COVID-19
អន្តរជាតិ
COVID-19៖ គ្រូ​កីឡា​បេ​ស្ប​ល​ម្នាក់​ស្លាប់ ក្រោយ​ចេញពី​ពេទ្យ​មុនពេល​កំណត់
04, Apr 2020 , 9:59 pm        
រូបភាព
ដោយ: ធីតា
​លោក Ben Luderer គ្រូបង្វឹក​កីឡា​បេ​ស្ប​ល​នៅ​វិទ្យាល័យ​មួយ​នៅ​រដ្ឋ New Jersey បាន​ស្លាប់​ដោយសារ COVID-19 នៅឯ​ផ្ទះ​របស់ខ្លួន ក្នុង​អាយុ​៣០​ឆ្នាំ​។ យោងតាម​ការផ្សាយ​រប​ស់ NJ.com មរណភាព​របស់​អ្នកកីឡា​រូបនេះ ដោយសារតែ​គាត់​ចេញពី​មន្ទីរពេទ្យ​មុនពេល​កំណត់ ក្រោយ​មាន​អារម្មណ៍​ថា ខ្លួន​អាច​ទប់ទល់​បាន​។​

 
​លោក Luderer ជា​គ្រូបង្វឹក​កីឡា​បេ​ស្ប​ល​ដ៏​ជោគជ័យ​មួយរូប​នៅ​សាលា Cliffside Park School និង​ជា​អតីត​សមាជិក​កីឡាករ​នៃ​ក្រុម Bon Bosco Prep ដែល​ឈ្នះ​ជើងឯក​បេ​ស្ប​ល​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០០៨​។​
 
​លោក David Porfido ប្រធាន​ផ្នែក​កីឡា​ប្រចាំ​នៅ Cliffside Park បាន​អះអាងថា លោក Luderer បាន​ចេញពី​មន្ទីរពេទ្យ មុនពេល​កំណត់ នៅពេល​គាត់​មាន​អារម្មណ៍​ថា ខ្លួន​មាន​សុខភាព​មាំទាំ អាច​ទប់ទល់​មេរោគ COVID-19 បាន​។ «​ក្រោយមក ខ្ញុំ​ទទួលដំណឹង​ថា គាត់​មិនសូវ​ស្រួលខ្លួន​ឡើងវិញ ហើយ​គាត់​ក៏បាន​ស្លាប់​នៅផ្ទះ​តែម្តង​»​។ លោក Porfido បាន​អះអាង​យ៉ាង​ដូច្នេះ​។​
 
​មិត្ត​រួម​អាជីព និង​កូនសិស្ស​ទាំងអស់​សុទ្ធតែ​មានការ​សោកស្តាយ​ចំពោះ​មរណភាព​របស់លោក Luderer​។ អ្នកស្រី Brandy ដែលជា​ភរិយា​របស់លោក Luderer មិនបាន​នៅក្បែរ​ស្វាមី​នោះឡើយ ដោយសារតែ​គាត់​ក៏មាន​វិជ្ជមាន COVID-19 ហើយ​ស្ថិតក្រោម​ការព្យាបាល​ដាច់ដោយឡែក​។​
 
​អ្នកស្រី Brandy បាន​រៀបរាប់​ប្រាប់ BuzzFeed News ថា ស្វាមី​ខ្លួន​ត្រូវបាន​បំពាក់​អុកស៊ីសែន ហើយ​ក្រោយមក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ដោយសារ​សុខភាព​រប​ស់​គាត់​មាន​ស្ថានភាព​ប្រក្រតី​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃអាទិត្យ អ្នកស្រី បានទទួល​សារ​ពី​ស្វាមី ថា​គាត់​ធ្លាក់ខ្លួន​ឈឺ​ឡើងវិញ ហើយ​ក្រោយមក​ក៏បាន​ស្លាប់​តែម្តង​៕

© រក្សាសិទ្ធិដោយ thmeythmey.com