COVID-19
ជាតិ
សេដ្ឋកិច្ច
ADB ថា​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២០ ធ្លាក់​មក​ត្រឹម ២.៣​ភាគរយ ដោយសារ​កូ​វីដ​-១៩
04, Apr 2020 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ADB បាន​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ នឹង​ធា្ល​ក់នៅ​ត្រឹម​២,៣​ភាគរយ ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩(COVID-19) ក្នុង​និង​ក្រៅប្រទេស​។ នេះ​បើតាម របាយការណ៍​សេដ្ឋកិច្ច​ពិសេស​របស់​ADB ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣​មេសា ។


 
​លោកស្រី Sunniya Durrani-Jamal នាយិកា ADB​ប្រចាំ​កម្ពុជា និយាយថា ក្នុង​ឆ្នាំ​២០២០ វិស័យ​ធំៗ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​ធា្ល​ក់​ចុះ ស្ទើ​គ្រប់​វិស័យ​ដោយសារតែ​វិបត្តិ​សកលលោក​នៃ​មេរោគ​កូ​វីដ​-១៩​។ ក្នុងនោះ​ផ្នែក​សេវាកម្ម​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​ប្រមាណ​១,៧​ភាគរយ ដោយសារ​ឱនភាព​វិស័យ​ទេសចរ និង​ការ​ថមថយ នៃ​កំណើន​អចលនទ្រព្យ​។ រីឯ​កំណើន​វិស័យ​ឧស្សាហកម្ម នឹង​ចុះ​ដល់ ៦,៥​ភាគរយ ដោយសារ​កម្រិត​ទាប នៃ​ផលិតកម្ម សម្លៀកបំពាក់ សម្រាប់​ការនាំចេញ  ក៏ដូចជា​វិស័យ​សំណង់​ដែល​បន្ថយល្បឿន​។ 
 
​ការធ្លាក់​នៃ​កំណើន​តាម​វិស័យ​នីមួយៗ​នេះ នឹង​នាំ​ឲ្យ​កម្ពុជា​ដែលជា​ប្រទេស​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​ក្នុង​ពីរ​ទសវត្សរ៍​(២០​ឆ្នាំ​)​ចុងក្រោយ​នេះ មាន​កំណើន​សេដ្ឋកិច្ចជាតិ​នៅត្រឹម ២,៣​ភាគរយ សម្រាប់​ឆ្នាំ​២០២០​។  នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Durrani-Jamal ដោយបាន​និយាយ​ដូច្នេះ​៖« រាជរដ្ឋាភិបាល គួរផ្តោត​ជាសំខាន់​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ បើ​មិន​ដូច្នេះ​ទេ ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​និង​សេវាកម្ម នឹងមាន​ការលំបាក​»​។ 
 
​លោកស្រី​នាយិកា​ADB​រូបនេះ បាន​បន្តថា  រាជរដ្ឋាភិបាល អាច​ប្រើ​ថវិកា​កញ្ចប់​របស់​ADB ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​៦,៥​ពាន់​លាន​ដុល្លា សម្រាប់​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​-១៩  ដែល​បានប្រកាស កាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០២០​។ អ្នកស្រី​បានបញ្ជាក់​ថា​៖«​ថវិកា​នេះ ADB បម្រុង​សម្រាប់ តម្រូវការ​បន្ទាន់​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​សមាជិក ដើម្បី​ដោះស្រាយ​ផ្នែក​សេដ្ឋកិច្ច និង​កិច្ច​គាំពារ​សង្គម​»​។ 
 
​ប៉ុន្តែ​ការ​ព្យាករ​នៃ​ការ​ធា្ល​ក់​កំណើន​សេដ្ឋកិច្ចកម្ពុជារ​បស់​ADB គឺ​ខុសពី​ការមើលឃើញ របស់លោក គី សេរី​វឌ្ឍន៍​អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា ដោយ​លោក​បាន​ព្យាករ​ថា កម្ពុជា​អាចមាន​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់​៣​ភាគរយ ក្នុង​ឆ្នាំ​២០២០​នេះ​។ 
 
​លោក​បាន​បន្តថា ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​កម្ពុជា បាត់បង់​សកម្មភាព​សេដ្ឋកិច្ច​ជាង​៦០​ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ  ហើយនឹង​បន្ត​បន្លាយ​ដល់​ត្រីមាស​ទី​ពីរ នៃ​ឆ្នាំ​២០២០​។  អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) កាលពី​ថ្ងៃទី​១​មេសា ឆ្នាំ​២០២០ ថា​ភាព​អូសបន្លាយ​នៃ​ឥទ្ធិពល​មេរោគ​កូ​វីដ​-១៩ ដល់​ត្រីមាស​ទី​ពីរ​ឬ​បន្ត​លើសពីនេះ នឹងធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​កំណើនសេដ្ឋកិច្ច​ពី​៧​ភាគរយ​(​ឆ្នាំ​២០១៩) មក​នៅត្រឹម​ជាង​៣​ភាគរយ​។ 
 
​លោក​បាន​និយាយ​ដូច្នេះ​៖«​ដោយសារតែ​វិបត្តិ​មេរោគ​កូ​វីដ​-១៩ កម្ពុជា​អាចមាន​កំណើនសេដ្ឋកិច្ច​នៅត្រឹម​៣,៤​ភាគរយ ក្នុង​ឆ្នាំ​២០២០»​។ 
 
​យ៉ាងណាមិញ​តាម​ការ​ព្យាករ​និង​រំពឹងទុក​របស់​ADB សេដ្ឋកិច្ចកម្ពុជា​នឹង​ហត់​ឡើងវិញ​ដល់​កម្រិត​៥,៧​ភាគរយ​ក្នុង​ឆ្នាំ​២០២១  ប្រសិនបើ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ត្រូវ​បញ្ចប់ ហើយ សកម្មភាព​សេដ្ឋកិច្ច នឹង​វិល​មករក​ភាពប្រក្រតី​វិញ តាមរយៈ​ការចាក់​វិធានការ​នានា​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​។ លោកស្រី Durrani-Jamal  ក៏បាន​រម្លឹក​ផងដែរ​ថា កន្លង​កម្ពុជា​ក្រៅពី​មាន​វិធានការ​ត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​-១៩ ដូចជា​ការគាំទ្រ​បៀវត្ស​ដល់​កម្មករ​កាត់ដេរ ការ​សម្រាល​ពន្ធ និង​បំណុល​ដល់​អាជីវកម្ម​នានា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​រៀបចំ​ថវិកាបម្រុង សម្រាប់​អន្តរាគមន៍​ចាំបាច់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​មេរោគ​កូ​វីដ​-១៩​នេះ ទៅលើ​សេដ្ឋកិច្ចជាតិ​។ ជាពិសេស​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ងាយ រងគ្រោះ​។​
 
​ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់​ថវិកា​ចំនួន ១,៤៥​ពាន់​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស សម្រាប់​វិស័យ​កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ កែលម្អ​លក្ខខណ្ឌ ជីវភាព​រស់នៅ ក្នុង​តំបន់​ទីក្រុង និង​តំបន់​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កកើត​ឡើងវិញ និង ការអភិវឌ្ឍ​វិស័យ​អប់រំ និង​ជំនាញ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ មាន​គោលបំណង​កែលម្អ​លទ្ធភាព​ទទួល បាន​សេវាកម្ម និង គុណភាព​សេវាកម្ម​សម្រាប់​ពលរដ្ឋ​កម្ពុជា ព្រមទាំង​បរិយាកាស​ធុរកិច្ច​ផងដែរ​៕

Tag:
 COVID-19
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com