COVID-19
ជាតិ
សេដ្ឋកិច្ច
លោក លី សុផល ប្រែទីធ្លាមុខផ្ទះជាសួនបន្លែចម្រុះ ដែលជួយលំអផ្ទះថែមទៀត
×
ដោយ៖ ស៊ែម ម៉ូនីតា
ភ្នំពេញ៖ លោក លី សុផល ជាពលរដ្ឋម្នាក់នៅបណ្តោយលូបឹងត្របែក។ ជាអាជីវករលក់តុទូផង លោកបានកែប្រែទីធ្លាមុខផ្ទះរបស់ខ្លួន ទៅជាសួនបន្លែចម្រុះ ដើម្បីទុកបរិភោគ។ ទោះនៅមុខផ្ទះរបស់លោកគ្មានដីសម្រាប់ដាំក៏ដោយ លោកបានយកឡាំងស្នោរ និងសំបកកំប៉ុងផ្សេងៗមកដាក់ដីដើម្បីអាចដាំបន្លែទាំងនោះ។ បន្លែដែលលោកលី សុផល បានដាំមានដូចជាសណ្ដែកកួរ ជីនាងវង ស្ពៃខ្មៅ ស្ពៃក្រញាញ់ សាឡាត់ ជី ស្លឹកគ្រៃ ក្រសាំងទាប ម្ទេស និងបន្លែផ្សេងៗទៀត។ បើតាម លោក សុផល ការដាំបន្លែ វាមិនពិបាកពេកនោះទេ ទាំងការថែទាំ និងដាក់ជី។
លោក សុផល បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានដាំដុះបន្លែបង្ការនៅមុខផ្ទះ ជាង២ឆ្នាំមកហើយ ព្រោះលោកមើលឃើញថា នៅលើទីផ្សារមានបន្លែគីមីច្រើន ដែលប៉ះពាល់ដល់សុភាព។ ដូច្នេះហើយទើបលោក ដាំបន្លែច្រើនមុខ គ្រាន់បរិភោគក្នុងគ្រួសារ និងស្អាតមុខផ្ទះទៀតផង។ «បន្លែទាំងនេះ វាមិនគ្រប់មុខក៏ពិតមែន តែវាជួយមួយចំណែកធំដែរដល់យើង ដោយមិនចាំបាច់ទៅទិញនៅផ្សារ។ បន្លែខ្លះច្រើន ដល់ចែកដល់បងប្អូនអ្នកជិះខាងខ្លះទៅ»។ នេះជាការពន្យល់របស់ លោក លី សុផល។
បច្ចុប្បន្ន គេសង្កេតឃើញថា មានពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែច្រើន បានចំណាយពេលវេលាដាំបន្លែបង្ការ សម្រាប់បរិភោគខ្លួនឯង។ ការណ៍នេះ ធ្វើឲ្យលោក សុផល ដែលជាដាំបន្លែនៅផ្ទះមួយរូបដែរ សប្បាយចិត្ត ហើយលោកក៏ស្នើទៅពលរដ្ឋដទៃទៀត ចាប់ផ្តើមដាំបន្លែនៅតាមផ្ទះឲ្យបានកាន់តែច្រើនផងដែរ។ លោក សុផល ស្នើដូច្នេះថា៖«យើងគួរតែកែច្នៃការដាំបន្លែនៅតាមផ្ទះឱ្យបានច្រើន បើទោះបន្លែមានពាសពេញផ្សារវាថោកក៏ដោយ ឬក៏ថាយើង មានជីវភាពប្រសើរយ៉ាងណាក៏ដោយ សូមគិតដល់សុខភាព ជាចម្បង»។
និន្នាការនេះ ក៏ស្របពេលដែល កម្ពុជាកំពុងប្រឈម នឹងជំងឺកូវីដ-១៩ ហើយរដ្ឋាភិបាលក៏បានលើកទឹកចិត្តបន្ថែមទៀត ឱ្យប្រជាពលរដ្ឋ ពិសេសបងប្អូននៅរាជធានីភ្នំពេញ កែច្នៃការដាំបន្លែតាមផ្ទះ ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាចូលរួមបង្កើនស្បៀងអាហារប្រចាំថ្ងៃ៕
Tag:
បន្លែ
លី សុផល
Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com