COVID-19
អន្តរជាតិ
ចិន គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយសារ COVID-19 ទូទាំងប្រទេស​
04, Apr 2020 , 1:59 pm        
រូបភាព
ទង់ជាតិចិនត្រូវបានបង្ហូតចុះនៅទីលានធានអានមិនក្នុងរដ្ឋធានីប៉េកាំង។ រូបភាព Xinhua
ទង់ជាតិចិនត្រូវបានបង្ហូតចុះនៅទីលានធានអានមិនក្នុងរដ្ឋធានីប៉េកាំង។ រូបភាព Xinhua
​ចិន នៅ​ថ្ងៃទី​៤ ខែមេសា​នេះ បានរៀបចំ​ពិធី​ស្មិងស្មាធិ៍​ទូទាំងប្រទេស​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 ។ សំឡេង​ស៊ី​ផ្លេ​រថយន្ត និង​ស៊ី​រ៉ែ​ន ត្រូវបាន​បន្លឺឡើង​ព្រម​គ្នា​ដើម្បី​សម្ដែង​ការដឹងគុណ និង​ការគោរព​ចំពោះ​អ្នកស្លាប់​ទាំងអស់ ក៏ដូចជា​ក្រុមគ្រូពេទ្យ​ដែល​លះបង់​ជីវិត​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ។​

 
​ការគោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង​ជាង​បី​ពាន់​បី​រយ​នាក់ បាន​ផ្ដើម​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៤ ខែមេសា ដោយ​សកម្មភាព​នៅ​ទូទាំងប្រទេស​ចិន ត្រូវ​ផ្អាក​រយៈពេល​បី​នាទី​។ មនុស្សម្នា​ជាច្រើន បាន​ឈរ​ស្មិងស្មាធិ៍​នៅតាម​ដងផ្លូវ​នានា សេវាកម្ម​រថភ្លើង ឡានក្រុង និង​ឡាន​ឯកជន​ជាច្រើន​បាន​ឈប់ ហើយ​ស៊ី​ផ្លេ​ក៏ត្រូវ​បាន​បន្លឺ​យ៉ាង​កងរំពង​។ 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ បាន​ឈរ​ស្មិងស្មាធិ៍​នៅ​ទី​ស្នាក់​បក្ស​កុម្មុយនីស្ត Zhongnanhai ក្នុង​រដ្ឋធានី​ប៉េកាំង​។ ទង់​ជាតិចិន​ទាំងអស់ ទាំង​នៅក្នុង​ស្រុក និង​នៅតាម​ស្ថានទូត​ចិន​ប្រចាំ​បរទេស ត្រូវ​បង្ហូត​មក​ត្រឹម​ពាក់កណ្ដាល​ដង​ទាំងអស់​។ 
 
​នៅឯ​ទីក្រុង​វូ​ហាន​វិញ ការគោរព​វិញ្ញាណក្ខន្ធ ក៏ត្រូវ​បានធ្វើ​ដែរ​។ វូ​ហាន​ជាទី​ក្រុង​ដែល COVID-19 ផ្ទុះឡើង​មុនគេ មុន​រាលដាល​ទៅកាន់​តំបន់​ផ្សេងៗ​របស់​ចិន រួច​បន្តទៅ​កាន់​ពិ​ភ​លោក​។ មិនមែន​តែ​សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ឡើយ ការ​ស្មឹង​ស្មាធិ៍​ដល់​ទៅ​បី​នាទី​នេះ ក៏​ជាការ​សម្ដែង​ការដឹងគុណ​ដល់​ការលះបង់​ជីវិត​របស់​គ្រូពេទ្យ​ផងដែរ​។ វេជ្ជបណ្ឌិត លី វិ​ន​លាំង ដែល​ព្រមាន​ពី​ការ​រាលដាល​វីរុស​នេះ​មុនគេ ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ពេទ្យ​ជា​វីរបុរស​ផងដែរ​។​
 
​ដ្បិត​ជា​ប្រទេស​រងគ្រោះ​មុនគេ​ក្ដី ករណី​ឆ្លង​នៅ​ទូទាំង​ចិន​មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​ស្លាប់​ជាង​បី​ពាន់​បី​រយ​នាក់ ខណៈ​អ្នក​សះស្បើយ​មាន​ដល់​ជាង​៧​ម៉ឺន​នាក់​។ វិធានការ​ម៉ឺងម៉ាត់ និង​ដាច់ខាត​របស់​អាជ្ញាធរ​ចិន ពិសេស​ការបិទ​វូ​ហាន និង​ខេត្ត​ហ៊ូ​ប៉ី​បានរួម​ចំណែក​ច្រើន​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​វីរុស ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក COVID-19 បែរជា​អុកឡុក​យ៉ាង​រហ័ស​បំផុត​ដែល​ធ្វើ​ឲ្យ​មាន​ករណី​ឆ្លង និង​ស្លាប់​យ៉ាងច្រើន​។​
 
​ទូទាំង​ពិភពលោក ករណី​ឆ្លង COVID-19 មាន​លើស​មួយ​លាន​នាក់ និង​ស្លាប់​ជិត​៦​ម៉ឺន​នាក់​។ អាមេរិក​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ មាន​ដល់​ទៅ​ជាង​២៧​ម៉ឺន​នាក់​។ នៅ​អឺរ៉ុប អ៊ីតាលី អេ​ស្ប៉ា​ញ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ជា​ប្រទេស​រងគ្រោះ​ធ្ងន់​។ អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​ដែរនោះ មាន​ស្ថានភាព​ធូរស្រាល​ខ្លាំង​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com