COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Maradona ប្រាប់ឲ្យក្លិបកាត់ប្រាក់ខែ អំឡុងវិបត្តិ COVID-19
× វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona បានស្នើសុំកាត់ប្រាក់ឈ្នួលរបស់ខ្លួន ដើម្បីជួយក្លិប Gimnasia La Plata ក្នុងអំឡុងពេលមានវិបត្តិដោយសារ COVID-19។ នេះបើតាមការអះអាងរបស់ប្រធានក្លិប Gimnasia LP លោក Gabriel Pellegrino។
លីគកីឡាបាល់ទាត់កំពូលអាហ្សង់ទីនត្រូវបានផ្អាកដោយគ្មានកំណត់ បន្ទាប់ពីជំងឺរាតត្បាតបង្កឡើងដោយកូរ៉ូណាប្រភេទថ្មី (COVID-19) រីករាលដាល់ខ្លាំងរហូតបង្កឲ្យមានការភ័យក្លាចដល់សុខភាពកីឡាករ និងអ្នកពាក់ព័ន្ធ។ ប៉ុន្តែការផ្អាកនេះ នឹងនាំហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចរបស់ក្លិប។
Maradona ដែលនៅសល់រយៈពេល៤ខែទៀតក្នុងកិច្ចសន្យារបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ La Plata បានដាក់សំណើកាត់ប្រាក់ឈ្នួលខ្លួនទៅកាន់មន្ត្រីក្លិបតាមរយៈក្រុមអ្នកគ្រប់គ្រងរបស់លោកនៅថ្ងៃទី២ ខែមេសា។
«តាមរយៈជំនួយការរបស់គាត់យើងបានទទួលសំណើនោះហើយ។ គាត់ [Maradona] បានសរសេរថា បើចាំបាច់កាត់បន្ថយប្រាក់ចំណូលគាត់ គាត់សុខចិត្តធ្វើវា។ ដោយនិយាយពីចំនួនអ្នកដែលមិនសូវខ្វល់ពីលុយ ផ្ទុយទៅវិញ Maradona អាចជួយ Gimnasia LP តាមរយៈស្ថានភាពដ៏លំបាកនេះ។ ប្រធានក្លិប Gimnasia LP លោក Pellegrino បានប្រាប់កាសែតអាហ្សង់ទីន Cielo Sports បែបនេះ។
សំណើរបស់ Maradona បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមិត្តរួមជាតិរបស់លោក គឺខ្សែប្រយុទ្ធ Lionel Messi បានបបួលមិត្តរួមក្រុម FC Barcelona ទាំងអស់កាត់បន្ថយប្រាក់ឈ្នួលចំនួន ៧០ ភាគរយ ដើម្បីធានាសម្រាប់បុគ្គលិកក្លិបទាំងអស់ទទួលប្រាក់ឈ្នួលពេលលេញអំឡុងពេលមានវិបត្តិនេះ។
មុនការផ្អាកលីគ Gimnasia LP ស្ថិតនៅលេខរៀងទី១៩ ក្នុងតារាងលីគកំពូលអាហ្សង់ទីនក្នុងចំណោម២៤ក្រុម ដែលជាទីតាំងត្រូវប្រជែងដើម្បីគេចផុតពីការកាត់ចោលនៅរដូវកាលក្រោយ។ លោក Pellegrino អះអាងថាមន្ត្រីក្លិបមិនទាន់បានពិភាក្សាជាមួយ Maradona វ័យ៥៩ឆ្នាំ អំពីការបន្តកិច្ចសន្យាដែលនឹងផុតកំណត់នៅថ្ងៃទី ២២ ខែសីហា ខាងមុខនេះឡើយ។
រហូតមកទល់ពេលនេះមានកីឡាករដែលប្រកបអាជីពក្នុងលីគកំពូលៗដូចជា Atletico Madrid, Bayern Munich, Borussia Dortmund និង Juventus ជាដើមសុទ្ធតែយល់ព្រមទូទាត់ប្រាក់ឈ្នួលជួយក្លិបរបស់ពួកគេរៀងខ្លួន អំឡុងពេលវិបត្តិ COVID-19 នេះ៕
Tag:
Gimnasia La Plata
Diego Maradona
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com