COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នករស់នៅ​ក្នុង​តំបន់​ក្រីក្រ​ប្រឈម​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ខ្ពស់ ដោយសារ​មិនមាន​លទ្ធភាព​ការពារ​ខ្លួន​
06, Apr 2020 , 7:59 pm        
រូបភាព
អ្នក​ស្រី​ បូ ផល្លី អង្គុយលក់​ស្វាយនៅ​មុខផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃអង្គារ​ ទី៣១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
អ្នក​ស្រី​ បូ ផល្លី អង្គុយលក់​ស្វាយនៅ​មុខផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃអង្គារ​ ទី៣១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ក្បែរ​របង​វត្ត​ប្រយូរវង្ស ដែលជា​វត្ត​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌចម្ការមន ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ មក​តាំង​ទីលំនៅ​ខាងក្នុង​បរិវេណ​វត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ពួកគេ​ជួល​ផ្ទះ ឬក៏​កាន់កាប់​ផ្ទះ​នៅទីនេះ​ជា​បណ្តុំៗ​នៅ​ជិតៗ​គ្នា​។​

 
​នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​ខ្លោងទ្វារវត្ត​អ្នកស្រី បូ ផល្លី  កំពុង​អង្គុយ​លក់​ស្វាយ​នៅខាងមុខ​ផ្ទះ​ដែល​ស្ថិតនៅក្នុង​វត្ត​នោះ កាលពី​រសៀល​មួយ​។ ប៉ុន្តែ​ស្ត្រី អាយុ​៥២​ឆ្នាំ នេះ​មិនបាន​ពាក់​ម៉ាស់​ការពារ​ខ្លួន​ទេ ខណៈ​កម្ពុជា​កំពុង​រាតត្បាត​ដោយ​វីរុស​កូ​រ៉ូ​ណា ដែល​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​
 
​អ្នកស្រី បូ ផល្លី បាន​ដើរ​ទៅយក​ម៉ាស់​ស្តើង​មួយ ដែល​អ្នកស្រី​ហាល​នៅខាងមុខ​ផ្ទះ បន្ទាប់ពី​បាន​ប្រើ​ហើយ និង​បោក​ហាល ដើម្បី​ប្រើ​ម្តងទៀត​។ ជាមួយ​ម៉ាស់​មួយ​នេះ អ្នកស្រី​បាន​យក​ក្រដាសអនាម័យ​ដាក់​ខាងក្នុង ដើម្បី​ជាការ​ការការពារ​បន្ថែ​ម​។  អ្នកស្រី​មានប្រសាសន៍ថា ម៉ាស់​និង​ទឹក​លាង​បាន​ឡើងថ្លៃ តាំងពី​វីរុស​កូ​រ៉ូ​ណា​បាន​វាយលុក​ពិភពលោក ហើយ​កម្ពុជា​ចាប់ផ្តើម​ព្រួយបារម្ភ​កាន់តែខ្លាំង​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​ថ្លៃ​ណាស់ ថ្លៃ​លើសលុប​មែនទែន​។ បើ​និយាយ​ពី​ថ្លៃ​នោះ  គ្មាន​លទ្ធភាព​នឹង​ការទិញ​ទេ​។ នេះ​អី​សុទ្ធតែ​គេ​ឲ្យ​ទេ​»​។​
 
​ខណៈ​មានការ​ព្រួយបារម្ភ​អំពី​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នៅ​កម្ពុជា ប្រជាពលរដ្ឋ​ត្រូវបាន​ណែនាំ​ឲ្យ​កាន់ខ្ជាប់​អនាម័យ និង​មាន​សម្ភារៈប្រើប្រាស់ ដូចជា​ម៉ាស់ និង​អាល់កុល​សម្អាត​ដៃ ដើម្បី​ចៀស​ផុតពី​ការឆ្លង​។ ប៉ុន្តែ​តំបន់​ក្រីក្រ ដែលមាន​ការរស់នៅ​ជិតៗ​គ្នា ដូច​កន្លែង​ដែល​អ្នកស្រី ផល្លី រស់នៅ​នេះ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ បន្ថែម​ពីនេះ​ទៀត ពួកគេ​មិនមាន​លទ្ធភាព​ទិញ​ម៉ាស់ និង​អាល់កុល​លាងដៃ ទេ ខណៈ​ការ​ចេញទៅ​ក្រៅ​ប្រកបមុខរបរ ជា​រឿង​សំខាន់​ដែល មិនអាច​ខាន​បាន​សម្រាប់​ពួកគេ​នោះ​។​
 
​តម្រូវការ​ម៉ាស់ និង​ទឹក​អាកុល​សម្រាប់​សម្អាត​ដៃ បាន​កើនឡើង បន្ទាប់ពី​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩ បាន​រាតត្បាត​ពេញ​សាកលលោក ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​សម្ភារៈ​ទាំងនោះ កើនឡើង​ខ្លាំង​ផងដែរ​។ នៅ​កម្ពុជា តម្លៃ​ម៉ាស់​បាន​ឡើង ដែល​ពីមុន​ធ្លាប់​មានតម្លៃ​តែ ៥០០​រៀល កើន​ទៅដល់ ២​ពាន់​រៀល​ក្នុង​ម៉ាស់ មួយ​ឬ​តម្លៃ ១​ម៉ឺន​រៀល​ក្នុង​មួយ​ប្រអប់ មកដល់​ជិត ៧​ម៉ឺន​រៀល​ក្នុង​មួយ​ប្រអប់​។​
 
​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ ប្រឈម​នឹង​ការឆ្លង​វីរុស​ថ្មី​មួយ​នេះ ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​សម្ភារៈ ដើម្បី​ការពារ​ខ្លួន​ពី​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ខណៈ​ការយល់ដឹង​នៅមានកម្រិត​នៅឡើយ​។​
 
 
​រស់នៅក្នុង​ផ្ទះ​ពីរ​ជាន់ ដែលមាន​ទទឹង​ប្រវែង​ជាង​៣​ម៉ែត្រ និង​បណ្តោយ​ប្រហែល​៦​ម៉ែត្រ​ដែល​អ្នកស្រី​ជួល​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយខែ អ្នកស្រី បូ ផល្លី រស់នៅ​ជាមួយ​កូនប្រុស វ័យ​ជំទង់ ២​នាក់ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​ម្តាយ​ចំណាស់​ម្នាក់ ជាង ១០​ឆ្នាំ​មកហើយ​។​
 
​អ្នកស្រី​អះអាងថា អ្នកស្រី​ជា​មន្ត្រីប៉ូលិស​ម្នា​ក់នៅ​ក្រសួងមហាផ្ទៃ ដែល​អាច​រកចំណូលបាន​ជាង​៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ប៉ុន្តែ​អ្នកស្រី​ថា ចំណូល​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ការចិញ្ចឹម​កូន និង​ម្តាយ​នៅក្នុង​បន្ទុក​នោះទេ ខណៈ​ចំណូល​មួយផ្នែកធំ​ត្រូវ​សងបំណុល​គេ​។​
 
​ទាក់ទង​នឹង​តម្លៃ​ម៉ាស់ អ្នកស្រី ផល្លី បាន​ថ្លែងប្រាប់ VOA នៅពេល​កំពុង​លក់​ស្វាយ​ថា​៖ «​គ្រាន់តែ​ឭ​ថា​បួន​ប្រាំ​ពាន់ លែង​ទិញ​បណ្តោយ​។ វា​ស្មើនឹង​អង្ករ​ពីរ​គីឡូ​ហើយ​ហ្នឹង​!​ឥឡូវ​ទិញ​ម៉ាស់​ហើយ ទិញ​អង្ករ​យក​មួយណា​?»
 
​អ្នកស្រី​រៀបរាប់​បន្តថា​៖ «​សុខចិត្ត​ថា​ទិញ​អង្ក​រហើយ  ព្រោះ​អី ទៅ​ទិញ​ម៉ាស់​យ៉ាងម៉េច​?​ទិញ​ម៉ាស​យើង​ការពារ​បាន ប៉ុន្តែ​ឧបមា​យើង​អត់​មានលទ្ធភាព​ក្នុង​ការទិញ​អង្ករ​ញ៉ាំ អាហ្នឹង​ចំពោះ​អ្នកក្រ​ទេ​ណា៎ តែ​បី​បួន​ថ្ងៃ បើ​មិន​ដួល​គ្រឹប​មុន​កូ​រ៉ូ​ណា​ហ្នឹង​ទៀត​»​។​
 
​ទោះជា​យ៉ាងណា អ្នកស្រី បូ ផល្លី ក៏បាន​ទិញ​អាល់កុល​កន្លះ​លីត្រ ដែលមាន​តម្លៃ ៣,៥​ដុល្លារ ដើម្បី​ចែកជា​មួយ​កូនៗ​របស់​អ្នកស្រី ក្នុងការ​ប្រើប្រាស់​ពេលដែល​ពួកគេ​ចេញពីផ្ទះ​ដើម្បី​បញ្ចៀស​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​
 
​ប៉ុន្តែ​អ្នកស្រី​មិនមែន​ប្រើ​អាល់កុល​គ្រប់ពេល​នោះទេ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​គ្រាន់តែ​ប្រាប់​កូន​ថា​អាហ្នឹង​ចាំបាច់ ពេល​ចេញទៅ​ក្រៅ​អី ចាំ​យកមកប្រើ​។ នៅផ្ទះ​យើង​ដុស​តែ​សាប៊ូ​ហើយ​និង​ក្រូចឆ្មារ​ហ្នឹង​ទៅ ហើយ​មុជទឹក​ឲ្យ​ញឹកញាប់​អ៊ីចឹងទៅ​»​។​


អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
 
​នៅ​ជិត​ខ្លោងទ្វារវត្ត​ដែល​អ្នកស្រី បូ ផល្លី រស់នៅ បុរស​ចំណាស់​មួយក្រុម​ដែលមាន​គ្នា ៦​នាក់​កំពុង​អង្គុយ​លេងបៀរ ដោយមាន​មនុស្ស​ពីរ​បីនាក់​ឈរ​មើ​លពី​ខាងក្រោយ​។ ពួកគាត់​ហាក់ដូចជា​មិនបាន​ខ្វាយខ្វល់​ពី​ការរក្សា​គម្លាត​ពីគ្នា តាម​សារ​អប់រំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​បាន​ឆ្លង​នៅ​កម្ពុជា​ទៅដល់ ១១៤​ករណី បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។ 
 
​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​បុរស​ជនបរទេស ៤​នាក់​ទៀត បាន​ឆ្លង​វីរុស​នេះ​។​នេះ​បង្កើន​ការព្រួយបារម្ភ​បន្ថែមទៀត​នៅ​កម្ពុជា ដោយសារ​មានការ​ប្រកាស​រកឃើញ​វីរុស​នេះ​ជា​បន្តបន្ទាប់​។​
 
​យោងតាម​ធនាគារពិភពលោក ប្រជាជន​កម្ពុជា​ប្រមាណ ៤,៥​លាន​នាក់ នៅតែ​អាច​ធ្លាក់​ក្នុង​ភាពក្រីក្រ​វិញ ទោះជា​អត្រា​ភាពក្រីក្រ​បាន​ធ្លាក់​ពី ៤៧​ភាគរយ​ក្នុង​ឆ្នាំ ២០០៧ មក ១៣​ភាគរយ​ក្នុង​ឆ្នាំ ២០១៤​។​
 
​កំពុង​អង្គុយ​ធ្វើ​ទឹកត្រី​សម្រាប់​គុយទាវ​ឆា​និង​បបរ​ដែល​អ្នកស្រី​លក់​នៅខាងមុខ​ផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស អ្នកស្រី លុយ សា​វី ក៏​មិនមាន​ពាក់​ស​ដូច​អ្នកស្រី បូ ផល្លី ដែរ​។​
 
​ស្ត្រី​អាយុ ៦៨​ឆ្នាំនេះ​មានប្រសាសន៍ថា សព្វថ្ងៃ អ្នកស្រី​នៅសល់​ម៉ាស់​តែមួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ព្យួរទុក​ជាមួយ​ខោអាវ​ផ្សេងៗ​។​
 
​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​ថា​៖ «​ពេលខ្លះ​ខ្ញុំ​អត់លុយ ខ្ញុំ​អត់​គ្រវាត់ចោល​ទេ​។ ពាក់​ម្តង​អ៊ីចឹង ខ្ញុំ​បោក​ឲ្យ​ស្អាត​ហាលថ្ងៃ​ទៅ ខ្ញុំ​យកមក​រលាស់ៗ ពាក់​ទៀត​»​។​
 
​អ្នកស្រី​មានប្រសាសន៍​បន្តថា​៖ «​អា​ពីរ​ប្រាំ​រយ​ហ្នឹង​សុទ្ធតែ​ពីរពាន់​បី​ពាន់​។ តែបើ​អត់ ទាល់តែ​ទិញ​ដែរ​ហ្នឹង​!​ជួនកាល​កន្សែងពោះគោ កន្សែង​ស្តើង​ហ្នឹង តែ​ដល់​ដំណាក់កាល​អត់លុយ​កន្សែង​ស្តើង​ហ្នឹង ក្រវាត់​ច្រមុះ​មាត់​យើង​ទៅ​ផ្សារ​។​នៅផ្ទះ​អត់​ពាក់​ទេ​»​។​


អ្នក​ស្រី លុយ សារី កំពុង​ធ្វើ​ទឹកត្រី​ក្នុង​ផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃអង្គារ​ ទី៣១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
 
​អ្នកស្រី​រស់នៅ​ជាមួយ​ចៅប្រុស​ម្នាក់ អាយុ ១២​ឆ្នាំ និង​អាច​រក​ចំណូល​ពី​ការលក់​បបរ និង​គុយទាវ​ឆា​ក្នុង​បរិវេណ​វត្ត​នេះ​បាន ៨​ម៉ឺន​រៀល​មួយថ្ងៃ​។ 
 
​ទាក់ទិន​នឹង​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​បាន​រីក​រាលដាល​ក្នុង​ពិភពលោក ហើយ​កម្ពុ​ជាមាន​ជាង ១០០​ករណី​នោះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មិនមាន​ជីវភាព​ធូរធារ បារម្ភ​អំពី​ថ្លៃ​ព្យាបាល បើសិនជា​ពួកគេ​ឆ្លង​វីរុស បើទោះជា​រដ្ឋាភិបាល​ធ្លាប់​ប្រកាសថា ការព្យាបាល​មិន​គិតថ្លៃ​ក៏ដោយ​។​រហូតមកដល់​ពេលនេះ ក្រសួងសុខាភិបាល​បានប្រកាសថា មិនមាន​ករណី​ស្លាប់​ដោយសារ​វីរុស​នេះ​ទេ នៅ​កម្ពុជា​។ ហើយ​កម្ពុជា​បាន​ព្យាបាល​ជាសះស្បើយ​ទៅដល់ ៣៥​នាក់​ហើយ​រហូតមកដល់​ថ្ងៃ​សុក្រ​នេះ​។​
 
​អ្នកស្រី លុយ សារី ក៏បាន​បង្ហាញ​ក្តីបារម្ភ​ខ្លាច​ឆ្លង​វីរុស​នេះដែរ​។​
 
​អ្នកស្រី​បញ្ជាក់ថា​៖ «​បារម្ភ គិតថា​ខ្លា​ចវា​ឆ្លង ខ្លាច​វា​កើត​អ៊ីចឹង​ដែរ​។​យើង​វា​ក្រ អត់លុយ ខ្លាច​ឈឺ​ទៅ មាន​លុយ​ឯណា​មើលខ្លួន​?​ចេះ​គិត​អ៊ីចឹង​ដែរ​ណា៎​អូន​»​។​
 
​លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មានប្រសាសន៍ថា លោក​បារម្ភ​អំពី​ហានិភ័យ​ខ្ពស់​ដែល​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រីក្រ ដោយសារ​ពួកគេ​មិនមាន​ចំណេះដឹង និង​មិនមាន​លទ្ធភាព​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​នេះ​។ លោក​មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ពួកគេ​ឲ្យ​បាន​ច្រើន​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖ «​ថា​យើង​យកទៅ​បោក​ទឹក​ហើយ​ប្រើ​បាន​ទៀត​នេះ​ខ្ញុំ​មិន​ជឿថា វា​អាចមាន​គុណភាព​ដូច​របស់​ដើម​របស់​វា​ទេ​បាទ​។ វា​អាចធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ដែរ​បាទ​»​។​
 
​លោក​បន្តថា​៖ «​អ៊ីចឹង​នេះ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋនៅក្នុង​ការគិត​គូរ​អំពី​អនាម័យ អំពី​សុខភាព​របស់គាត់​បាទ​។ ជា​បញ្ហាសំខាន់ ហើយ​សម្ភារៈប្រើប្រាស់​»​។​


ផ្ទះ​ប្រជាជន​នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)


ក្លោងទ្វារ​វត្ត​ប្រយូរវង្ស​ត្រូវ​បាន​ថតនៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
 
​អ្នករកស៊ី​តាម​ដងផ្លូវ ដែល​ជីវិត​ពឹង​ផ្អែកលើ​ចំណូល​មួយថ្ងៃៗ កាន់តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ខ្ពស់ ដោយសារ​ការការពារ​មិនមែនជា​ជម្រើស​ចាំបាច់​សម្រាប់​ពួកគេ​។​អ្វីដែល​សំខាន់​នោះ គឺ​ការ​ចេញទៅ​រកស៊ី​នៅ​ខាងក្រៅ​។ ប៉ុន្តែ​ប្រជាជន​ត្រូវបាន​ណែនាំ​ឲ្យ​នៅផ្ទះ ប្រសិនបើ​មិនចាំបាច់​ទៅខាង​ក្រៅ​។  នេះ​នាំ​ឲ្យ​ការរកស៊ី​របស់​ពួកគេ កាន់តែ​ធ្លាក់ចុះ ហើយ​ចំណូល​កាន់តែ​លែងមាន​។​
 
​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការព្យាបាល​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស​កម្ពុជា គឺ​មិន​គិតថ្លៃ​នោះទេ​សម្រាប់​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​ដែល​កើត​ជំងឺ​នេះ​។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ទិញ​ក្រមា ម៉ាស់ ឬ​ទឹក​លាងដៃ​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​តាម​សហគមន៍​ផងដែរ​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ម្ចាស់​ឱសថស្ថាន​នានា ដែល​លក់​ម៉ាស់​តម្លៃ​ថ្លៃ និង​ថា បើ​ពួកគេ​នៅតែ​បន្ត​លក់​ម៉ាស់​តម្លៃ​ថ្លៃ​អាជ្ញាធរ​នឹង​រឹបអូស​ម៉ាស់​ទាំងនោះ​ហើយ​អាច​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​រហូត​។​
 
​លោក ហ៊ុន សែន មានប្រសាសន៍ថា​៖«​បើ​អ្នកឯង​នៅតែ​បន្ត​ឡើងថ្លៃ ទៅ​រឹបអូស​យកមក​។​ដាក់​បញ្ជា​រឹបអូស​យក​ហ្មង​!​ទម្លាក់​ថ្លៃ​»​។​
 
​នៅ​សប្តាហ៍​នេះ  រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ទិញ​ម៉ាស់​ចំនួន ៥​លាន​២​សែន ពី​ក្នុងស្រុក និង​ក្រៅប្រទេស ដើម្បី​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ និង​មន្ទីរពេទ្យ​មួយចំនួន​។​
 
​ចំណែក​ក្រសួងសុខាភិបាល​បាន​បង្ហោះ​សារ​ដែលមាន​ជា​រូបភាព​និង​វីដេអូ​ស្តីអំពី​ការលាង​សម្អាត​ដៃ ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​ពីគ្នា​ជាដើម នៅតាម​បណ្តាញ​សង្គម​។ អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត ក៏បាន​ប្រកាស​សារ​តាម​ឧបករណ៍​បំពង​សំឡេង​ចល័ត​តាម​រថយន្ត ឬ​ម៉ូតូ​នៅតាម​ផ្លូវ​ផងដែរ ជាការ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​។​
 
​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​បាន​និយាយប្រាប់ VOA តាម​ប្រព័ន្ធ​Whatsapp កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​ជំងឺ​នេះ​។​
 
​ក្រៅពី​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ខ្លួន​អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ប្រទេស​ទាំងអស់​បន្តធ្វើ​តេស្តរ​ក​វីរុស​កូ​រ៉ូ​ណា​នេះ ហើយ​ការធ្វើ​តេស្ត​កាន់តែច្រើន ស្វែងរក​អ្នក​ដែលមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​អ្នក​ឆ្លង​វីរុស និង​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក ជា​វិធី​ដែល​ល្អ​បំផុត​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ​។​
 
​នៅ​សប្តាហ៍​នេះ លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល បាន​ថ្លែងថា​ក្រសួង​បានធ្វើ​តេស្ត​មនុស្ស​ជាង ៤​ពាន់​នាក់ នៅក្នុង​ស្រុក​រហូតមក​ដល់ពេលនេះ ដោយ​មិន​រាប់បញ្ចូល​នាវា​កម្សាន្ត​អន្តរជាតិ​ដែល​សុំចូល​ចត​នៅ​កម្ពុជា​កាលពី​កន្លងទៅ ក្រោយ​មានការ​បដិសេធ​ពី​ប្រទេស​មួយចំនួន​។​
 
​ត្រឡប់​ទៅ​អ្នកស្រី បូ ផល្លី ដែល​រស់នៅក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស​វិញ​អ្នកស្រី​សង្ឃឹមថា អ្នកស្រី និង​អ្នកភូមិ​នៅទីនេះ នឹង​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល ដូចជា​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ការចែក​សម្ភារៈ​ការពារ​ខ្លួន ដូចជា​ម៉ាស់ ទឹក​លាងដៃ ឬ​ឧបករណ៍​ពិនិត្យ​កម្តៅ​ជាដើម​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​គាត់​(​ប្រជាពលរដ្ឋ​)​អត់​អាច​សម្ងំ​នៅក្នុង​ផ្ទះ​គេច​ពី​អា​កូ​រ៉ូ​ណា​ហ្នឹង​បានទេ​។  អ៊ីចឹង​គាត់​ត្រូវ​បង្ខំចិត្ត​ទៅធ្វើ​ការងារ​លក់ដូរ​ល​ក់អី ហើយ​គាត់​ប្រឈមមុខ​ច្រើន​ដែរ​។ ដូច្នេះ​បើសិនជា​អាច​បង​សំណូមពរ​ទៅកាន់​រដ្ឋាភិបាល គ្រប់​ស្ថាប័ន​ទាំងអស់ ឲ្យ​គាត់​មកជួយ​តំបន់​នៅ​វត្ត​ប្រយូរវង្ស​ហ្នឹង​ឲ្យ​គាត់​ជួយ​បាញ់ថ្នាំ បាញ់​អី​សម្លាប់​ទៅ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com