COVID-19
កីឡាជាតិ
ជាតិ
COVID-19៖ បឹងកេត​ផ្អាក​ពី​ការហ្វឹកហាត់​ជា​ក្រុម ដោយ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​
04, Apr 2020 , 7:59 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត បានសម្រេច​ផ្អាក​ការហ្វឹកហាត់​ជា​ក្រុម និង​បាន​ឲ្យ​កីឡាករ​ហ្វឹកហាត់​ខ្លួនឯង​នៅផ្ទះ​រៀងៗ​ខ្លួន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។ តែ​យ៉ាងណា កីឡាករ​ទាំងអស់ ស្ថិតក្រោម​ការតាមដាន​របស់​គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​តាមរយៈ​វីដេអូ​។

 
​ដើម្បី​បង្ការ និង​ទប់ស្កាត់ ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​កូ​វីដ​-១៩ ជា​សហគមន៍ ក្លិប​បាល់ទាត់​បឹងកេត បានសម្រេច​ផ្អាក​ការហាត់​ជា​ក្រុម ដោយ​ដាក់​កម្មវិធី​ឲ្យ​កីឡាករ ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ គោលការណ៍​នេះ នឹងត្រូវ​អនុវត្ត​រហូត​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ភាព​ធូរស្រាល​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក បែ មករា អគ្គលេខាធិការ​ក្លិប​បាល់ទាត់​បឹងកេត​។ 
 
​ទោះបី​ពួកគេ​ហ្វឹកហាត់​នៅផ្ទះ​ក៏ដោយ តែ​សកម្មភាព​របស់​ពួកគេ ត្រូវបាន​តាមដាន​ដោយ​គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ជាប្រចាំ តាមរយៈ​វីដេអូ Conference​។ តែ​យ៉ាងណា ការហ្វឹកហាត់​តាម​តាម​របស់​កីឡាករ ផ្តោត​សំខាន់​លើ​ការហ្វឹកហាត់​កម្លាំងកាយ ពោលគឺ​មិនសូវ​ផ្តោតលើ​បច្ចេកទេស​ប៉ុន្មាន​នោះទេ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក មករា​។ 
 
​ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន​ថ្មីៗ អគ្គលេខាធិការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រុម​ការ​បច្ចេកទេស និង​គ្រូបង្វឹក​បាន​ពិភាក្សាគ្នា ដោយ​សម្រេច​ឲ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ តាមរយៈ​កម្មវិធី​ដែល​គ្រូ​ដាក់​ឲ្យ និង​ពិនិត្យ​តាម​វីដេអូ Meeting​។ ការហ្វឹកហាត់​យើង​ផ្តោតលើ​ការរក្សា​កម្លាំង អត់​មាន​បច្ចេកទេស​អី​ច្រើន​ទេ​»​។ 
 
​ការផ្លាស់ប្តូរ​របៀប​ហ្វឹកហាត់​នេះ ធ្វើឡើង​ក្រោយ​ការ​រាតត្បាត នៃ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩) បន្ត​កើនឡើង​។ ដំបូង​ឡើយ ពេល​តួលេខ​អ្នក​ឆ្លង​កូ​វីដ​-១៩​នៅ​កម្ពុជា មាន​ចំនួន​តិចតួច ក្លិប​បឹងកេត បាន​បន្ត​ហ្វឹកហាត់​ជា​ក្រុម​ធម្មតា ដោយ​គ្រាន់តែ​កាត់បន្ថយ​ពេលវេលា​ហ្វឹកហាត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការហ្វឹកហាត់​របស់​ពួកគេ ស្ថិតក្រោម​ការ​រឹត​ដ្បិត ដោយ​តម្រូវ​តម្រូវ​ឲ្យ​កីឡាករ និង​ក្រុមការងារ​ទាំងអស់ លាង​ដៃជើង​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល និង​វាស់​កម្តៅ​ជាដើម មុន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ហ្វឹកហាត់​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពីពេល​កន្លងទៅ លោក ហៅ សុជាតិ នាយក​បច្ចេកទេស​គ្រប់គ្រង និង​អភិវឌ្ឍន៍​យុវជន​របស់​ក្លិប​បឹងកេត បាន​អះអាងថា ការមិន​ផ្អាក​ការហ្វឹកហាត់​ជា​ក្រុម គឺ​ដើម្បី​ងាយស្រួល ក្នុងការ​គ្រប់គ្រង និង​តាមដាន​កីឡាករ និង​បញ្ចៀស​ផលប៉ះពាល់​ជាដើម​។   
 
​លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​ការមិន​ផ្អាក​ការហ្វឹកហាត់ ដោយសារ​យើង​ចង់​តាមដាន​កីឡាករ ព្រោះ​បើ​យើង​ឲ្យ​គាត់​ឈប់​តែម្តង យើង​មិនដឹងថា គាត់​ទៅណា​ខ្លះ ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​តាមដាន និង​ដឹងថា​ពួកគាត់​មាន​ផ្ទុក​ជំងឺ​នឹង​(COVID-19)​។ ម្យ៉ាងទៀត​ការធ្វើ​បែបនេះ គឺ​កុំ​ឲ្យ​មាន​ផលប៉ះពាល់ ព្រោះ​បើ​កីឡាករ​ណា​ម្នាក់​ស្ថិតក្នុង​ការសង្ស័យ គឺ​ពួកគេ​ត្រូវ​សម្រាក​រយៈពេល​វែង​»​។ 
 
​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ ក្នុងអំឡុងពេល​ក្លិប​ជួប​វិបត្តិ កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​គ្រប់ផ្នែក​លើកលែង​សន្តិសុខ និង​អ្នក​ថែទាំ​ស្មៅ​របស់​ក្លិប​បឹងកេត បាន​យល់ព្រម​ឲ្យ​ក្លិប​កាត់​ប្រាក់ខែ​ពី​៣០ ទៅ​៥០​ភាគរយ តាម​ទំហំ​ប្រាក់ខែ​តិច ឬ​ច្រើន​។ លោក បែ មករា បានចាត់ទុក​ទង្វើ​នេះ​ថា ជាការ​រួមចំណែក​មួយ ក្នុងការ​កាត់បន្ថយ​ការខាតបង់ និង​ជួយ​រក្សា​និរន្ត​ភាព​របស់​ក្លិប​។ 
 
​មិនមែន​មានតែ​ក្លិប​បឹងកេត​នោះទេ ដែល​ដាក់​កម្មវិធី​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ ក្លិប​មួយចំនួនទៀត ក៏​អនុវត្តតាម​វិធីសាស្ត្រ​នេះដែរ​។ តែ​ក៏មាន​ក្លិប​ខ្លះ នៅ​បន្ត​ហ្វឹកហាត់​ដោយ​បែង​ចែកជា​ក្រុម​តូច​ផងដែរ​។ ការអនុវត្ត​បែបនេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ផ្អាក​ការប្រកួត​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ កម្ពុ​ជាមាន​ផ្ទុក​កូ​វីដ​-១៩​ចំនួន​១១០​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៤​នាក់​៕ 

Tag:
 បាល់ទាត់​
  បឹងកេត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com