤មីនា ឆ្នាំ២០២០។
គិតត្រឹមថ្ងៃទី៣មេសា កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន១១៤ករណី ក្នុងរាជធានី-ខេត្តចំនួន១៣ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន៣៥នាក់៕