COVID-19
អន្តរជាតិ
១០​ថ្ងៃក្រោយ​ឆ្លង COVID-19 នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវ​បញ្ជូនទៅ​ពេទ្យ​
06, Apr 2020 , 10:19 am        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក បូរី​ស ច​ន​សុន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​៥ ខែមេសា សម្រាប់​ការធ្វើ​តេស្ត​។ ការិយាល័យ​លោក បញ្ជាក់​បែបនេះ ១០​ថ្ងៃក្រោយ​ប្រមុខ​រដ្ឋាភិបាល​រូបនេះ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ COVID-19 ។​

 
​លោក ច​ន​សុន បានប្រកាសថា លោក​មាន​រោគសញ្ញា COVID-19 ស្រាល កាលពី​ថ្ងៃទី​២៧ ខែមីនា ហើយ​លោក​បានដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​នៅផ្ទះ​សម្រាប់​នាយករដ្ឋមន្ត្រី Downing Street រយៈពេល​៧​ថ្ងៃ​។ នាយករដ្ឋមន្ត្រី​វ័យ​៥៥​ឆ្នាំ​រូបនេះ បានកំណត់​ពេលវេលា​ត្រលប់​ចូលធ្វើការ​ឡើងវិញ កាលពី​ថ្ងៃ​៣ ខែមេសា បន្ទាប់​ពីមួយ​សប្តាហ៍​នៃ​ការធ្វើការ​ពី​ផ្ទះ​។ ក៏ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា នឹង​បន្ត​សម្រាក​នៅផ្ទះ ព្រោះ​នៅតែមាន​កម្តៅ​ខ្ពស់ ដែលជា​រោគសញ្ញា​មួយ​នៃ​ជំងឺ COVID-19 ។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​៥ ខែមេសា ការិយាល័យ​លោក ច​ន​សុន បាន​បញ្ជាក់ថា​ដូច្នេះ​ថា​៖«​ក្រោយ​ទទួល​យោបល់​ពី​គ្រូពេទ្យ លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​នៅ​យប់​នេះ​»​។ បើតាម​ទីភ្នាក់ងារ AFP សេចក្តីថ្លែងការណ៍​ដដែល​សង្កត់ធ្ងន់ថា​៖«​នេះ​គឺជា​ចំណាត់ការ​បង្ការ​ទុកជាមុន ខណៈ​លោកនាយក​រដ្ឋមន្ត្រី បន្ត​មាន​រោគសញ្ញា COVID-19 ១០​ថ្ងៃក្រោយ​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះ​»​។​
 
​ដោយឡែក រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស Matt Hancock បាន​ត្រលប់​ទៅធ្វើ​ការធម្មតា​វិញ កាលពី​ថ្ងៃ​សុក្រ ក្រោយ​សម្រាក​នៅផ្ទះ​មួ​យស​ប្តា​ហ៍ បន្ទាប់ពី​ឆ្លង COVID-19​។ ប្រាប់​ទូរទស្សន៍ Sky News កាលពី​ថ្ងៃទី​៥ ខែមេសា លោក​រដ្ឋមន្ត្រី Hancock បានបញ្ជាក់​ពី​ស្ថានភាព​សុខភាព​លោក ច​ន​សុន ដោយ​អះអាងថា​៖«​លោក (​នាយករដ្ឋមន្ត្រី​) មាន​សុខភាព​ធម្មតា​. ខ្ញុំ​ជជែក​ពិភាក្សា​ជាមួយ​លោក​ជា​រៀងរាល់ថ្ងៃ​»​។ 
 
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បានបញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​នា​សេត​វិមាន​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​ថា លោក​សង្ឃឹមថា លោក​ច​ន​សុន នឹង​ជាសះស្បើយ​ពី COVID-18 ឆាប់ៗ​នេះ​។ លោក​អះអាង​ដូច្នេះ​ថា​៖«​លោក (​ច​ន​សុន​) គឺជា​មិត្តភក្តិ​ខ្ញុំ ហើយ​លោក​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​។ លោក​ជា​បុរស​ខ្លាំង និង​មនុស្ស​ខ្លាំង​។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​និង​ប្រាកដ​ក្នុង​ចិត្ត​ថា លោក​នឹងមិន​មានរឿង​អ្វី​ឡើយ​»​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា ចក្រភព​អង់គ្លេស មាន​ករណី​ឆ្លង COVID-19 សរុប ៤៧៨០៦​នាក់ ក្នុងនោះ​ជាសះស្បើយ ១៣៥​នាក់ ខណៈ​អ្នក​ស្លាប់មាន​៤៩៣៤​នាក់​។ ករណី​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​១៥៥៩​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ចក្រភព​អង់គ្លេស​
  បូរី​ស ច​ន​សុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com