COVID-19
ជាតិ
វិធានការការពារ សម្រាប់មធ្យោបាយដឹកជញ្ជូនដែលផ្ទុកមនុស្សលើសពី១០នាក់
× ក្រសួងសុខាភិបាល បានណែនាំមួយចំនួន សម្រាប់អនុវត្តលើមធ្យោបាយដឹកជញ្ជូនដែលផ្ទុកមនុស្សលើសពី១០នាក់ ដើម្បីទប់ស្កាត់ការរីករាលដាលCOVID-19។ បើតាមការណែនាំ ម្ចាស់រថយន្តត្រូវលាងសម្អាតរថយន្តឲ្យស្អាត ត្រូវមានទឹកអាល់កុលសម្រាប់អ្នកដំណើរ បើកបង្អួចរថយន្ត ជំនួសឲ្យការបើកម៉ាស៊ីនត្រជាក់។ ទាំងអ្នកបើកបរ និងអ្នកដំណើរត្រូវពាក់ម៉ាស់ និងរក្សាអនាម័យជានិច្ច។
ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរតាមមធ្យោបាយរួមលើសពី១០នាក់ ត្រូវលើកទឹកចិត្តឱ្យពាក់ម៉ាស់ ឬក្រមាខ្ទប់មាត់ ច្រមុះ ចៀសវាងការចម្លងជាយថាហេតុនៃវីរុសផ្ដាសាយផ្សេងៗ ពិសេសCOVID-19។ នេះជាខ្លឹមសារនៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ មេសានេះ។
ក្រៅពីនេះ ក្រសួងសុខាភិបាល បានណែនាំឲ្យម្ចាស់រថយន្តបើកបង្អួច ដើម្បីឱ្យមានខ្យល់ចេញ-ចូលល្អ និងមិនបាច់ប្រើម៉ាស៊ីត្រជាក់ឡើយ។ ម្ចាស់រថយន្តត្រូវ សម្អាតរថយន្តជាប្រចាំ ដោយទឹកសាប៊ូ ឬអាល់កុល តាមធ្នាក់កៅអី។ ជាមួយគ្នានេះ ក៏ត្រូវមានទឹកអាល់កុល ឬជែលលាងដៃ ដល់អ្នកធ្វើដំណើរមុខពេលឡើងជិះរថយន្តផងដែរ។
ប្រសិនបើ អ្នកបើកបររថយន្ត មានរោគសញ្ញាផ្ដាសាយ ត្រូវផ្អាកបើកបរជាបណ្ដោះអាសន្ន ហើយត្រូវទៅត្រួតពិនិត្យសុខភាពជាបន្ទាន់។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com