COVID-19
ជាតិ
ជួយ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ គួរ​ផ្អាក​គម្រោង​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ពេល​ចូលឆ្នាំថ្មី​!
03, Apr 2020 , 4:25 pm        
រូបភាព
ការលេងជះទឹក និងជួបជុំគ្នានាពិធីចូលឆ្នាំខ្មែរកន្លងមក។ រូបថត AFP
ការលេងជះទឹក និងជួបជុំគ្នានាពិធីចូលឆ្នាំខ្មែរកន្លងមក។ រូបថត AFP
​នៅសល់​ប្រហែល ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ជំងឺឆ្លង​សាកល​កូ​វីដ​-១៩​។ ថ្វីបើ​ករណី​ឆ្លង​មេរោគ​នេះ​នៅ​កម្ពុ​ជាមាន​កម្រិត​ទាប​ក៏ពិតមែន  ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​នេះ​គួរ​ធ្វើឡើង​ក្នុង​បរិបទ​ក្រុមគ្រួសារ ជំនួស​ឲ្យ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចេញពី​ក្រុង​ទៅតាម​បណ្តា​ខេត្ត ការជួប​ជុំគ្នា​ទ្រង់ទ្រាយ​ធំ និង​ការដើរ​កម្សាន្ត​ផង​ដើម្បី​ទប់ស្កាត់​ការបន្ត​ឆ្លង​ឲ្យ​មាន​ប្រសិទ្ធភាព​។ 

 
​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី ខែ១៦ ខែមេសា​។ ជា​ទម្លាប់​ប្រជាជន​មួយចំនួនធំ​នឹង​ចាក​ចេញពី​ទីក្រុង​ដែល​ខ្លួន​កំពុង​ប្រកប​របរ​វិជ្ជាជីវៈ រស់នៅ និង​រៀនសូត្រ ដើម្បី​ទៅ​ជួបជុំ​គ្រួសារ​នៅតាម​បណ្តា​ខេត្ត​នានា​។ យ៉ាងណាមិញ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែលមាន​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ ១៩ នេះ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពី​ទីក្រុង​ទៅតាម​ខេត្ត និង​ការជួប​ជុំគ្នា​នៅតាម​ខេត្ត​ជា​រឿង​ដែល​អាច​បង្ក​ហា​និ​ភ័យ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​
 
​មូលហេតុ​អ្វី​បានជា​ខ្ញុំ​លើកឡើង​ដូច្នេះ​? វា​មាន​មូលហេតុ​សាមញ្ញ​បីយ៉ាង ដែល​មិនចាំបាច់​អ្នកជំនាញ​បកស្រាយ​ឡើយ​។ ទីមួយ​គឺ អ្នក​បាន​ឆ្លង​ជំងឺ​មិនមាន​បង្ហាញ​រោគសញ្ញា​។ ករណី​ដែល​ឆ្លង​មិនមាន​រោគសញ្ញា​នេះហើយ ដែល​អ្នកជំនាញ​បារម្ភ​ខ្លាំង ដ្បិតថា អ្នក​ទាំងនោះ​ជា​អ្នក​ផ្ទុកមេរោគ​ស្ងៀមស្ងាត់ (Silent Carriers)​ធ្វើ​ឲ្យ​ករណី​ឆ្លង​កើនឡើង​រហ័ស និង​ពិបាក​កំណត់​ប្រភព​។ ជាក់ស្តែង អ្នក​ដែល​បាន​ឆ្លង​នៅ​កម្ពុ​ជាមាន​តិចតួច​ប៉ុណ្ណោះ​ដែលមាន​រោគសញ្ញា​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​អ្នកជំងឺ​ភាគច្រើន​បញ្ហា វា​អាចមាន​អាកា​រៈ​ប្រហាក់ប្រហែល​នឹង​ផ្តាសាយធំ​។   យើង​មិនអាច​ដឹងថា អ្នកណា​មាន​ផ្ទុក​ជំងឺ ឬ​អត់​ទេ​។ 
 
​ត្រង់ចំណុច​នេះ វា​អាចជា​យើង​ខ្លួនឯង​ដែលមាន​ផ្ទុកមេរោគ ឬ​មនុស្ស​ដែល​យើង​ជួប ហើយ​កំពុង​ដើរហើរ​ដូច​យើង​នោះ​អាចមាន​ផ្ទុកមេរោគ​នេះ​។ ដូច្នេះ យើង​គួរ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​។​
 
​មូលហេតុ​ទី​ពីរ គឺ កុំ​ធ្វេសប្រហែស ឬ​មើលស្រាល​ស្ថានការណ៍​នៅពេល​មានការ​ឆ្លង​មេរោគ​មានការ​ថមថយ​នៅ​កម្ពុជា​។ ថ្វី​កំណើន​អ្នក​ឆ្លង​ហាក់​មានការ​ថមថយ​គួរ​ឲ្យ​កត់សម្គាល់​ក្តី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ក្តី វា​មិន​មានន័យថា យើង​ឈ្នះ​សង្គ្រាម​ប្រឆាំងនឹង​មេរោគ​នេះ​ទេ​។ ចូរ​ងាក​ទៅ​មើល​ប្រទេសជិតខាង​យើង​ដូចជា​ថៃ​ឬ​វៀតណាម ឬ​ប្រទេស​នានា​ក្នុង​ពិភពលោក វា​ហាក់ដូចជា​ស្ថិតនៅ​ឆ្ងាយ​ណាស់​ពី​ជ័យជម្នះ​។ អាត្រា​ឆ្លង​អាច​នឹង​កើន​ឡើងវិញ​គ្រប់ពេលវេលា បើ​យើង​មើលស្រាល ឬ​ធ្វេសប្រហែស​នៅពេលនេះ​។ វា​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ផង​ក៏​ថា​បាន​។  
 
​យ៉ាងណា​ក៏ដោយចុះ រឿង​ដែល​ខ្ញុំ​បារម្ភ គឺ ខ្ញុំ​សង្កេតឃើញ​រួចទៅហើយ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ថា ភាព​ម​មា​ញឹក​នៅក្នុង​ទីក្រុង​ភ្នំពេញ ហាក់​ត្រឡប់មកវិញ​បណ្តើរៗ​រួចទៅហើយ​។ ប្រជាជន​យើង​ខ្លះ​បន្ត​ជួបជុំ​ហូបចុក​ជាមួយ​ញាតិមិត្ត​បងប្អូន​ដោយ​មិន​គិតពី​សុវត្ថិភាព​ខ្លួន និង​មនុស្ស​ជុំវិញ​ឡើយ​។ ចូរ​ឈប់​គិតថា យើង​មាន​វ័យក្មេង​មិន​ងាយ​ឆ្លង ហើយ​បើ​ឆ្លង​ក៏​មិន​ស្លាប់​ដែរ​។  ចូរ​កុំ​គិតថា ករណី​ឆ្លង​តិច ប្រហែល​មិនអាច​បន្ត​ឆ្លង​ដល់​យើង​ទេ​។ ការគិត ឬ​យល់​បែបនេះហើយ​ជា​កំហុសឆ្គង​ដ៏​ធំ​។ 
 
​ទី​បី​គឺ ត្រូវ​ចាំ​ថា មេរោគ​នេះ​នឹង​បន្ត​នៅ​ជាមួយ​យើង​គ្រប់គ្នា​ទៅមុខ ដរាបណា​អ្នកវិទ្យាសាស្ត្រ​មិនទាន់​ស្រាវជ្រាវ​បាន​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​។ ត្រង់នេះ វា​មានន័យថា   យើង​គ្រប់គ្នា​នៅតែមាន​ហា​នី​ភ័យ​ខ្ពស់​ក្នុង​ឆ្លង​មេរោគ​នេះ​បាន​គ្រប់ពេលវេលា ហើយ​ត្រូវ​ចាំ​ថា មេរោគ​នេះ​ងាយ​ឆ្លង​ខ្លាំងណាស់ ពោលគឺ​ខ្លាំង​ជាង​ផ្តាសាយ​ទៅទៀត​។ ឧទាហរណ៍​ថា ទោះ​ការឆ្លង​មេរោគ​នេះ​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង​ក៏ដោយចុះ បើសិន​មាន​អ្នកណាម្នាក់​មាន​ជំងឺ​នេះ ចូលមកក្នុង​ប្រទេស​យើង ការឆ្លង​នឹង​បន្ត​រាលដាល​ជាថ្មី​ជា​បន្តបន្ទាប់​ដោយ​ពិបាក​ទប់ស្កាត់​។ 
 
​តាម​យោបល់​ខ្ញុំ ការប្រុងប្រយ័ត្ន​ក្នុងការ​ដើរហើរ បញ្ចៀស​ការជួប​ជុំគ្នា​ទ្រង់ទ្រាយ​ធំ និង​រក្សា​អនាម័យ​ខ្លួនប្រាណ នឹងត្រូវ​បន្តធ្វើ​ជា​ខ្ជាប់ខ្ជួន​ទៅមុខទៀត​ដោយ​មិនមាន​ពេល​កំណត់​ច្បាស់​ឡើយ​។ 
 
​ត្រឡប់មកវិញ  ខ្ញុំ​សង្ឃឹមថា ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​ចំពោះ​គម្រោងការ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ពេលមុន ឬ​អំឡុងពេល​ចូលឆ្នាំ​ដើម្បី​ទៅ​ជួបជុំ​គ្រួសារ​។ បើទោះជា​មិនទាន់​មានការ​រឹតបន្តឹង​ការធ្វើដំណើរ​ជា​ផ្លូវការ​ក្តី ឬ​ការបិទ​ទីក្រុង​ឬ​ប្រទេស​ជា​ផ្លូវការ​ដូច​ប្រទេស​ដទៃ​ក្តី ក្នុងនាម​ជា​ពលរដ្ឋ​ដែលមាន​ទំនួល​ខុសត្រូវ យើង​គប្បី​អនុវត្តតាម​វិធានការ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​នេះ​។ 
 
​ចុងក្រោយ ខ្ញុំ​សូម​សំណូមពរ​ទៅ​បងប្អូន ចូរ​កុំ​ឲ្យ​ការធ្វេសប្រហែស​របស់​យើង​ក្លាយជា​បញ្ហា ហើយ​ចូរ​កុំ​ឲ្យ​បំណង​ចង់​សប្បាយរីករាយ​របស់​យើង​ពេលនេះ​ក្លាយជា​ទុក្ខ​សម្រាប់​មនុស្ស​ជុំវិញ និង​សហគមន៍​ទាំងមូល​។  ការទប់ស្កាត់​ការឆ្លង​ទៅកាន់​សហគម​ន៍​ជា​កាតព្វកិច្ច​របស់​យើង​រាល់គ្នា​ហើយ​ត្រូវ​ចាំ​ថា ការរក្សា​សុវត្ថិភាព និង​សុខភាព​ប្រជាជាតិ​យើង​ទាំងមូល​គឺ​ស្ថិតនៅលើ​ការសម្រេចចិត្ត​របស់​យើង​រាល់គ្នា​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com