ជាតិ
កម្ពុជា ទទួលបាន​រូប​បដិមា​ចំនួន​២​ទៀត ពី​អាមេរិក​
04, Apr 2020 , 4:08 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សម្របសម្រួល​បញ្ជូន​រូប​បដិមា​ខ្មែរ​ចំនួន​២ ពី​សហរដ្ឋអាមេរិក មក​ឲ្យ​កម្ពុជា​វិញ ក្រោយពី​រឹបអូស​បាន​នៅ​ឆ្នាំ ២០០៥ និង​ឆ្នាំ​២០១៧​។ ពិធី​ទទួល​បដិមា និង​ប្រោះព្រំ​បែប​សាសនា ត្រូវបាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី ៣​មេសា នៅ​សារមន្ទីរ​ជាតិ​។

 
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​បញ្ជូន​រូប​បដិមា​ចំនួន​២ មក​កម្ពុជា​វិញ​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បដិមា​ទាំង​៣ បានមក​កម្ពុជា​ហើយ នៅ​ថ្ងៃទី​៣​មេសា​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ទៀតថា បដិមា​ទាំង​២​នោះ មាន​មួយ​ជា​ដងខ្លួន​ទេវរូប​ភេទ​ប្រុស ធ្វើ​ពី​ថ្មភក់ ជា​ប្រភេទ​បដិមា​ទោល នៅសល់​ដងខ្លួន គ្មានព្រះកេស ដៃ​ទាំងពីរ​ដាច់​ត្រឹម​ដើមដៃ និង​ជើង​ទាំងពីរ​ដាច់​ត្រឹម​ភ្លៅ​។ រីឯ​មួយទៀត ជា​ដងខ្លួន​ទេវរូប​ភេទ​ប្រុស ធ្វើ​ពី​ថ្មភក់​ពណ៌​ប្រផេះ មាន​មាឌ​មាំ រូបភាព​គ្មាន​ចលនា ស្លៀកសំពត់​ចងក្បិន​មាន​ភ្លី​សេ នៅលើ​ជង្គង់​មាន​ផ្នត់​រាបស្មើ​សាច់ នៅលើ​ភ្លៅ​ខាងឆ្វេង​មាន​ផ្នត់​ធំៗ លំនាំ​ដូចជា​ហោប៉ៅ នៅ​ចំ​ពីមុខ​មាន​ផ្នត់​រាង​កន្ទុយ​ត្រី​ពីរ​ជាន់ (​ផ្នត់​ខាងលើ​ខ្លី និង​ផ្នត់​ខាងក្រោម​វែង​) ពាក់​ខ្សែក្រវាត់​លាត​ពីរ​ជាន់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ 
 
​លោក W. Partick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា បានបញ្ជាក់​ក្នុង​ប្រកាស​ព័ត៌មាន​ថា ការប្រគល់​បដិមា​ទាំង​២ ជូន​កម្ពុជា​វិញ គឺជា​ការ​រំលឹក​នូវ​អ្វីដែល​កម្ពុជា និង​អាមេរិក សម្រេចបាន​រួមគ្នា ស្រប​ពេលដែល​ប្រទេស​ទាំងពីរ កំពុង​អបអរសាទរ​ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។​
 
​ការប្រគល់​បដិមា​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​អនុស្សារណៈ​យោគយល់ (MoU) ស្តីពី​ការដាក់​កម្រិត​ហាមប្រាម ការ​នាំចូល​ប្រភេទ​វត្ថុ​បុរាណ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៨ ដោយ​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក​។ អនុស្សារណៈ​នេះ មានបំណង​កាត់បន្ថយ​ការ​លួច​ប្លន់​វត្ថុ​បុរាណ ដែល​តំណាង​ឲ្យ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​។ ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ដដែល បញ្ជាក់​ដូច្នេះ​។​
 
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា រាល់​ការបញ្ជូន​ត្រឡប់មកវិញ នៃ​វត្ថុ​បុរាណ​ខ្មែរ​ពី​បរទេស គឺជា​សក្ខីភាព​ដែល​បញ្ជា​ក់នូវ​ចំណងមិត្តភាព ភាពជា​ដៃគូ​ពិតប្រាកដ​។ ហើយ​នេះ​ជា​លទ្ធផល​ថ្មី នៃ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អា​មេរ​រិ​ក ក្នុងការ​បញ្ជូន​រូប​ប​ដិ​មា ដែល​ត្រូវបាន​គេ​យក​ចេញពី​កម្ពុជា​ត្រឡប់មកវិញ​។ 
 
​សូមបញ្ជាក់ថា  រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​រឹតត្បិត​ការ​នាំចូល​វត្ថុ​បុរាណ​មួយចំនួន ដូចជា​ថ្ម លោហធាតុ កុលាលភាជន៍ អង្កាំ និង​ឆ្អឹង ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​រដ្ឋាភិបាល​អាមេរិក លុះត្រា​តែមាន​អាជ្ញាប័ណ្ណ​នាំចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​៕

រូបភាពពីស្ថានទូតអាមេរិក៖







Tag:
 រូប​បដិមា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com