ជាតិ
Koica ផ្តល់ជំនួយ១០លានដុល្លារ គាំទ្រកម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា
× ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica) បានចុះហត្ថលេខាលើជំនួយទឹកប្រាក់ចំនួន ១០លានដុល្លារ សម្រាប់ប្រើប្រាស់ទៅលើកម្មវិធីផ្តល់អាហារតាមសាលារៀន នៅកម្ពុជា។ ទឹកប្រាក់ជំនួយនេះ មានរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដែលនឹងផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៦៥,០០នាក់ និងកសិករខ្នាតតូចប្រមាណ ៧៥០គ្រួសារ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) នៅថ្ងៃទី៣០ ខែមីនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយចំនួន ១០លានដុល្លារ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក។ តាមសេចក្តីប្រកាសព័ត៌មានរបស់Koica ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ទៅលើកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលសហគមន៍ ដែលកម្មវិធីស្បៀងអាហារពិភពលោក កំពុងអនុវត្តផ្ទាល់ជាមួយក្រសួងអប់រំ។ ថវិកានេះ គឺជាជំនួយដំបូងបង្អស់ របស់ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសកូរ៉េ ដែលមានរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់Koica បញ្ជាក់ដូច្នេះថា៖«ថវិកាជំនួយនេះ នឹងជួយផ្សារភ្ជាប់កម្មវិធីផ្តល់អាហារតាមសាលារៀន ទៅនឹងសុខភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍន៍សហគមន៍ជនបទ ដោយជួយជំរុញកំណើនកសិកម្ម និងសន្តិសុខស្បៀង តាមរយៈការទិញ និងប្រើប្រាស់កសិផលក្នុងសហគមន៍ មកចម្អិនអាហារក្នុងសាលារៀន»។
គម្រោងនេះ នឹងផ្តល់ផលដល់សិស្សប្រមាណ ៦៥,០០០នាក់ ក្នុងនោះពាក់កណ្តាលជាកុមារី ដែលកំពុងសិក្សានៅតំបន់អសន្តិសុខស្បៀង ដែលមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់ និងសូចនាករអប់រំទាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល រួមបន្តបញ្ជាក់ថា គម្រោងនេះ នឹងជួយបង្កើតចំណូលដល់កសិករខ្នាតតូចប្រមាណ៧៥០គ្រួសារ ដែលនឹងក្លាយជាអ្នកផ្គត់ផ្គង់អាហារសម្រាប់គម្រោង។ ជាមួយគ្នានេះ ទីប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើន នឹងទទួលបានការបណ្តុះបណ្តាល ការលើកកម្ពស់សមត្ថភាព ទៅលើការគ្រប់គ្រងគម្រោង។
បើតាមប្រកាសព័ត៌មានដដែល គម្រោងនេះ នឹងជួយគាំទ្រដល់ដំណើរការផ្ទេរការគ្រប់គ្រងគម្រោង មកនៅជាកម្មសិទ្ធិរបស់ក្រសួងអប់រំឱ្យបាននៅឆ្នាំ២០២៤៕
Tag:
អប់រំ
ជំនួយ
អាហារូបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com