COVID-19
អន្តរជាតិ
WHO ព្រមាន៖មនុស្សវ័យក្មេងកាន់តែច្រើនត្រូវសង្គ្រោះបន្ទាន់ ឬស្លាប់ដោយសារ COVID-19 រូបភាព Yonhap
× អង្គការសុខភាពពិភពលោក (WHO) បានចេញមុខព្រមានមនុស្សវ័យក្មេង ដែលតែងយល់ឃើញថា ខ្លួនមិនប្រឈមមុខហានិភ័យខ្ពស់ ពីការឆ្លងជំងឺ COVID-19 ដូចមនុស្សវ័យចំណាស់នោះ។ ដោយលើកយកករណីនៅប្រទេសដែលមានការឆ្លងធ្ងន់ធ្ងរនៅអាស៊ី និងអឺរ៉ុប អ្នកជំនាញរបស់អង្គការនេះ បានអះអាងថា មនុស្សវ័យក្មេងកាន់តែច្រើន បានចូលបន្ទប់សង្គ្រោះបន្ទាន់ ឬក៏ស្លាប់ដោយសារវីរុសប្រភេទថ្មីនេះ។
អំឡុងសន្និសីទសសារព័ត៌មានពីទីស្នាក់ការនៅទីក្រុងហ្សឺណែវ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានលើកយកករណីឆ្លងនៅចិន កូរ៉េខាងត្បូង អ៊ីតាលី និងប្រទេសមួយចំនួននៅអឺរ៉ុប ដើម្បីព្រមានពីហានិភ័យរបស់ COVID-19 លើមនុស្សវ័យក្មេង ព្រោះអ្នកស្លាប់កាន់តែច្រើនមានវ័យពី៣០ឆ្នាំ ទៅ៥០ឆ្នាំ។ ជាការគិតកន្លងទៅ COVID-19 មានគ្រោះថ្នាក់ខ្លាំង សម្រាប់មនុស្សវ័យចំណាស់ ចាប់ពី៦០ឆ្នាំឡើងប៉ុណ្ណោះ។
«យើងកំពុងឃើញមនុស្សវ័យក្មេងកាន់តែច្រើនឡើងៗ មានជំងឺសាហាវនេះ។» នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត Maria van Kerkhove អ្នកជំនាញជំងឺឆ្លងរបស់ WHO និងជាប្រធានក្រុមបច្ចេកទេស ឆ្លើយតបនឹង COVID-19 ដែលផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃទី៤ ខែមេសា។ អ្នកជំនាញរូបនេះបន្តថា អ្នកដែលមានឆ្លងជំងឺនេះ ក៏ធ្លាក់ខ្លួនឈឺរហូតត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ ឯអ្នកខ្លះ ត្រូវការព្យាបាលចាំបាច់ គឺមនុស្សវ័យចំណាស់ និងមានអ្នកមានជំងឺប្រចាំកាយ។
ប៉ុន្តែអ្វីដែលវេជ្ជបណ្ឌិត van Kerkhove មើលឃើញនោះ គឺអ្នកជំងឺជាច្រើនមានវ័យ៣០ឆ្នាំ ខ្លះ៤០ឆ្នាំ ខ្លះទៀត៥០ឆ្នាំ ដែលត្រូវព្យាបាលបន្ទាន់ និងស្លាប់ទៅទៀត។ អ្នកជំនាញដដែលបន្ថែមថា ខណៈអ្នកជំងឺខ្លះមិនមានជំងឺជាប់ខ្លួន មានអ្នកជំងឺខ្លះក៏មានបញ្ហាសុខភាពស្រាប់ផងដែរ។
នាយកប្រតិបត្តិ WHO លោក Michael Ryan យល់ឃើញថា ដោយសារតែជំងឺនេះ មិនមានលក្ខណៈធ្ងន់ធ្ងរលើមនុស្សវ័យក្មេង ទើបពួកគេយល់ថា ពួកគេអាចមិនអាចរងផលប៉ះពាល់បានឡើយ។ ប៉ុន្តែសម្រាប់លោក Ryan ករណីឆ្លងជាច្រើនបង្ហាញពីគ្រោះថ្នាក់របស់ COVID-19 លើមនុស្សវ័យក្មេង ទោះជាពួកគេមានរោគសញ្ញាធម្មតារហូតមកក្ដី។
«អ្វីដែលយើបាននិយាយម្ដងហើយម្ដងទៀត ក្នុងវេទិកានេះ គឺទោះនៅកូរ៉េខាងត្បូង ដែលអាចគ្រប់គ្រងសា្ថនការណ៍ក្ដី ម្នាក់ក្នុងចំណោមអ្នកស្លាប់៦នាក់ ជាមនុស្សវ័យក្រោម៦០ឆ្នាំ។ នៅអ៊ីតាលី រយៈពេល៥ ឬ៦សប្ដាហ៍ចុងក្រោយនេះ យ៉ាងហោចណាស់១០ ទៅ១៥ភាគរយនៃអ្នកក្នុងបន្ទប់សង្គ្រោះបន្ទាន់ គឺមានអាយុក្រោម៥០ឆ្នាំ។» លោក Ryan បញ្ជាក់បែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com