ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តអនុម័តឱ្យក្រុមហ៊ុនថ្មី៨ទៀត ដែលមានដើមទុនសរុបជាង ៣៤៤លានដុលា្លរ។ តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងនោះ នឹងវិនិយោគលើការបង្កើតរោងចក្រកាត់ដេរ, រោងចក្រផលិតក្រដាសទ្រនាប់ពុម្ព, រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា, រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ, រោងចក្រផលិតម្សៅមី និងកែឆ្នៃដំឡូងមី,បង្កើតកសិដ្ឋានដំណាំចេក,វិនិយោគលើសណ្ឋាគារ និងមន្ទីរពហុព្យាបាលជំងឺនៅកម្ពុជា។
ក្រុមហ៊ុនធំៗចំនួន៣ មានទីតាំងនៅរាជធានីភ្នំពេញ គឺ ក្រុមហ៊ុន AN RONG ZHI YE CO., LTD មានគម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់ ស្បែកជើង កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩នាក់។
ទី២ គឺក្រុមហ៊ុន SING-SPECIALISTS MEDICAL CENTRE CO., LTD មានគម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលជម្ងឺ ចំនួន៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានទុនវិនិយោគប្រមាណ ៩៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។
ទី៣ គឺក្រុមហ៊ុន JINTEK CELLS TECHNOLOGY CO., LTD មានគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
ដោយឡែក ក្រុមហ៊ុន HANUMAN BEVERAGES CO., LTD មានគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៦០,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង។
ក្រុមហ៊ុន YON GUI AGRICULTURE TECHNOLOGY CO., LTD មានគម្រោងបង្កើតរោងចក្រផលិតម្សៅមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។
ចំណែក ក្រុមហ៊ុន SHINE HANUMAN TRADING CO., LTD មានគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។
រីឯ ក្រុមហ៊ុន YQL (CAMBODIA) INVESTMENT CO., LTD មានគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេត ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង។ ក្រុមហ៊ុន XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD មានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៧១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៩,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦០កន្លែង៕