ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច ដាក់​ដំណើរការ​គម្រោង​ផ្ដល់​ឥណទាន​ការប្រាក់​ទាប ដែលមាន​ទឹកប្រាក់​១០០​លាន​ដុល្លារ ដល់​SME
04, Apr 2020 , 10:59 pm        
រូបភាព
រូបភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
រូបភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បានដាក់​ឲ្យ​ដំណើរការ​គម្រោង​សហ​ហិរញ្ញប្បទាន ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផ្ដល់​ឥណទាន​ដែលមាន​ការប្រាក់​ទាប ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ទាំងនោះ​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មូលនិធិ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​នេះ មាន​ទឹកប្រាក់​១០០​លាន​ដុល្លារ​។


 
​វិស័យ​មួយចំនួន​នៅ​កម្ពុជា កំពុង​រង​ផលប៉ះពាល់ ដោយសារ​កូ​វីដ​-១៩​។ ក្នុងស្ថានភាព​នេះ រដ្ឋាភិបាល បាន​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​។ គម្រោង​នេះ បង្កើតឡើង​សម្រាប់​ផ្ដល់​ឥណទាន​មានការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​។ 
 
​វិស័យ​អាទិភាព ដែល​ទទួលបាន​ឥណទាន​នេះ រួមមាន​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឲ្យ​ការ​នាំចូល​ម្រើ​សេចក្ដីត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ជា​ធាតុ​ចូល នៅក្នុង​ការផលិត​រប​ស់​ក្រុមហ៊ុន​ធំៗ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​។ ស្ថាប័ន​ដដែល​បញ្ជាក់ថា មូលនិធិ ១០០​លាន​ដុល្លារ ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ ជាការ​ផ្ដល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា និង​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ចំនួន ៣៣​។ 
 
​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ទៀតថា សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​តម្រូវការ​ឥណទាន អាចដាក់​ពាក្យស្នើសុំ​ឥណទាន ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ នៅតាម​គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ​ចូលរួម​ណាមួយ ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​ហិរញ្ញប្បទាន និង​លក្ខខណ្ឌ​ផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​៕

Tag:
 សេដ្ឋកិច្ច​
 ​ការប្រាក់​
 ​សហគ្រាស​
 ​ធុន​តូច​
 ​មធ្យម​
© រក្សាសិទ្ធិដោយ thmeythmey.com