អ្នក​ប្រកប​របរផ្លូវភេទ​រាប់​ម៉ឺន​នាក់​នៅ​ថៃ បាត់បង់​ការងារ​ទាំង​ស្រុង និង​គ្មាន​ជំនួយ​ពី​រដ្ឋាភិបាល​
COVID-19
អន្តរជាតិ
អ្នក​ប្រកប​របរផ្លូវភេទ​រាប់​ម៉ឺន​នាក់​នៅ​ថៃ បាត់បង់​ការងារ​ទាំង​ស្រុង និង​គ្មាន​ជំនួយ​ពី​រដ្ឋាភិបាល​
05, Apr 2020 , 7:59 pm        
រូបភាព
ដោយ: ធីតា
​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​រាប់ម៉ឺន​នាក់​នៅ​ថៃ បាត់បង់​ការងារ​។ មនុស្ស​មួយចំនួន​បន្ត​ប្រកប​របរ​នេះ ទាំង​ប្រថុយប្រថាន ដោយសារតែ​គ្មាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល ខណៈ​ប្រទេស​ថៃ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​វិបត្តិ​។​

 
«​ខ្ញុំ​ពិតជា​ខ្លាច​ការឆ្លង​មេរោគ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ការងារ​ដើម្បី​បង់ថ្លៃ​ផ្ទះ និង​ម្ហូបអាហារ​ផ្ទាល់ខ្លួន​»​។ អ្នក​ប្រកប​របរផ្លូវភេទ​ឈ្មោះ Pim បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ ទោះបីជា​រង្គសាល ក្លិប​កម្សាន្ត ខារ៉ាអូខេ ក៏ដូចជា​ហាង​ម៉ាស្សា ត្រូវបាន​បិទ​ក៏ដោយ ប៉ុន្តែ​បុរស​អាយុ​៣២​ឆ្នាំ​ដែល​បាន​ប្តូរ​ភេទ​ទៅជា​ស្រី រូបនេះ  នៅតែ​លួច​ប្រកប​របរ​ជាសម្ងាត់​នៅ​ក្រុង​បាងកក​។​
 
​រដ្ឋាភិបាល​ថៃ បានចេញ​បម្រាម​គោចរ​ដោយ​ហាមឃាត់​ពលរដ្ឋ​ទូទាំងប្រទេស​ចាកចេញ​ពី​ផ្ទះ ចាប់ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៤​ព្រឹក ដែល​ចូល​ជា​ធរមាន​ចាប់ពី​យប់​ថ្ងៃទី​៣ ខែមេសា ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​។ 
 
​នៅ​បាងកក ដែលមាន​ពលរដ្ឋ​ប្រមាណ​១០​លាន​នាក់ ប្រែក្លាយជា​ទីតាំង​ដែល​ពិបាក​រក​ភ្ញៀវ​សម្រាប់ Pim ដោយ​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ម្នាក់នេះ ដើរ​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ដើម្បី​ស្វែងរក​ភ្ញៀវ​ទាំង​ប្រថុយប្រថាន​បំផុត​។ 
 
​យោងតាម AFP អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ ទាំងប្រុស ទាំងស្រី ក៏ដូចជា​អ្នក​ប្តូរ​ភេទ ប្រមាណ​៣០​ម៉ឺន​នាក់ ជាពិសេស​នៅ​បាងកក និង​តំបន់​សមុទ្រ ដូចជា ភូ​កេ​ត និង​ប៉ា​តា​យ៉ា បាន​បាត់បង់​ការងារ​។ ភាគច្រើនបំផុត​នៃ​ពួកគេ គ្មាន​របប​សន្តិសុខ​សង្គម ក៏ដូចជា​កិច្ចការពារ​ផ្សេងៗ ហើយក៏​ជា​ក្រុម​ដែល​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​-១៩​។​
 
​អ្នកខ្លះ បានសម្រេច​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ រីឯ​អ្នក​ខ្លះទៀត បន្ត​រស់នៅ​ទាំង​ផ្សងព្រេង​នៅ​ក្រុង​បាងកក ឬ​ទីតាំង​បច្ចុប្បន្ន​ដែល​ខ្លួន​ប្រក​បរបរ​។ 
 
​អ្នក​ប្រកប​របរផ្លូវភេទ​ម្នាក់​ទៀត បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ថា​៖ «​យើង​ប្រក​បរបរ​នេះ ដោយសារតែ​យើង​ក្រ​។ កន្លងមក ខ្ញុំ​រកចំណូលបាន​ពី​៣០០ ទៅ​៦០០​ដុល្លារ​អាមេរិក​ក្នុង​១​សប្តាហ៍ ប៉ុន្តែ​ពេលនេះ រក​មិនបាន​ទាល់តែសោះ​»​។​
 
​ថៃ​ជា​ប្រទេសមួយ​ដែលមាន​ប្រភព​ចំណូល​ខ្ពស់​ពី​វិស័យ​ទេសចរណ៍ ដោយ​រដ្ឋាភិបាល​ផ្តល់​កិច្ច​គាំពារ​ផ្សេងៗ​ចំពោះ​បុគ្គលិក​រដ្ឋ និង​ឯកជន​នា​អំឡុងពេល​មាន​វិបត្តិ ប៉ុន្តែ​មិនបាន​លើកឡើង​ពី​ករណី​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នោះឡើយ ដោយសារតែ​របរ​នេះ ជា​របរ​មិន​ស្ថិតនៅក្រោម​ច្បាប់​។​
 
​អង្គការ Empower Foundation បាន​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​ថៃ ឲ្យ​រក​ដំណោះស្រាយ​សម្រាប់​អ្នក​ប្រកប​របរផ្លូវភេទ ដោយ​ពួកគេ​មាន​ឪពុកម្តាយ និង​ក្រុមគ្រួសារ​ដែល​ត្រូវ​ចិញ្ចឹម​រ៉ាប់រង​។ អង្គការ​នេះ លើកឡើងថា ក្រុម​អ្នក​ប្រកប​របរផ្លូវភេទ ក៏បាន​រួមចំណែក​ពី​៤ ទៅ​១០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com