Covid-19៖​នាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក ភ្លើង​...
COVID-19
អន្តរជាតិ
Covid-19៖​នាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក ភ្លើង​...
05, Apr 2020 , 6:11 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​វៀតណាម បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​លះបង់​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​ដើម្បី​ប្តូរ​យកមក​វិញ​នូវ​សុខមាលភាព​សង្គម​រប​ស់​ប្រជាជន ក្នុងដំណាក់កាល​នៃ​ការរីក​រាល​ជំងឺ​ផ្លូវដង្ហើម Covid-19​។ នាយករដ្ឋមន្ត្រី បាន​ក្រើនរម្លឹក​ដល់​ឲ្យ​មន្ត្រី​តាម​តំបន់ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជន​ងាយ​រងគ្រោះ និង​ប្រជាជន​ក្រីក្រ​។

 
​តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​៣ មេសា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​លើកឡើងថា ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​វៀតណាម ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ឲ្យ​បាន​លើ​ការ​រាតត្បាត​របស់​វីរុស Covid-19​។  លោក​ទទូច​ឲ្យ​មន្ត្រី​តាម​តំបន់ និង​ភាគី​ពាក់ព័ន្ធ អនុវត្ត​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល និង​ឆាប់រហ័ស​។​
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News លោកនាយក​រដ្ឋមន្ត្រី បាន​ទទួលស្គាល់ថា ប្រជាជន និង​មន្ត្រី​តាម​តំបន់​មួយចំនួន ហាក់​នៅមាន​ការយល់ច្រលំ​លើ​វិធានការ​នៅ​ឆ្ងាយ​ពីគ្នា ក៏ប៉ុន្តែ​រដ្ឋាភិបាល ក៏មាន​ផែនការ​លម្អិត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​មន្ត្រី និង​ប្រជាជន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
​គួរកត់សម្គាល់​នោះ ដើម្បី​ជាការ​ឆ្លើយតប​នឹង​វិបត្តិ​នេះ គណៈរដ្ឋមន្ត្រី​វៀតណាម បាន​ត្រៀម​ចេញ​សេចក្តីសម្រេច​មួយ​ស្តីពី​សុខភាព​សង្គម ដែល​នឹង​ត្រូវដាក់​ឲ្យ​អនុវត្ត​នាពេល​មុខ​សម្រាប់​គាំពារ​ប្រជាជន ដែល​រង​ផលប៉ះពាល់​ខ្លាំង​នៃ​វីរុស​រាតត្បាត Covid-19 រាប់បញ្ចូល​ទាំង​កម្មករ ប្រជាជន​ក្រីក្រ ក៏ដូចជា​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ផងដែរ​។​
 
​ជាពិសេស​នោះ នា​វេទិកា​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី បានដាក់​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់​តំបន់ យកចិត្តទុកដាក់​ខ្ពស់​លើ​ប្រជាជន​ក្រីក្រ និង​ធានា​ពី​តម្រូវការ​ចាំបាច់​មូលដ្ឋាន​របស់​ពួកគេ ដូចជា អគ្គិសនី ទឹក ចំណីអាហារ និង​ថ្នាំ​ប្រើប្រាស់​ជាដើម​។ 
 
​គួរ​ជម្រាប​ថា វៀតណាម ក៏​ជា​ប្រទេស​ក្នុង​តំបន់​មួយ ដែលមាន​ចំនួន​អ្នក​ឆ្លង​វីរុស Covid-19 ច្រើន​ករណី​ផងដែរ ។ គិត​ត្រឹម​ថ្ងៃ​៤ មេសា វៀតណាម មាន​អ្នក​ឆ្លង​សរុប ២៤០ ករណី ដោយ​ជាសះស្បើយ ៩០ ករណី ខណៈ​ករណី​អ្នកស្លាប់ មិនទាន់មាន​នៅឡើយ​នោះទេ​៕  

Tag:
 វៀតណាម​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com