COVID-19
អន្តរជាតិ
ជប៉ុន គ្រោង​ផ្ដល់​លុយ​២៨០០​ដុល្លារ​ឲ្យ​គ្រួសារ​រងគ្រោះ​ដោយសារ COVID-19
04, Apr 2020 , 6:29 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Kyodo)
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Kyodo)
ដោយ:
​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ និង​បក្ស​កាន់អំណាច​លោក បាន​យល់ព្រម​នៅ​ថ្ងៃទី​៣ ខែមេសា​ថា រដ្ឋាភិបាល​នឹង​ផ្ដល់ជូន​ប្រាក់ ២៨០០​ដុល្លារ​ដល់​គ្រួសារ​ជប៉ុន​រងគ្រោះ​ដោយសារ​ការបាត់បង់​ចំណូល​ព្រោះ​ជំងឺ​រាតត្បាត​សាកល COVID-19 ។ ប្រធាន​ផ្នែក​គោលនយោបាយ​របស់​បក្ស​កាន់អំណាច (LDP) លោក Fumio Kishida បាន​ទម្លាយ​ការព្រមព្រៀង​គ្នា​នេះ​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោក អា​បេ​។

 
​ពលរដ្ឋ​ជប៉ុន​ប្រមាណ​១០​លាន​គ្រួសារ ក្នុងចំណោម​៥៨​លាន​គ្រួសារ រំពឹងថា នឹងមាន​សិទ្ធិ​សម្រាប់​កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​។ នេះ​បើតាម​ប្រភពពី​មន្ត្រី​ជប៉ុន​ដឹង​ពី​រឿងនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo​។ ប្រភព​រដ្ឋាភិបាល​ជប៉ុន​ដដែល​នេះ បន្ថែមថា កម្មវិធី​ផ្ដល់ប្រាក់​២៨០០​ដុល្លារ​ដល់​ពលរដ្ឋ​នេះ គឺជា​សសរស្ដម្ភ​ចម្បង​មួយ​ក្នុង «​កញ្ចប់​សេដ្ឋកិច្ច​អាសន្ន​» ដែល​រដ្ឋាភិបាល​គ្រោង​ដាក់ចេញ​នា​ថ្ងៃ​ដើម​សប្តាហ៍​ក្រោយ​។ 
 
​ប្រាប់​នៅ​សន្និសីទ​ព័ត៌មាន​មួយ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន Yasutoshi Nishimura លើកឡើងថា ការផ្ដល់ជូន​សាច់ប្រាក់​សុទ្ធ​នេះ នឹង​ត្រូវតែ​សម្រាប់​គ្រួសារ​ដែល​ប្រឈម​ការលំបាក​តែប៉ុណ្ណោះ​។ ចំណែក​មន្ត្រី​, អ្នកនយោបាយ និង​ប្រធាន​ក្រុមហ៊ុន​ធំៗ ដែល​ពុំ​សូវ​មាន​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល COVID-19 នឹង​ពុំ​ត្រូវ​រាប់បញ្ចូល​ក្នុង​កម្មវិធី​នេះឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ។​
 
​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ជប៉ុន នឹង​ដាក់ចេញ​ព័ត៌មាន​លម្អិត​ជុំវិញ​កម្មវិធី​ជំនួយ​នេះ ដូចជា កម្រិត​នៃ​ការបាត់បង់​ប្រាក់ចំណូល ដែល​នឹង​ផ្ដល់​សិទ្ធិ​ដល់​គ្រួសារ​ជប៉ុន​មានឈ្មោះ​ក្នុង​កម្មវិធី​នេះ និង​របៀប​ដែល​ពួកគេ​ដាក់​ពាក្យសុំ​ជាដើម​។ 
 
​ទាក់ទិន​រឿងនេះ លោកនាយក​រដ្ឋមន្ត្រី អា​បេ បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក នឹង​ប្រគល់​ប្រាក់​នេះ​ឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន ហើយ​ពុំមែន​តែ​សម្រាប់​គ្រួសារ​ជប៉ុន​រងគ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ដែល​ខាត​ប្រាក់ចំណូល​ពួកគេ​ផងដែរ​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា កញ្ចប់​ថវិកា​ដោះស្រាយ​វិបត្តិ COVID-19 នឹងមាន​ទំហំ​លើស ៥២៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​៣ ខែមេសា ប្រទេស ជប៉ុន មាន​ករណី​ឆ្លង​COVID-19​សរុប ២៦១៧​ករណី ក្នុងនោះ​ជាសះស្បើយ​៤៧២​នាក់​។ អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​៦៣​នាក់ ខណៈ​៦០ ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com