កូនភ្លោះ​មួយគូ​នៅ​ឥណ្ឌា ត្រូវបាន​ឪពុកម្តាយ​ដាក់ឈ្មោះថា​«​កូ​រ៉ូ​ណា​»​និង​«​កូ​វីដ​»
COVID-19
អន្តរជាតិ
កូនភ្លោះ​មួយគូ​នៅ​ឥណ្ឌា ត្រូវបាន​ឪពុកម្តាយ​ដាក់ឈ្មោះថា​«​កូ​រ៉ូ​ណា​»​និង​«​កូ​វីដ​»
05, Apr 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ​-១៩ កំពុង​វាយលុក​យ៉ាងខ្លាំង​ក្នុង​ពិភពលោក រួមទាំង​ឥណ្ឌា​ផងដែរ​។ ដើម្បី​រំលឹក​ដល់​សម័យកាល នៃ​ការ​រាតត្បាត​មេរោគ​នេះ គ្រួសារ​មួយ​នៅ​ឥណ្ឌា បានសម្រេច​ដាក់ឈ្មោះ កូនភ្លោះ​ប្រុស​ស្រី​របស់ខ្លួន​ថា «​កូ​វីដ​» និង «​កូ​រ៉ូ​ណា​»​។​

 
​កូនភ្លោះ​ទាំងពីរ បានកើត​កាលពី​ថ្ងៃទី​២៧ ខែមីនា នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង Raipur រដ្ឋ Chhattisgarh ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​។ អ្នកស្រី Preeti Verma ដែលជា​ម្តាយ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Press Trust of India ថា​៖ «​ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​កើត​បានកូន​ភ្លោះ ប្រុស​មួយ និង​ស្រី​មួយ​។ យើង​សម្រេច​ដាក់ឈ្មោះ​ពួកគេ​ថា Covid និង Corona»​។​
 
​អ្នកស្រី Preeti បាន​រៀបរាប់ថា ស្វាមី​របស់ខ្លួន គឺ​លោក Vinay Verma បាន​ដឹក​នាំទៅ​មន្ទីរពេទ្យ​ទាំងយប់​ថ្ងៃទី​២៦ ខែមីនា តាម​ម៉ូតូ​ក្នុងស្ថានភាព​ដ៏​លំបាក ព្រោះ​ឆ្លងកាត់​ការត្រួតពិនិត្យ ដោយសារ​រដ្ឋាភិបាល បានប្រកាស​បិទ​ប្រទេស​ទាំងមូល ជាពិសេស​រឹតត្បិត​ការដើរ​ហើរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។​
 
​អ្នកស្រី បាន​សម្រាលកូន​ដោយ​ជោគជ័យ តាមរយៈ​ការវះកាត់​ដែល​ដំណើរការ​រយៈពេល​ប្រមាណ​៤៥​នាទី​។ «​យើង​សម្រេច​ដាក់ឈ្មោះ​កូនប្រុស​ថា កូ​វីដ និង​កូនស្រី​ថា កូ​រ៉ូ​ណា ក៏​ដោយសារតែ​បានឮ​ក្រុមគ្រូពេទ្យ​បាន​និយាយ​យ៉ាង​ដូច្នោះ​ដែរ​។ នេះ​ជា​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​ពួកយើង​»​។​
 
​មក​ពេលនេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​ជាង​៣០០០​ករណី ក្នុងនោះ​ស្លាប់ ៨៦​នាក់ និង​ជាសះស្បើយ​ចំនួន​២២៩​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com