COVID-19
អន្តរជាតិ
COVID-19៖ សិង្ហ​បុរី ប្រកាស​បិទ​កន្លែងធ្វើកា​រ​មិនចាំបាច់ និង​សាលារៀន
03, Apr 2020 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងសារទៅកាន់ប្រជាជន។
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងសារទៅកាន់ប្រជាជន។
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​៣ ខែមេសា បានប្រកាស​វិធានការ​ថ្មី និង​តឹងរ៉ឹង​ថែមទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ក្នុងប្រទេស​។ ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ កន្លែងធ្វើការ​មិនចាំបាច់ ត្រូវ​បិទទ្វារ​ទាំងអស់ ហើយ​សាលារៀន​ក៏​បិទទ្វារ​ដូចគ្នា​ដែរ​ដោយ​សិស្ស​គ្រប់​កម្រិត​ត្រូវ​រៀន​តាម​ផ្ទះ​រៀងៗ​ខ្លួន​។ វិធានការ​គម្លាត​សង្គម នឹងត្រូវ​អនុវត្ត​ដដែល សំដៅ​កាត់បន្ថយ​ការឆ្លង​ក្នុងស្រុក​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​សិង្ហ​បុរី​។​

 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែមេសា ករណី​ឆ្លង COVID-19 នៅ​សិង្ហ​បុរី កើន​លើស​មួយ​ពាន់​នាក់ ដោយ​ក្នុងនោះ ករណី​ឆ្លង​ក្នុងស្រុក និង​ការឆ្លង​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ បាន​កើនឡើង​យ៉ាង​រហ័ស​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ដើម្បី​ទប់ស្កាត់​ការ​រាលដាល និង​ជា​វិធានការ​មុន​រឿង​មិនល្អ​កើតឡើង​ថែមទៀត រដ្ឋាភិបាល​សិង្ហ​បុរី បានដាក់​ចេញ​ចំណាត់ការ​បន្ថែមទៀត ដោយ​មិន​រង់ចាំ​ដល់​ករណី​ឆ្លង​ឡើង​កាន់តែខ្លាំង​នៅ​សប្ដាហ៍​ខាងមុខ​ឡើយ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ទៅកាន់​ប្រជាជន នាយករដ្ឋមន្ត្រី លី សៀន​ឡុង ប្រកាស​បិទ​កន្លែងធ្វើកា​រដែ​ល​មិនចាំបាច់​ទាំងអស់​នៅ​ទូទាំងប្រទេស លើកលែង​អាជីវកម្ម​ចាំបាច់ និង​ក្រុមហ៊ុន​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ ដោយ​អនុវត្ត​ពីថ្ងៃ​ទី​៧ ខែមេសា​ទៅ​។ អាជីវកម្ម​ដែល​អាច​ដំណើរការបាន​មាន សេវាកម្ម​ចំណីអាហារ ទីផ្សារ​នានា គ្លីនិក មន្ទីរពេទ្យ សេវា​ដឹកជញ្ជូន និង​សេវាកម្ម​ធនាគារ​សំខាន់ៗ​។ 
 
«​យើង​មិនអាច​បង្អាក់​វិស័យសេដ្ឋកិច្ច​ដែលជា​ចំណុច​យុទ្ធសាស្ត្រ ឬ​ជា​ផ្នែក​មួយ​នៃ​ចង្វាក់​ផលិតកម្ម​ពិភពលោក​បានឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់់លោក លី ពាក់ព័ន្ធ​ការអនុញ្ញាត​ឲ្យ​ការិយាល័យ​ធ្វើការ​ខ្លះ​បន្តការងារ​របស់ខ្លួន​នោះ​។ លោក​បន្តថា អ្នកធ្វើការ​ក្នុង​ផ្នែក​ទាំងនេះ អាច​បន្តទៅ​ធ្វើការ ដោយ​បន្ត​អនុវត្តតាម​វិធាន​គម្លាត​សង្គម ហើយ​ការិយាល័យ​ភាគច្រើន ត្រូវតែ​បិទ ប៉ុន្តែ​អ្នក​ដែល​អាចធ្វើ​ការ​ពី​ផ្ទះ​បាន គួរតែ​ធ្វើ​បែប​នោះ​។​
 
​ទោះជា​យ៉ាងណា លោក លី ទទួលស្គាល់​ដែរ​ថា ក៏មាន​អ្នក​ដែល​មិនអាច​ធ្វើតាម​បម្រាម​ថ្មី​នេះដែរ​រាប់ទាំង​កម្មករ​បរទេស​ដែល​ធ្វើការ​នៅតាម​ការដ្ឋាន​អាគារ ឬ​កប៉ាល់​ជាដើម​។ ដោយសារ​ភាគច្រើន​នៃ​កម្មករ​ទាំងនេះ ស្នាក់នៅ​អាគារ​រួមគ្នា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​អះអាងថា អាជ្ញាធរ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​ជាមួយគ្នា​នោះ សិង្ហ​បុរី នឹង​អនុវត្ត​ការសិក្សា​តាម​ផ្ទះ​ពីថ្ងៃ​ទី​៨ ខែមេសា​។ លោក លី និយាយ​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​។ សិស្ស​នៅ​គ្រប់​គ​ម្រិ​ត​ទាំងអស់ ត្រូវ​រៀន​ពី​ផ្ទះ​របស់​ពួកគេ​។ សា​លាម​ត្តេ​យ្យ និង​ថ្នាក់​ថែ​ទាំង​កុមារ ត្រូវ​បិទ​ដូចគ្នា ប៉ុន្តែ​អាច​ផ្ដល់​សេវាកម្ម​ខ្លះ​សម្រាប់​ឪពុកម្ដាយ​ដែល​មិនអាច​មើលថែ​កូនៗ​របស់​ពួកគេ​។ 
 
​ក្នុង​វិធានការ​ថ្មី​នេះ លោក លី ពន្យល់​ទៀត រដ្ឋាភិបាល នឹង​រឹតបន្តឹង​ការដើរ​ហើរ និង​ការជួបជុំ​របស់​ប្រជាជន​។ ត្រង់នេះ លោក​លើកឡើងថា ប្រជាជន​គួរតែ​នៅផ្ទះ​ឲ្យ​បាន​គ្រប់​ពេលដែល​អាចធ្វើ​បាន ចៀសវាង​ជួប​អ្នកផ្សេង​ក្រៅពី​សមាជិកគ្រួសារ ហើយ​អាច​ជួបជុំ​ក្នុង​បរិវេណ​ផ្ទះ​រៀងៗ​ខ្លួន​។ ការចេញ​ក្រៅ​ផ្ទះ គួរ​ធ្វើឡើង​ក្នុង​គោលដៅ​ចាំបាច់​ដូចជា​ការ​ទៅធ្វើ​ការ ឬ​ទិញ​សម្ភារ​និង​អាហារ ឬ​ហាត់ប្រាណ​បាន​ហើយ​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com