COVID-19
កីឡាជាតិ
ជាតិ
ទូរទស្សន៍​៥ ស្នើ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ តែ​ត្រូវ​សហព័ន្ធ​បដិសេធ​
04, Apr 2020 , 11:48 am        
រូបភាព
ដោយ:
​ស្ថានីយទូរទស្សន៍​ចំនួន​៥ រួមមាន Bayon TV, PNN, CNC, SEATV និង​ស្ថានីយទូរទស្សន៍​ថោ​ន បានស្នើ​សុំ​បើក​សង្វៀន​ស​ប្រដាល់​ឡើងវិញ ទៅ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ស្របពេល​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​នៅ​កម្ពុជា​មិនទាន់​ធូរស្បើយ​។ ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​សហព័ន្ធ​បដិសេធ ដោយបាន​ស្នើ​ត្រឡប់​ទៅ​ទូរទស្សន៍​ទាំងនោះ រង់ចាំ​ស្ថានការណ៍​កូ​វីដ​-១៩ ធូរស្បើយ​សិន​។​

 
​សំណើសុំ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ​នៅ​សប្តាហ៍​នេះ របស់​ស្ថានីយទូរទស្សន៍​ចំនួន​៥ ពុំ​ទទួលបាន​ជោគជ័យ​នោះទេ បន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពុំ​បើកភ្លើង​បៃតង​ឲ្យ​ឡើយ​ដោយ​បារម្ភ​ពី​ការរីក​រាល​នៃ​កូ​វីដ​-១៩ ដែល​ពុំទាន់​ធូរស្រាល​នៅឡើយ​នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។​
 
​ការផ្អាក​ដំណើរការ​មាន​រយៈពេល​ខ្លី​ពេក ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។ ពោលគឺ​ស្ថានីយទូរទស្សន៍​ចំនួន​៤ ក្នុងចំណោម​ស្ថានីយ​ទាំងនេះ ពួកគេ​បាន​ផ្អាក​សង្វៀន​ប្រដាល់ ទើបតែ​បាន​មួយ​សប្តាហ៍​នោះទេ​។ 
 
«​មាន​ស្ថានីយទូរទស្សន៍​ចំនួន​៥ បានដាក់​សំណើ​មក​ខ្ញុំ សុំ​បើក​ដំណើរការ​សង្វៀន​ប្រដាល់​នៅ​សប្តាហ៍​នេះ​។ តែ​ខ្ញុំ​មើលទៅ​ដូចជា​មិនទាន់​ស្រួល ព្រោះ​វាស​ម្រាក​ទើបបាន​ត្រឹម​មួយ​សប្តាហ៍​។ ដូច្នេះ​ខ្ញុំ​បាន​ចារ​លើ​សំណើ​ទាំងនោះ​អស់ហើយ គឺ​មិន​ឲ្យ​រៀបចំ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក តែម ម៉ឺន ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​។​
 
​ប្រធាន​សហព័ន្ធ​រូបនេះ​សង្កត់ធ្ងន់ថា ការផ្អាក​នេះ​នឹង​បន្ត​រហូត​ស្ថានការណ៍ នៃ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ភាព​ធូរស្រាល​។ ជាមួយគ្នានេះ លោក ស្នើ​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់ អត់ធ្មត់ និង​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ លោក ទទួលស្គាល់ថា ការផ្អាក​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​កីឡាករ​មួយចំនួន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ការឡើង​សង្វៀន ហើយក៏​ប៉ះពាល់​ដល់​ក្លិប​មួយចំនួន​ដែរ​។ 
 
​ស្ថានីយទូរទស្សន៍​ទាំង​៥ ដែល​បាន​ដាក់សំណើ​ទៅ​សហព័ន្ធ​រួមមាន Bayon TV, PNN, CNC, SEATV និង​ស្ថានីយទូរទស្សន៍​ថោ​ន​។ បើតាម​ការបញ្ជា​ក់រប​ស់លោក តែម ម៉ឺន ក្នុង​សំណើ​របស់​ស្ថានីយទូរទស្សន៍​ទាំងនេះ គឺ​ស្នើសុំ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ តែ​សុំ​ប្រកួត​បិទទ្វារ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​នោះទេ​។​
 
​គួររំលឹកថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បញ្ជា​ឲ្យ​ផ្អាក​រៀបចំ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​ទាំងអស់ ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១១៤​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​៤៩​នាក់​៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  តែម ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com