ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុមកម្មករ ប្រើ​ជណ្តើរ និង​ខ្សែកាប​តោង​ឡើង​សម្អាត​ប្រាសាទ​យ៉ាង​ប៉ិនប្រសប់
06, Apr 2020 , 8:29 am        
រូបភាព
​សៀមរាប​៖ ការងារ​សម្អាត​រុក្ខជាតិ​តាម​ប្រាសាទ ក៏​ជា​ផ្នែក​មួយ​នៃ​ការអភិរក្ស​ប្រាង្គ​ប្រាសាទ​ដែរ​។ ជា​រៀងរាល់ថ្ងៃ ក្រុមកម្មករ​តែង​ឡើង​ចុះ​សម្អាត និង​ដក​រុក្ខជាតិ​តូចធំ តាម​ទី​ខ្ពស់​ទាប​ជាច្រើន នៅតាម​ទី​បុរាណ​ដ្ឋា​ន​នានា ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការងារ​នេះ​ជា​ចំណែក​ដ៏​ធំ​មួយ ដើម្បី​កិច្ចការ​អភិរក្ស​ប្រាសាទ ព្រោះថា​កូន​រុក្ខជាតិ​ទាំងនោះ អាចមាន​ហានិភ័យ​ខ្ពស់​ដល់​ថ្ម​ប្រាសាទ​។ 
 
​តើ​ក្រុមកម្មករ ប្រើ​បច្ចេកទេស​អ្វីខ្លះ​ដើម្បី​ឡើង​សម្អាត និង​ដក​រុក្ខជាតិ​តាម​កំពូល​ប្រាសាទ និង​បុរាណ​ដ្ឋា​ន​នានា សូម​ស្ដាប់​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
​ការងារ​សម្អាត​បរិស្ថាន គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្រុមការងារ​សម្អាត​រុក្ខជាតិ​តាម​ប្រាសាទ ដែល​ស្ថិតក្រោម​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជា​ក្រុមការងារ​ស្នួល ដែល​ឡើង​សម្អាត​រុក្ខជាតិ​នៅ​ទី​ខ្ពស់ៗ តាម​ប្រាសាទ និង​ជា​ចំណែក​ការពារ​ហានិភ័យ ដល់​ប្រាង្គ​ប្រាសាទ​ទាំងនោះ​។​
 
​មាន​កម្លាំង​សរុប​៣៥​នាក់ ក្រុមកម្មករ​សម្អាត​រុក្ខជាតិ តាម​កំពូល​ប្រាសាទ ដែល​សុទ្ធសឹង​ជា​បុរស និង​ជា​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​អង្គរ​។ ក្រុមការងារ​នេះ បានបង្ហាញ​របៀប​យ៉ាង​ជំនាញ ឡើង តោង ដោយ​ប្រើ​ខ្សែកាប ឡើងដល់​ចុង​កំពូល​ប្រាសាទ ដែលមាន​កម្ពស់​ស្ទើរ​ផុត​ចុងឈើ​ក៏មាន​។ 
 
​នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរធំ កាលពី​ចុងខែ មីនា កន្លងទៅ ក្រុម​សម្អាត​រុក្ខជាតិ​បាន​បំពេញការងារ ដោយ​ខ្លះ​ដាក់​ខ្សែ ជណ្ដើរ តោង​ឡើង​សម្រាប់​ទី​ទាប​ទី​ខ្ពស់ ដើម្បី​សម្អាត​រុក្ខជាតិ​ដែល​ដុះ​លើ​ថ្ម​ប្រាសាទ​។  លោក ងិន ធី ប្រធាន​ក្រុម​គ្រប់គ្រង​កម្មករ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ ក្នុង​តំបន់​អង្គរ បាន​និយាយថា ក្រុមការងារ​សម្អាត​សរុប​មាន​ចំនួន ៣៥​នាក់ ដោយ​បែងចែក​តាម​តំបន់​គោលដៅ​ចំនួន​៣ មាន​ក្នុង​តំបន់​អង្គរ តំបន់​រលួស ដូចជា​ប្រាសាទបាគង រលួស ព្រះ​គោ ព្រៃ​មន្ទីរ និង​តំបន់​ក្រៅ​អង្គរ មានដូចជា​បន្ទាយស្រី ភ្នំ​បូក​ជាដើម​។ 
 
​ដូច​កិច្ចការ​បរិស្ថាន​ដទៃទៀត​ដែរ ការសម្អាត​រុក្ខជាតិ​លើ​ប្រាសាទ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដែល​អាចធ្វើឱ្យ​ថ្ម​ប្រាសាទ បាក់​ធ្លាក់ ខូច​ទ្រង់ទ្រាយ ដោយសារ​ឫស​រុក្ខជាតិ​ចាក់​ញែក​ថ្ម ដែល​អាចឱ្យ​រលំ និង​ខូចខាត​។  ហើយ​ការងារ​នេះ ក៏​ដើម្បី​ថែរក្សា​ប្រាង្គ​ប្រាសាទ លើក​សោភ័ណភាព​ប្រាសាទ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ធី​។​


 
​មានការ​លើកឡើង​ពី​ហានិភ័យ ឬ​គ្រោះថ្នាក់ នៃ​ការឡើង​សម្អាត​ប្រាសាទ​នៅ​ទី​ខ្ពស់ៗ ដោ​យម​ធ្យោ បាយ​ប្រើ​ខ្សែ និង​ជណ្ដើរ​។ លោក ងិន ធី ទទួលស្គាល់ថា​វិធីសាស្ដ្រ​បែបនេះ មាន​ហានិភ័យ​ខ្ពស់​មែន តែ​ក្រុមកម្មករ​សុទ្ធ​តែមាន​ជំនាញ និង​បទពិសោធន៍ ពិសេស​ស្គាល់​ភូមិសាស្ដ្រ​ច្បាស់លាស់​។ លោក​ពន្យល់​ទៀតថា មធ្យោបាយ​ប្រើ​រន្ទា ដ្បិត​មាន​សុវត្ថិភាព​ខ្ពស់​ពិតមែន តែ​ត្រូវ​ចំណាយពេល​យូរ និង​កម្លាំង​ពលកម្ម​ទ្វេដង​។ លោក​ពន្យល់ថា​៖​​«​ការអនុវត្ត​ការងារ​ដំបូង​លើ​ការងារ​នេះ គឺ​ប្រើប្រាស់​រន្ទា​ឡើង តែ​វិធី​នេះ​ប្រើពេល​យូរ ដោយ​ត្រូវ​ដំឡើង ត្រូវ​រើ​ចុះ​វិញ បើ​និយាយ​ពី​សុវត្ថិភាព វា​សុវត្ថិភាព​ខ្ពស់​ហើយ តែ​វា​ក៏​ប៉ះពាល់​ដល់​កន្លែង​ទស្សនា​ភ្ញៀវ និង​ទេសភាព​វប្បធម៌​ក្នុង​តំបន់​ប្រាសាទ​ដែរ ទើប​ថ្នាកដឹកនាំ ឯកភាព​ជាមួយ​ក្រុមកម្មក​រ ជ្រើសរើស​មធ្យោបាយ​នេះ​»​។​
 
​កម្មករ​មួយរូប លោក លួ​ន ឡង ឱ្យដឹងថា លោក​ចូល​បម្រើ​ការងារ​នៅទីនេះ រយៈពេល​២០​ឆ្នាំ​ហើយ និង​បាន​ស្គាល់​ទីតាំង​ច្បាស់លាស់​។ ការប្រើ​ខ្សែ និង​ការដាក់​ជណ្ដើរ​ឡើង​តាម​ប្រាសាទ សម្អាត​រុក្ខជាតិ មាន​ភាពលំបាក និង​ហានិភ័យ​បន្ដិច​មែន តែ​លោ​កថា​វិធីសាស្ដ្រ​នេះ មាន​ភាព​រហ័ស និង​មិន​ប៉ះពាល់​សោភ័ណភាព​បរិស្ថាន ក្នុង​តំបន់​ប្រាសាទ​។ លោក​បញ្ជាក់ថា​៖«​បញ្ហា​ឡើង​មាន​ផល​លំបាក​ច្រើន តែ​យើង​ឡើង​តាម​កាលៈទេសៈ កន្លែង​ណា​អាច​ប្រើ​ជា​ជណ្ដើរ បោះ​ជា​ខ្សែ​ជួយ​ប្រតោង​ឡើយ ឱ្យ​ប្រយ័ត្ន​ខ្លួនឯង មិនត្រូវ​ប្រហែស​ទេ​។ ខ្ញុំ​ធ្លាប់​ធ្វើការ​យូរ​អាច​ដឹង​កន្លែង​ណា​មាន​សុវត្ថិភាព និង​មិនមាន​សុវត្ថិភាព ត្រូវ​ឡើង​កន្លែង​ដែល​អាច​ឡើង​បាន​»​។​
 
​លោក លួ​ន ឡង ពន្យល់​ពី​វិធីសាស្ដ្រ​ឡើង​សម្អាត​រុក្ខជាតិ លើ​ប្រាសាទ​បន្ថែមទៀតថា​៖«​ការដាក់​រន្ទា សុវត្ថិ​ភាពល្អ ស្រួល តែ​វា​យូរ រយៈពេល​យូរពេក​។ បើ​ដាក់​ខ្សែ​ជណ្ដើរ យើង​ឡើង​១០​នាក់​រួច ដាក់​រន្ទា​ប្រើ​ដល់​៥០​ទៅ​៦០​នាក់ ណាមួយ​ត្រូវ​ជញ្ជូន​រៀបចំ រៀប​ហើយ​រើ​ទៅវិញ យើង​សុខចិត្ត​ព្រមព្រៀងគ្នា​ថា​ដាក់​ជណ្ដើរ​វាស់​ខ្សែកាប​...»​។​
 
​រីឯ​លោក ដម ដេ​ង ដែល​ធ្វើការ​ជា​កម្មករ​សម្អាត​នេះ​តាំងពី​ឆ្នាំ​២០០១​មក ក៏​ចែករំលែក​បទពិសោធន៍ ក្នុង​ការឡើង​សម្អាត​ប្រាសាទ​ទី​ខ្ពស់ៗ​ដែរ​។ លោក​ប្រាប់ថា សំខាន់​គឺ​ស្គាល់​កន្លែង​ឱ្យ​ច្បាស់ ទីតាំង​ណា​ដែល​អាច ឬ​មិនអាច​ឡើង ដូចជា​កន្លែង​ថ្ម​ផុយ ងាយ​បាក់​ធ្លាក់​មកជា​ដើម និង​តាំងស្មារតី​ឱ្យបាន​ល្អ​ពេល​បំពេញការងារ​។ ការបំពេញ​ការងារ​នៅលើ​ប្រាសាទ​ខ្ពស់ៗ និង​កន្លែង​ខ្លះ​មាន​ជម្រាល ចោត មានការ​លំបាក​ខ្លាំង ពិសេស​នា​រដូវវស្សា​ដែល​ថ្ម​មាន​ដុះ​ស្លែ និង​ងាយ​រអិល ទាមទារ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕







Tag:
 ប្រាសាទ​
  សម្អាត​រុក្ខជាតិ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com