COVID-19
អន្តរជាតិ
COVID-19៖ អង់គ្លេស​ដែលមាន​អ្នក​ឆ្លង​ជិត​បួន​ម៉ឺន​នាក់ មាន​អ្នកស្លាប់​ច្រើនជាង​ចិន​
04, Apr 2020 , 10:39 am        
រូបភាព
​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ចក្រភព​អង់គ្លេស បាន​ឡើង​លើស​ចិន​ហើយ បន្ទាប់ពី​មាន​អ្នកស្លាប់​ប្រចាំថ្ងៃ​ខ្ទង់ពាន់​នាក់​រួចមក​។ គិត​ត្រឹម​ថ្ងៃទី​៣ ខែមេសា អង់គ្លេស​មាន​អ្នកស្លាប់​ចំនួន​៣៦០៥​នាក់ ខណៈ​ចិន​មាន​អ្នកស្លាប់​ចំនួន​៣៣២៦​នាក់ ប៉ុន្តែ​ករណី​ឆ្លង​នៅ​អង់គ្លេស មាន​ជិត​ពាក់កណ្ដាល​នៃ​ការឆ្លង​នៅ​ចិន​ប៉ុណ្ណោះ​។ ក្រៅពី​អង់គ្លេស ប្រទេស​តំបន់​អឺរ៉ុប​ខ្លះទៀត​ដូចជា​អ៊ីតាលី បារាំង និង​អេ​ស្ប៉ា​ញ​នៅតែ​បាន​កត់ត្រា​អ្នកស្លាប់​ច្រើន​ទៀត​។​

 
​ចំនួន​ករណី​ឆ្លង​សរុប​របស់​ចក្រភព​អង់គ្លេស​មាន​៣៨១៦៨​នាក់ គិត​ត្រឹម​ថ្ងៃទី​៣ ខែមេសា ស្របពេល​នេះ​នៅ​ចិន​វិញ​មាន​ករណី​ឆ្លង​ទាំងអស់​៨១៦៣៩​នាក់​។ ទោះ​មាន​អ្នក​ឆ្លង​ច្រើន និង​ជា​ប្រភព​ផ្ទុះ COVID-19 មុនគេ​ក្ដី ចិន​មាន​អ្នកស្លាប់​តែ​៣៣២៦​នាក់​ប៉ុណ្ណោះ ឯ​ចក្រភព​អង់គ្លេស​មាន​ដល់​ទៅ​៣០៦៥​នាក់ គិត​ត្រឹម​ថ្ងៃ​ដដែល​។​
 
​នៅ​អង់គ្លេស អ្នក​ឆ្លង​មិន​មែនមាន​ត្រឹម​ពលរដ្ឋ​ធម្មតា​ឡើយ នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន រជ្ជទាយាទ​ព្រះអង្គម្ចាស់​ឆាល និង​រដ្ឋមន្ត្រី​សុខាភិបាល​ផង​នោះ សុទ្ធតែ​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​វីរុស​ប្រភេទ​ថ្មី​នេះ​។ ដោយឡែក​ចំនួន​អ្នក​សះស្បើយ​វិញ បើតាម​វេ​ប​សាយ Worldometer ដែល​កត់ត្រា​ទិន្នន័យ COVID-19 នៅ​ទូទាំង​ពិភពលោក អង់គ្លេស​មាន​ករណី​សះស្បើយ​ទាំងអស់​ចំនួន​១៣៥​នាក់​។​
 
​នៅ​តំបន់​អឺរ៉ុប​ដូចគ្នា អ៊ីតាលី បារាំង និង​អេ​ស្ប៉ា​ញ​ដែល​សុទ្ធ​តែមាន​ករណី​ស្លាប់​ច្រើនជាង​ចិន​នោះ ក៏​ស្ថានការណ៍​នៅតែ​យ៉ាប់យ៉ឺន​ដដែល​។ អ៊ីតាលី មាន​ករណី​ឆ្លង​សរុប​ចំនួន​ជិត​១២​ម៉ឺន​នាក់ និង​ស្លាប់​ជិត​១​ម៉ឺន​៥​ពាន់​នាក់​។ បារាំង​វិញ មាន​ការឆ្លង​ទូទាំងប្រទេស​ចំនួន​ជាង​៦៤៣០០​នាក់ ហើយ​ស្លាប់​ចំនួន​៦៥០៧​នាក់​។ អេ​ស្ប៉ា​ញ ក៏​មិន​ខុសពី​អ៊ីតាលី​ប៉ុន្មាន​ដែរ ដោយមាន​ករណី​ឆ្លង​សរុប​មាន​ជិត​១២​ម៉ឺន​នាក់ និង​ស្លាប់​ជាង​១១១០០​នាក់​។​
 
​អាល្លឺម៉ង់​ឯណោះ មាន​អ្នក COVID-19 ចំនួន​ជាង​៩១០០០​នាក់ និង​ស្លាប់​១២៧៥​នាក់​។ ប្រទេស​អឺរ៉ុប​ខ្លះទៀត​មាន​ស្វ៊ី​ស បែលហ្ស៊ិក ហូ​ឡង់ និង​អូទ្រីស សុទ្ធ​តែមាន​ករណី​ឆ្លង​ខ្ទង់​ម៉ឺន​នាក់​ដូចគ្នា​៕ 

Tag:
 អង់គ្លេស​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com