រដ្ឋាភិបាលថៃ បានព្រមានមន្ទីរពេទ្យឯកជនមិនឲ្យផ្ងើវិក្កយបត្រថ្លៃព្យាបាល COVID-19 ទៅកាន់អ្នកជំងឺ ឫគ្រួសារអ្នកជំងឺឡើយ។ នេះក៏ព្រោះតែថ្លៃចំណាយទាំងអស់នោះនឹងត្រូវទូទាត់ដោយរដ្ឋាភិបាល។ នេះយោងតាមកាសែត Bangkok Post ។
សេចក្តីព្រមានមន្ទីរពេទ្យឯកជនពាក់ព័ន្ធការយកថ្លៃព្យាបាល ត្រូវបានបង្ហោះលើទំព័រ ហេ្វសប៊ុករដ្ឋាភិបាលថៃ បន្ទាប់ពីមានការបណ្តឹង ដែលថា អ្នកជំងឺCOVID-19 សម្រាកនៅមន្ទីរពេទ្យឯកជនមួយ តម្រូវឲ្យបង់ថ្លៃព្យាបាល និងសេវា។ដែលក្នុងករណីខ្លះមានតម្លៃលើស១សែនបាត(ជាង៣០០០ដុល្លារ)។
រដ្ឋាភិបាលថៃបានប្រាប់មន្ទីរពេទ្យឯកជន ឲ្យរក្សាកំណត់ត្រាថ្លៃព្យាបាល និងផ្ងើទៅកាន់ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ។ បទបញ្ជាស្តីពីការទូទាត់សងចំណាយខាងលើ ដែលព្រាងដោយរដ្ឋមន្ត្រីសុខាភិបាល និងទទួលបានការយល់ព្រមពីគណៈរដ្ឋមន្ត្រី នឹងមានសុពលភាពនាពេលខ្លីខាងមុខ។
គួរបញ្ជាក់ផងដែរថា តាំងតែពីដើមខែធ្នូមក នាយកដ្ឋានគាំទ្រសេវាសុខាភិបាល ទទូចឲ្យថ្លៃព្យាបាលជំងឺ COVID-19 ត្រូវរ៉ាប់រងក្រោមបេឡារបបសន្តិសុខសុខាភិបាល។ ការរ៉ាប់រងថ្លៃព្យាបាល នឹងត្រូវធ្វើឡើងទាំងស្រុង ឫមួយផ្នែកអាស្រ័យតាមប្រភេទរបបបេឡាដែលទទួលរ៉ាប់រងប្រជាពលរដ្ឋ។ នៅថៃ បុគ្គលិកក្នុងវិស័យឯកជនត្រូវរ៉ាប់រងដោយបេឡារបបសន្តិសុខសង្គម ចំណែកមន្ត្រីរាជការត្រូវរ៉ាប់រងដោយរបបសុខមាលភាព និងប្រជាពលរដ្ឋ ត្រូវរ៉ាប់រងដោយរបបសកលដែលមាន« បណ្ណមាស»។
ពលរដ្ឋថៃដែលមាន «បណ្ណមាស» ទទួលបានការព្យាលបាលជំងឺ COVID-19 ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី២ ខែមេសា។ ការិយាល័យសន្តិសុខសុខាភិបាលជាតិ ក៏បានចេញផ្សាយផងដែរនូវសេចក្តីជូនដំណឹងស្តីពីបទបញ្ញត្តិ និងការទូទាត់សង ថ្លៃ និងសេវាព្យាបាលជំងឺ COVID-19 ដែលទទួលបានការអនុញ្ញាតដោយគណៈគ្រូពេទ្យ។
ដោយឡែក អ្នកជំងឺដែលមិនសម្រាកនៅមន្ទីរពេទ្យ ការិយាល័យសន្តិសុខសុខាភិបាលនឹងចេញថ្លៃពិនិត្យតេស្ត COVID-19 និងឧបករណ៍ការពារខ្លួនដែលមានតម្លៃសរុបមិនលើសពី៣ពាន់បាត (ជាង ៩០ដុល្លា)។
សេចក្តីជូនដំណឹងក៏រួមបញ្ចូលថ្លៃរ៉ាប់រងសម្រាប់អ្នកសម្រាកនៅមន្ទីរពេទ្យ ដែលក្នុងនោះការរ៉ាប់រងថ្លៃឱសថមានតម្លៃ ៧២,០០០បាត (ជាង ២,២០០ដុល្លារ) និងថ្លៃស្នាក់នៅ ដែលមានតម្លៃ ២,៥០០ដុល្លារ(ជាង ៧៥ដុល្លារ) ក្នុងមួយយប់។
ផ្អែកតាមសេចក្តីជូនដំណឹងខាងលើ បើសិនជាអ្នកជំងឺស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជន ការទូទាត់សងចំណាយព្យាបាល នឹងត្រូវធ្វើស្របតាមបទបញ្ញតិ្តរបស់ក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃទី៥ ខែមេសា ថៃមានអ្នកឆ្លងជំងឺCOVID-19 ចំនួន ២,១៦៩ករណី ស្លាប់ចំនួន២៣ករណី និងជាសះស្បើយចំនួន ៦៧៤ករណី៕