COVID-19
ជាតិ
វីដេអូ
ធ្លាប់​តែមាន​ភ្ញៀវ​ហូរហែ របរ​អ៊ុតសក់ ប្រែជា​ស្ងាត់​ដោយសារ​កូ​វីដ​-១៩!
05, Apr 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​ជំងឺ COVID-19 នៅតែ​បន្ត​រាលដាល​នៅ​កម្ពុជា ដោយ​មិនដឹង​ស្ថានភាព​នេះ អូសបន្លាយ​ដល់ពេល​ណា​នោះទេ​។ ស្របពេល​ស្ថានភាព​ដ៏​តានតឹង​នេះ រដ្ឋាភិបាល​បាន​បិទ កន្លែង​កម្សាន្ត ខារ៉ាអូខេ និង​សាលារៀន​ជាដើម ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាន​ជំងឺ​កូ​វីដ​-១៩​។ បញ្ហា​កូ​វីដ​-១៩​នេះ បានធ្វើឱ្យ​អាជីវកម្ម​តូច​-​ធំ ត្រូវ​ប្រឈម​នឹង​ការធ្លាក់ចុះ​ចំណូល ដោយ​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​។ មិន​ខុសពី​អាជីវកម្ម​ផ្សេងៗ អ្នក​ប្រក​បរបរ អ៊ុតសក់ ក៏បាន​ត្អូញត្អែរ ពី​ការបង់​បាត់​ចំណូល ដោយ​ធ្លាប់​តែមាន​ភ្ញៀវ​ហូរហែ ប្រែជា​ស្ងាត់ ដែល​ធ្វើឱ្យ​ពួកគាត់​ស្ទើរតែ រកប្រាក់​បង់ថ្លៃ​តូប និង​បំណុល​ស្ទើរ​គ្មាន​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​នាង​ទស្សនា​វីដេអូ​ដូចតទៅ​៖
 
 
​អ្នកស្រី ស្រឿ​ន សារ៉ាន់ ជា ជាង​អ៊ុតសក់​នៅ​សង្កាត់​ទឹកថ្លា បាន​បញ្ជាក់ថា រយៈពេល​ជាង​កន្លះ ខែ​មកនេះ ហាង​របស់​អ្នកស្រី​មិនសូវមាន​ភ្ញៀវ​នោះទេ ដែល​ធ្វើឱ្យ​អ្នកស្រី​បាត់បង់​ចំណូល​ស្ទើរតែ​ពាក់កណ្ដាល​។ ក្នុង​មួយខែ​អ្នកស្រី​អាច​រកចំណូលបាន​ពី​៨ ទៅ​៩ រយ​ដុល្លារ តែ​ពេលនេះ​អា​ចរក​ត្រឹមតែ​៤-៥ រយ​ដុល្លារ​ប៉ុណ្ណោះ​។​
 
 ទោះបី​មួយរយៈ​នេះ​ចំណូល​មានការ​ធ្លាក់ចុះ និង​ខ្លាច​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ តែ​អ្នកស្រី សារ៉ាន់ មិនមាន​គម្រោង​បិទតូប​នោះឡើយ ព្រោះ​ខ្លាច​មិនមាន​លទ្ធភាព​បង់​បំណុល និង​ថ្លៃ​តូប​ឱ្យគេ តែ​ទោះយ៉ាងណា​ជាង​អ៊ុតសក់​រូបនេះ នៅតែ​ប្រុងប្រយ័ត្ន និង​ធ្វើ​អនាម័យ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​ដែរ​។ អ្នកស្រី​បាន​រៀបរាប់​ដូច្នេះ​ថា «​ពេលដែល​ផ្ទុះ​កូ​វីដ​-១៩ ខ្លាំង​ចង់តែ​ផ្អាក់​ដែរ តែ​នឹក​ឃើញថា បើ​យើង​ឈប់​ទៅ គឺ​បាត់បង់​ថវិកា អីចឹង​បើ​យើង​បើក​ទៅ​ចេះតែ​បាន​ខ្លះៗ​ដែរ​»​។​
 
​មិន​ខុសគ្នា​ពី អ្នកស្រី សារ៉ាន់ ជាង​អ៊ុតសក់​នៅ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ អ្នកស្រី ឡា ឡៃ​ហៀក ក៏​កំពុង​ជួបប្រទះ​នឹង​ការបាត់បង់​ចំណូល​ដែរ​។ ជាជាង​អ៊ុតសក់​រយៈពេល​៥​ឆ្នាំ អ្នកស្រី ឡៃ​ហៀក បានឱ្យដឹងថា នៅពេល​ជិត​ចូលឆ្នាំ តែងតែមាន​ភ្ញៀវ​មិនដែល​ដាច់ តែ​ក្រោយពេល​មាន​ជំងឺ​កូ​វីដ​-១៩​មក ចំណូល​របស់​អ្នកស្រី​មានការ​ថយចុះ​ជាង​មុន​ច្រើន​។ អ្នកស្រី​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖ « និយាយ​ទៅ​ជំងឺ​កូ​វីដ​១៩​ហ្នឹង​ចូលមក​វា​រៀង​ស្ងាត់​ជាង​មុន ព្រោះ​ខែ​ហ្នឹង​ភាគច្រើន​ដាច់ តែ​ពេល​ឥលូវ​ស្ងាត់​។ ចំណូល​ខែ​ហ្នឹង​ពិបាក​រក​»​។ 
 
​ជាមួយគ្នានេះដែរ អ្នកស្រី សុខ គា ប្រកប​របរ​អ៊ុតសក់​នៅ​បឹងត្របែក បានឱ្យដឹងថា ភ្ញៀវ​ដែល​មក​ទទួល​សេវាកម្ម​ក្នុង​ហាង​អ្នកស្រី ភាគច្រើន​ជា​អ្នកធ្វើការ​នៅ​ខារ៉ាអូខេ​។ បើតាម​អ្នកស្រី សុខ គា ក្រោយពេល​ផ្ទុះ​កូ​វីដ​-១៩​នេះ មានការ​បិទ ខារ៉ាអូខេ និង​កន្លែង​កម្សាន្ត​នានា ដែល​ធ្វើឱ្យ​ហាង​របស់​អ្នកស្រី​ថ្ងៃ​ខ្លះ​គ្មាន​ភ្ញៀវ​សម្បី​តែ​ម្នាក់ ក៏មាន​។ 
 
​អ្នកស្រី សុខ គា បាន​បន្ថែមថា អ្នកស្រី​មិនមាន​ប្រាក់​សម្រាប់​បំរុង​ទុក​នោះទេ ហើយ​ត្រូវ​បង់ថ្លៃ​តូប​ពេញ​ថ្លៃ​ចំនួន​២០០​ដុល្លារ​ក្នុង​មួយខែ​ថែមទៀត ដែល​ធ្វើឱ្យ​អ្នកស្រី​ខ្លាច​មិនមាន​លទ្ធភាព​បង់ថ្លៃ​តូប​ឱ្យគេ​។ អ្នកស្រី​បាន​រៀបរាប់​ដូច​ច្នេះ​ថា​៖ កាលពីមុន​មួយខែ​សល់​ប្រហែល​២០០​ដុល្លារ​អី​ដែរ ប៉ុន្តែ​ឥលូវ​សម្បី​តែ​ថ្លៃ​ផ្ទះជួល​ក៏​រក​មិន​ចង់បាន ចេះតែ​រក​តិចៗ​ទៅ​។ គម្រោង​ប្រហែល​ខ្ញុំរ​កបិទ ព្រោះ​អី​បើ​ស្ងាត់​សឹង​អីចឹង​»​។​
 
​សូមជម្រាបថា គិត​មក​ថ្ងៃទី​១ ខែមេសា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១០៩​នាក់ ដែល​នៅក្នុង​ចំណោម​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២៥​នាក់​៕

Tag:
 របរ​អ៊ុតសក់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com