COVID-19
ជាតិ
លក់​បាយ​មុខ​អង្គរ​ជិត​២០​ឆ្នាំ លោកស្រី សុខា មិន​ធ្លាប់​ឃើញ​សភាព​ស្ងាត់​បែបនេះ​ឡើយ​
05, Apr 2020 , 11:02 am        
រូបភាព
​សៀមរាប​៖ ស្ថានភាព​មុខ​ប្រាសាទអង្គរវត្ត​នាពេលនេះ មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ក្រោយពេល​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ហើយ​ភ្ញៀវទេសចរ​លែង​ធ្វើដំណើរ​ចេញ​ក្រៅ ដោយ​បារម្ភ​ឆ្លង​ជំងឺ​នេះ​។ សកម្មភាព​លក់ដូរ​នៅ​ទីនោះ​ក៏​ស្ងប់ស្ងាត់​ដែរ តែ​នៅមាន​អ្នកលក់​ប៉ុន្មាន​នាក់ បន្ត​បើក​តូប​លក់ដូរ​ទាំង​ប្រថុយប្រថាន ក្នុងនោះ​ក៏មាន​តូប​លក់​បាយ​របស់លោក​ស្រី ឃុ​ត សុខា ផង​។ លក់​នៅមុខ​អង្គរ​ជិត​២០​ឆ្នាំ លោកស្រី សុខា មិន​ធ្លាប់​ឃើញ​អង្គរ​ស្ងាត់​បែបនេះ​ទេ​។​

 
​ទោះបីជា​អង្គរ​ស្ងាត់ តែ​ហាង​បាយ​លោកស្រី សុខា ដែល​បើក​នៅទីនេះ​១៨​ឆ្នាំ​មកហើយ នៅ​បន្ត​លក់​។ យ៉ាងណា ការលក់​បាយ​សម្ល មាន់​អាំង​របស់​លោកស្រី សុខា ធ្លាក់ចុះ​ខ្លាំង​បើ​ធៀប​នឹង​ពេលមុនៗ​។ ពេល​មិនទាន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ហាង​បាយ​នេះ​ប្រើ​អង្ករ​ដាំបាយ​អស់ពី​២០​ទៅ​២៥​គីឡូក្រាម តែ​ពេលនេះ​ធ្លាក់​មក​ត្រឹម​៥​គីឡូក្រាម​ក្នុង​មួយថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​នៅសល់​ក៏មាន​។ ចំណែក​ត្រី ថយ​ពី​៨ មក​ត្រឹម​១​គីឡូក្រាម​។ ទំហំ​នេះ​មានការ​ថយចុះ​ប្រមាណ​៧០​ភាគរយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ម្ចាស់​ហាង​។​
 
 
​លោកស្រី សុខា ដែលជា​ម្ចាស់​ហាង​បាយ​ប្រាប់ថា លោកស្រី​ក៏​បារម្ភ​ពី​ជំងឺ​ថ្មី​នេះដែរ តែ​នៅ​បន្ដ​លក់​ដោយ​អាណិត​បុគ្គលិក​៥​នាក់ មិនមាន​ការងារ​ធ្វើ មួយទៀត​ខ្លាច​អ្នកធ្វើដំណើរ​ខ្លះ​គ្មាន​បាយទឹក​ហូប និង​អតិថិជន​ជា​អ្នកធ្វើការ​មួយចំនួន ពិបាករ​កបាយ​ហូប​ជាដើម​។ លោកស្រី​បន្ថែមថា​៖« បុគ្គលិក​មិនដឹង​គ្នា​ធ្វើ​អី គ្មាន​ចំណូល​ចូល​ផ្ទះ ណាមួយ​គ្នា​ត្រូវ​សងបំណុល​គ្នា មួយទៀត​នៅផ្ទះ​ក៏​អផ្សុក​ចេះតែ​មក​លក់ៗ លក់​ទាំង​ខាត​»​។ ដ្បិត​គ្មាន​ចំណូល​ដូច​មុន តែ​លោកស្រី សុខា មិនបាន​បញ្ឈប់​បុគ្គលិក និង​នៅតែ​ឱ្យប្រាក់​ខែ​ដដែល គ្រាន់តែ​សុំ​បន្ថយ​១០​ភាគរយ​ប៉ុណ្ណោះ​ដើម្បី​ជួយ​ទប់ទល់​ថ្លៃ​ខាត​។ 
 
​ជា​ចាស់ទុំ និង​ធ្លាប់បាន​ចំណូល​ច្រើន​ពី​ប្រាសាទអង្គរវត្ត លោកស្រី សុខា មិន​ធ្លាប់​ឃើញ​អង្គរ​ស្ងប់ស្ងាត់​បែបនេះ​ពីមុនមក​ទេ​។ ឆ្លងកាត់​ស្ថានការណ៍​នៃ​ការផ្ទុះ​ជំងឺ​ថ្មីៗ​ច្រើនលើក ដូចជា​ការផ្ទុះ​ជំងឺ​អេស​ដ៍ ជំងឺសារ និង​ជំងឺផ្ដាសាយបក្សី​ជាដើម តែ​ស្ថានការណ៍​នៅពេល​អាក្រក់​ខ្លាំង ធ្វើឱ្យ​មនុស្ស​ភ័យខ្លាច និង​លែង​ធ្វើដំណើរ​កម្សាន្ត​។ លោកស្រី សុខា បន្ថែម​។​
 
​យ៉ាងណាក៏ដោយ​ការលក់ដូរ​របស់លោក​ស្រី សុខា មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ហាង​មានទឹក​អាកុល​ឬ​ជេ​ល​សម្រាប់​លាង​សម្អាត ពាក់​ម៉ាស់ និង​ការ​ឈរ​ឆ្ងាយ​ពី​អ្នកទិញ​ផង ដើម្បី​បង្ការ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​។ លោកស្រី សុខា នឹង​បន្ត​លក់​បាយ​ម្ហូប​នៅមុខ​អង្គរវត្ត​រហូតដល់​ពិធី​ចូលឆ្នាំ​មកដល់​។ លោកស្រី​ថា​បារម្ភ​ពេល​ចូល​ឆ្នាំមាន​មនុស្ស​ដើរ​ច្រើន ពិបាក​គ្រប់គ្រង​មនុស្ស ហើយ​អាចមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែល​កំពុង​រាតត្បាត​ពេញ​ខ្លាំង​នៅ​កម្ពុជា​ពេលនេះ​៕





Tag:
 អង្គរវត្ត​
  អ្នកលក់​មាន់មុខ​អង្គរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com