ជាតិ
ទៅ​បាត់ដំបង​! កុំ​ភ្លេច​ទៅ​ទស្សនា​«​ប្រាសាទឯកភ្នំ​» ដែល​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​១១
05, Apr 2020 , 9:29 pm        
រូបភាព
រូបភាព​ពី​មន្ទីរ​ទេស​ច​ចរណ៍​បាត់ដំបង
រូបភាព​ពី​មន្ទីរ​ទេស​ច​ចរណ៍​បាត់ដំបង
​បាត់ដំបង​៖ ប្រាសាទឯកភ្នំ ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ដ៏​ចំណាស់​មួយ​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​១១ ក្នុង​រាជ​កាល​ព្រះ​សាទ​សូរ្យ​វរ្ម័នទី​១ នា​សម័យ​មហានគរ​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។

 
​ដើម្បី​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រាសាទឯកភ្នំ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ដោយ រថយន្ត ម៉ូតូ ប្រើ​រយៈពេល​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ​។ ប្រាសាទឯកភ្នំ មាន​ទីតាំងនៅ​ភូមិ តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ចម្ងាយ ៧​គីឡូម៉ែត្រ បែក​ចេញពី​ផ្លូវ​ខេត្ត​លេខ P156 ត្រង់​ម្ដុំ​ភូមិ​ថ្កូវ ឃុំ​ក្ដុល​ដូនទាវ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ចម្ងាយ​១២.២៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តបាត់ដំបង​។​
 
​សូម​លោក​-​អ្នកនាង ទស្សនា​ទិដ្ឋភាព​សម្រស់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ប្រាសាទឯកភ្នំ ដូចខាងក្រោម (​រូបភាព​ពី​មន្ទីរ​ទេស​ច​ចរណ៍​បាត់ដំបង​)៖ 












 
​ប្រាសាទ​ដ៏​ចំណាស់​នេះ​មាន ទីធ្លា​ប្រមាណ ៣០​ម៉ែត្រ​ហើយ​មាន​ថែវ​ព័ទ្ធជុំវិញ​ប្រាសាទ ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច មាន​ប្រវែង​២៥​ម៉ែត្រ ហើយពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​មាន​ប្រវែង​៤៩​ម៉ែត្រ មាន​រាង​បួន​ជ្រុង ស្មើគ្នា​ធ្វើ​អំពី​ថ្មភក់​បែរមុខ​ទៅ​ទិសខាងកើត សង់​លើ​ខឿន​មួយ​មាន​ពីរ​ថ្នាក់ មាន​ថែវ​ព​ទ្ធ័​ជុំវិញ​តួ​ប៉ម​នៃ​ប្រាសាទ និង​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ហើយ​មាន​គូរ​ទឹក​ព័ទ្ធជុំវិញ​ផង​។ ហើយ​ប្រាសាទ​នេះ​មាន​ដើម​ពោធិ៍ ដុះ​ជុំវិញ​ជាច្រើន​ដើម បង្កើត​ឲ្យ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ និង​ខ្យល់​ត្រជាក់​បរិសុទ្ធ​។​
 
​បើតាម​មន្ទីរ​ទេសចរណ៍​បាត់ដំបង​ដដែល ប្រាសាទឯកភ្នំ​នេះ មាន​ចម្លាក់​ក្បាច់​ជាច្រើន មាន​ភាពរស់រវើក​គួរ​ឲ្យ​ចង់​ទស្សនា​នៅ​សេសសល់ តាម​ផ្នែក​មួយចំនួន ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ក្នុង​លិ​ទ្ធិ​ព្រហ្មញ្ញសាសនា​។ ចម្លាក់​ទាំងនោះ​រួមមាន ព្រះ​ឥសូរ​កំពុង​អង្គុយ​លើ​យាន្ត​ជំនិះ​គោ​ន​ន្ទិ​ន​ជាមួយ​ម​ហោ​សី ព្រះ​វិស្ណុ ព្រះឥន្ទ្រ​អង្គុយ​លើ​ដំរី រឿង​កូរ​មហាសមុទ្រ​ទឹកដោះ ដែល​បង្ហាញ​ពី​តួអង្គ​ជាច្រើន​ក្រុម មាន​ទេវតា និង​ពួក​យក្ស​ទាញ​ពស់​នាគ​ដណ្ដើមយក​ទឹកអម្រឹត​ទៅ​ផឹក​ដើម្បី​បាន​ជីវិត​អមតៈ​។ ហើយ​ប្រាសាទ​នេះ​មាន​សិលា​ច​រិ​ក ដែល​នៅ​និង​មេ​ទ្វា​ខាងត្បូង​មាន​១១​បន្ទាត់ ៩​បន្ទាត់​ជា​ភាសា​ខ្មែរ រីឯ​ពីរ​បន្ទាត់​ទៀត​ជា​ភាសាសំស្ក្រឹត​៕ 

Tag:
 បាត់ដំបង​
  ប្រាសាទឯកភ្នំ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com