COVID-19
ជាតិ
បាត់​ចំណូល​ព្រោះ​COVID-19 អ្នក​ស៊ីក្លូ ផ្ញើ​ក្តី​សង្ឃឹមលើ​សប្បុរសជន​
05, Apr 2020 , 5:59 pm        
រូបភាព
អ្នកធាក់ស៊ីក្លូ
អ្នកធាក់ស៊ីក្លូ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​មាន​ការរីក​រាលដាល​COVID-19 អ្នកធាក់ស៊ីក្លូ  រកចំណូលបាន​កាន់តែ​តិច រហូតដល់​ការ​រឹតបន្តឹង​បិទ​ទិដ្ឋាការ​ជនបរទេស​ទៀត គឺ​ធ្វើឱ្យ​ពួកគាត់​អស់​ចំណូល​តែម្ដង​។ ទោះបី​អំឡុង​ពេលនេះ អ្នកធ្លាក់​ស៊ីក្លូ​មិនមាន​ភ្ញៀវ​ដឹក​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នកធាក់ស៊ីក្លូ​ទទួលបាន​សប្បុរជន​ជួយ​ជា​ហូរហែ ទាំង​អាហារ ថវិកា និង​ម៉ាស់ អាល់កុល សម្រាប់​ការពារ​ការរីក​រាលដាល COVID-19​។

 
​លោក ប៉ា អៀង ប្រកប​អាជីព​ធាក់​ស៊ីក្លូ​តាំងពី​ឆ្នាំ​១៩៩០​មក​។ អង្គុយ​ក្រោម​ម្លប់​ដើម​អំពិល​បារាំង​ម្តុំ​វត្ត​កោះ លោក អៀង អះអាងថា ទើបតែ​ពេល​រាលដាល​ជំងឺ​COVID-19​នេះ​ទេ ដែល​ធ្វើ​ក្រុម​អ្នកធាក់ស៊ីក្លូ​របស់លោក គ្មាន​អ្នកជិះ​សោះ​។ គ្មាន​ផ្ទះសម្បែង បុរស​វ័យ​៦៤​ឆ្នាំ​រូបនេះ ត្រូវ​សម្រាក​នៅលើ​ស៊ីក្លូ​របស់ និង​យក​ចិញ្ចើមផ្លូវ​ជាទី​ស្នាក់​។ 
 
​លោក អៀង ឲ្យ​ដឹង​ទៀតថា លោក មិនបាន​ផ្ញើ​ថវិកា ទៅ​ឱ​គ្រួសារ​ដែល​រស់នៅ​ខេត្តព្រៃវែង​ទេ កាលពី​ខែមីនា​កន្លងទៅ​។ ទោះ​នៅ​ភ្នំពេញ គ្មាន​ចំណូល ប៉ុន្តែ​អ្នកធាក់ស៊ីក្លូ​រូបនេះ ថា​លោក​មិន​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ព្រោះ​ទៅ​ក៏​គ្មាន​របរ​អ្វី​ធ្វើ​ដែរ​។ ផ្ទុយទៅវិញ​បើ​លោក​នៅ​ភ្នំពេញ លោក​នឹង​បានទទួល​ទាន​ពី​សប្បុរសជន​នានា​។ «​នៅទីនេះ​មាន​សប្បុរសជន​ជួយ តិចក្ដី​ច្រើនក្ដី​តាម​គេ​ផ្ដល់ឱ្យ​។ ខ្ញុំ​ជឿថា​មិន​ដាច់ពោះ​ស្លាប់​ឡើយ​។ រាល់ថ្ងៃ​មាន​អ្នកខ្លះ​ជិះឡាន ឬ​ម៉ូតូ​មកឱ្យ​បាយ​ប្រអប់ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី​ជាដើម​»​។ នេះ​ជាការ​រៀបរាប់​របស់ លោក ប៉ា អៀង ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​
 
​ក្រៅពី​ទាន​របស់​សប្បុរសជន អ្នកធាក់ស៊ីក្លូ​ដូចជា​រូបលោក ក៏​ទទួលបាន​ប្រាក់​៧​ពាន់​រៀល​ក្នុង​មួយថ្ងៃ ពី​មូលនិធិ​ទ្រទ្រង់​អ្នកធាក់ស៊ីក្លូ របស់​សម្ដេច ហ៊ុន សែន​ផងដែរ​។​
 
​អ្នកធាក់ស៊ីក្លូ​ម្នាក់ទៀត​នៅ​ម្តុំ​វត្ត​កោះ​ដែរ គឺ​លោក ឈឿ​ម សាវឿន ក៏បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា លោក​រំពឹង​តែ​អំណោយ​ពី​សប្បុរសជន​ប៉ុណ្ណោះ​សព្វថ្ងៃនេះ ព្រោះ​ស៊ីក្លូ​របស់លោក គ្មាន​អ្ន​កជិញ​ទាល់តែសោះ​។ លោក សាវឿន​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​រៀបរាប់​ដូច្នេះ​៖«​រាល់ថ្ងៃ​រស់​ដោយ​សារស​ប្បុរ​សជន​ផ្ដល់ឱ្យមាន មី ត្រីខ លុយ​បន្តិចបន្តួច រួមទាំង​ម៉ាស់ អាល់កុល ឱ្យ​ការពារ​ទៀតផង​»​។ 
 
​បាត់​ចំណូល​ប្រចាំថ្ងៃ ធ្វើ​ឲ្យ​បុរស​វ័យ​៥៨​ឆ្នាំ​រូបនេះ ប្រឈម​នឹង​កង្វះ​ប្រាក់​បង់ថ្លៃ​ផ្ទះជួល​មួយខែ​៧០​ដុល្លារ​ថែមទៀត ខណៈដែល​ភរិយា​របស់ខ្លួន​ដែល​ធ្វើការ​នៅ​ភោជនីយដ្ឋាន ក៏​ត្រូវគេ​ផ្អាក​ការងារ​មួយរយៈ​ទៅហើយនោះ​។ ដូច្នេះហើយ បើ​មាន​ភ្ញៀវ​ជិះ​លោក​ក៏​ដឹក ដើម្បី​បាន​ចំណូល​ខ្លះ បើទោះជា​លោក​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​COVID-19​ក៏ដោយ​។ ទន្ទឹមនឹងនោះ លោក សាវឿន ក៏មាន​ម៉ាស់ ទឹក​អាល់កុល សម្រាប់​ការពារ​ដែរ​។​
 
​ចំណែក​លោក ឡេង សុផាត ដែលជា​អ្នកធាក់ស៊ីក្លូ​ម្នាក់ទៀត ក៏​ជួប​បញ្ហា​ដូចគ្នា​ដែរ​។ លោក​ថា បើ COVID-19 នៅតែ​បន្ត​ទៅមុខទៀត​ច្បាស់​ណាស់​ថា លោក​នឹង​ជួប​ការលំបាក​អត់ឃ្លាន​។ ប៉ុន្តែ​បុរស​វ័យ​៦២​ឆ្នាំ​រូបនេះ នៅមាន​សង្ឃឹមលើ​សប្បុរ​សជន​ថា នឹងមិន​ទុកឱ្យ​ក្រុម​អ្នកធាក់ស៊ីក្លូ​ដូច​លោក អត់ឃ្លាន​ស្លាប់​ឡើយ​។ «​មាន​មួយចំនួន​សប្បុរសជន​ដែល​ធ្លាប់ និង​មិន​ធ្លាប់ជួយ សង្ឃឹមថា​ពួក​នៅតែ​ជួយ​ដល់​ពួក​ខ្ញុំ​បន្តទៀត នៅ​អំឡុង​ពេលនេះ​។ ខ្ញុំ​សប្បាយចិត្ត ពេល​មាន​យុវជន​និង​បងប្អូន ដែល​បាន​បារម្ភ​ពី​សុខទុក្ខ​ក្រុម​អ្នកធាក់ស៊ីក្លូ និង​អ្នក​គ្មាន​ផ្ទះ​នៅតាម​ច​ញ្ចើ​ម​ផ្លូវ​ដូច​ពួក​ខ្ញុំ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ឡេង សុផាត​៕
 

Tag:
 ស៊ីក្លូ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com