ជាតិ
ជនជាតិ​ជប៉ុន​ហៅ​ផ្លែ​ល្ពៅ​ថា «​កាំបូ​ចា​» គឺ​មានន័យថា «​កម្ពុជា​»
04, Apr 2020 , 7:29 pm        
រូបភាព
​សកម្មភាព​កម្មករ​លើ​ក​ដាក់​ផ្លែ​ល្ពៅ ចេញពី​ទូក​ចូលទៅក្នុង​ស្តង់​បោះ​ដុំ នៅ​ឆ្នុកទ្រូ​។ ល្ពៅ​ទាំងនេះ ត្រូវបាន​ដាំ​ដុះ​ដោយ​ប្រជា​នេសាទ នៅតាម​បណ្តា​កោះ​នានា ក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​សកម្មភាព​កម្មករ​លើ​ក​ដាក់​ផ្លែ​ល្ពៅ ចេញពី​ទូក​ចូលទៅក្នុង​ស្តង់​បោះ​ដុំ នៅ​ឆ្នុកទ្រូ​។ ល្ពៅ​ទាំងនេះ ត្រូវបាន​ដាំ​ដុះ​ដោយ​ប្រជា​នេសាទ នៅតាម​បណ្តា​កោះ​នានា ក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​រៀងរាល់ឆ្នាំ បន្ទាប់ពី​ទឹក​ចាប់ផ្តើម​ស្រក​នៅក្នុង​ខែធ្នូ ប្រជា​នេសាទ​ដែល​រស់នៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ព្រំប្រទល់​ជាប់​គ្នា បាន​ដាំ​ដុះ​ដំណាំ​ល្ពៅ​រាប់សិប​ហិកតា នៅតាម​បណ្តា​កោះ​នានា ក្នុង​បឹង​ទ​ន្ល​សាប​។ ប៉ុន្តែ ល្ពៅ​ទាំងនេះ ហាក់​ពុំ​សូវ​ពេញនិយម​ក្នុងចំណោម​ប្រជាជន​កម្ពុជា បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​។

 
​ល្ពៅ គឺជា​បន្លែ​ដ៏​សាមញ្ញ​មួយ​ប្រភេទ ដែលមាន​ទំនាក់ទំនង​គួរឱ្យភ្ញាក់ផ្អើល ជាមួយ​ប្រទេស​កម្ពុជា​។ ល្ពៅ គឺ​ឈ្មោះ​វល្លិ​ដំណាំ​វារ​លើដី មាន​ស្លឹក​ពណ៌​បៃតង ផ្កា​ពណ៌​លឿង​ស្រល់​។ ត្រួយ​ខ្ចីៗ និង​ផ្កា​របស់​វា គេ​អាច​ធ្វើជា​បន្លែ​បាន​។ ផ្លែ​ល្ពៅ មាន​រាង​ធំ​សំប៉ែត សម្បក​ក្រាស់ សាច់​ពណ៌​លឿង​មាន​រសជាតិ​ផ្អែម​តិចៗ និង​មាន​គ្រាប់​នៅ​ខាងក្នុង​។ គេ​អាច​យក​ផ្លែ​ល្ពៅ​ធ្វើជា​បន្លែ និង​ច្នៃ​ជា​បង្អែម​ក៏បាន​។ គ្រាប់​ល្ពៅ​ទុំ​ហាល​ស្ងួត គេ​អាចយ​កវា​ទៅ​ប្រឡាក់​អំបិល​រួច​លីង សម្រាប់​ធ្វើជា​អាហារសម្រន់​ដូច​គ្រាប់​ឪឡឹក​បាន​ផងដែរ​។ 
 
​ផ្លែ​ល្ពៅ សម្បូរ​ទៅដោយ បេ​តា​ការ៉ូ​ទីន (beta carotene) ជាតិ​ដែក (iron)  វីតាមីន​សេ (vitamin C)  ប៉ូ​តា​ស្យូ​ម (potassium) កាល់ស្យូម (calcium) អាស៊ីតហ្វូលីក (folic acid) និង​វីតាមីន​បេ (vitamin B)  ដែល​ល្អ​សម្រាប់​សុខភាព​មនុស្ស​។​
 
​ដំណាំ​ល្ពៅ ក៏មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដែល​ប្រជាជន​កម្ពុជា ភាគច្រើន​ពុំបាន​ដឹង​។ កាលពី​ជាង ៤៧០​ឆ្នាំមុន មាន​អ្នកបើក​ទូកក្តោង​ជនជាតិ​ព័រទុយហ្កាល់​មួយក្រុម បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។ ក្រោយពី​ចាកចេញ​ពី​ប្រទេស​កម្ពុជា ពួកគេ​ក៏បាន​នាំទៅ​ជាមួយ​នូវ​ពូជ​ផ្លែ​ល្ពៅ​កម្ពុជា​ទៅជា​មួយ​ផងដែរ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ជប៉ុន ហើយ​ពួកគេ​ក៏​ដាំ​ដុះ​ដំណាំ​ល្ពៅ​នៅ​ទីនោះ ដោយ​ដាក់ឈ្មោះថា Camboja abóbora​។ នេះ​បើ​យោង​តាមការផ្សាយរបស់ The Japan Times​។​
 
​ក្រោយមក ផ្លែ​ល្ពៅ​កាំបូ​ចា «​កម្ពុជា​» ត្រូវបាន​ជនជាតិ​ជប៉ុន ហៅ​ឈ្មោះ​កាត់​ខ្លី​ត្រឹម «​កាំបូ​ចាៗ​» នោះ​មានន័យថា «​កម្ពុជា​»​។ ជនជាតិ​ជប៉ុន ចូលចិត្ត​ពិសា​ផ្លែ​ល្ពៅ​ណាស់ ដែលជា​ទូទៅ គេ​ឃើញ ពួកគេ​ប្រើប្រាស់​វា សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ និង​សម្រាប់ធ្វើ​ស៊ុប​ផងដែរ​។ ផ្ទុយទៅវិញ ល្ពៅ «​កាំបូ​ចា​» ហាក់​ពុំ​សូវ​ពេញនិយម ក្នុងចំណោម​ប្រជាជន​ខ្មែរ​ទៅវិញ​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​បន្លែ​ល្ពៅ​ដ៏​ពិសេស​នេះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com